អន្តរជាតិ
ចិន ចោទ​អឺរ៉ុប​ថា​«​ពុតត្បុត​» ព្រោះ​រិះគន់​បញ្ហា​ហុងកុង តែ​មិន​និយាយ​ពី​បាតុកម្ម​នៅ​អេ​ស្ប៉ា​ញ​និង​ស៊ី​លី​
23, Oct 2019 , 4:19 pm        
រូបភាព
ក្រុមបាតុករកំពុងប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច នៅក្បែរទីស្នាក់ការកណ្តាលប៉ូលីស នៅទីក្រុងបាសេឡូណា (Barcelona)
ក្រុមបាតុករកំពុងប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច នៅក្បែរទីស្នាក់ការកណ្តាលប៉ូលីស នៅទីក្រុងបាសេឡូណា (Barcelona)
​ចិន បាន​ទាញយក​ករណី​បាតុកម្មហិង្សា​នៅក្នុង​ប្រទេស​អឺរ៉ុប និង​អាមេរិក​ខាងត្បូង ដើម្បី​ទិតៀន​ទៅលើ​ការតវ៉ា និង​គ្រប់គ្រង​ស្ថានការណ៍​បាតុកម្ម​ក្នុង​ហុងកុង​។ ការណ៍​នេះ ត្រូវបាន​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង រិះគន់​អឺរ៉ុប​ថា «​លាក់ពុត​» ទាក់ទិន​នឹង​រឿង​បាតុកម្ម​នៅ​ហុងកុង ខណៈពេល​បាតុកម្ម​នៅក្នុង​តំបន់​កាតា​ឡូ​ញ៉ា​របស់​អេ​ស្ប៉ា​ញ និង​ស៊ី​លី មិន​ត្រូវបាន​អឺរ៉ុប​អើពើ​។


​ចលនា​បាតុកម្ម​នៅក្នុង​ប្រទេស​ស៊ី​លី (Chile) និង​កាតា​ឡូ​ញ៉ា (Catalonia) នៅ​អេ​ស្ប៉ា​ញ កាន់តែ​បញ្ឆេះ​កំហឹង​រដ្ឋាភិបាល​ចិន​ថែមទៀត​រហូត​រិះគន់ថា អឺរ៉ុប «​ពុតត្បុត​» ព្រោះ​គិតតែ​រិះគន់​លើ​បញ្ហា​ផ្ទៃក្នុង​របស់​ចិន ប៉ុន្តែ​មិន​មើល​បញ្ហា​នៅ​ក្នុងផ្ទះ​របស់ខ្លួន និង​នៅ​ស៊ី​លី​។

​បាតុកម្ម​ទាំងពីរ​នេះ ក្លាយជា​របៀបវារៈ​ដែល​ចិន​វាយបក​លើ​អឺរ៉ុប​។ ដោយ​សំដៅ​បាតុកម្ម​នៅ​តំបន់​កាតា​ឡូ​ញ៉ា ស៊ី​លី និង​នៅ​ទីក្រុង​ឡុង​ដ៍​ផង​នោះ ប្រមុខ​ការទូត​ចិន វ៉ាង យី (Wang Yi) បានលើកឡើង​ក្នុង​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី ២១ ខែតុលា ថា​៖ « យើង​ឃើញ​អំពើហិង្សា​នាពេល​បច្ចុប្បន្ន​នៅក្នុង​ទីក្រុង​ហុងកុង កំពុង​កើតឡើង​នៅក្នុង​កន្លែង​ដទៃ​។ នៅ​កាតា​ឡូ​ញ៉ា បាតុករ​ប្រកាស​ក្ដែ​ងៗ​ថា ហុងកុង​ទី​ពីរ នឹងត្រូវ​បង្កើត​ឡើយ ហើយ​បាតុករ​នៅ​ហុងកុង បាន​ជំរុញ​ចិត្ត​ពួកគេ​»​។

​ត្រង់ចំណុច​នេះ រដ្ឋមន្ត្រីការបរទេស​ចិន ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​នៅក្នុង​ប្រទេស​ផ្សេង ស្វែងយល់​ពី​បញ្ហា​នៅក្នុង​ហុងកុង​ច្បាស់​។
​ទាក់ទិន​ទៅនឹង​បញ្ហា​ខាងលើ កន្លងមក​ទីក្រុង​ប៉េកាំង បាន​ចោទ​បាតុករ​ទីក្រុង​ហុងកុង​ថា ជា​សកម្មភាព​បង្ក​ភេ​វក​ម្ម និង​មាន​រដ្ឋាភិបាល​បរទេស​ជួយ​ជ្រោមជ្រែង​នៅ​ពីក្រោយ​។ ដោយឡែក​មន្ត្រីប៉ូលិស​វិញ ត្រូវបាន​ក្រុមបាតុករ​ចោទថា ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​រយៈពេល​ជិត ៥​ខែ​កន្លងមក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​មិន​ត្រឹមតែ​ហុងកុង​ទេ ដែល​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋបាល​ថ្នាក់លើ ប៉ុន្តែ​នៅមាន​កន្លែង​ផ្សេងទៀត​ដូចជា តំបន់​កាតា​ឡូ​ញ៉ា និង​ប្រទេស​ស៊ី​លី​ជាដើម​។ ពិតណាស់ នៅក្នុង​តំបន់​ស្វយ័ត​កាតា​ឡូ​ញ៉ា បាតុកម្ម​ផ្តាច់​ទឹកដី​ពី​រដ្ឋបាល​របស់​ទីក្រុង​ម៉ា​ឌ្រី​ដ បានធ្វើ​ឡើងជា​យូរ​មកហើយ ដោយមាន​អ្នកខ្លះ​ត្រូវ​ជាប់គុក ហើយ​មនុស្ស​មួយចំនួនទៀត​ក៏​រួចខ្លួន​។

​ចំណែក​នៅ​ប្រទេស​ស៊ី​លី​ឯណោះ​វិញ​ក៏​មិន​អន់​ដែរ បាតុកម្មហិង្សា​បាន​បង្ក​ឲ្យ​ប្រជាជន​ច្រើនជាង ១០​នាក់​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​របួស​។ ដើមចម​នៃ​ព្រឹត្តិការណ៍​នេះ គឺ​ប្រជាជន​តវ៉ា​ប្រឆាំង​ទៅនឹង​ការដំឡើង​តម្លៃ​រថភ្លើង​ក្រោម​ដី ហើយ​ប្រជាជន​បាន​យក​កំហឹង​ទាំងនេះ ទៅ​ប្រឆាំងនឹង​យោធា និង​ប្រធានាធិបតី​ថែមទៀត​។ ជាការ​ឆ្លើយតប រដ្ឋាភិបាល​បានបញ្ជាក់​ថា ការដំឡើងថ្លៃ​នេះ កើតឡើង​ដោយសារតែ​តម្លៃ​ប្រេង​ឡើងថ្លៃ និង​រូបិយ​បណ្ណ​ក្នុងស្រុក​ចុះខ្សោយ​។​

អត្ថបទទាក់ទង

​ក្នុងន័យ​ឌឺដង​ដាក់​ក្រុម​ប្រទេស​អឺរ៉ុប អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន អ្នកស្រី Hua Chunying បាន​និយាយ​នៅ​ថ្ងៃទី​២១ ខែតុលា​ថា រដ្ឋាភិបាល​អឺរ៉ុប​ប្រតិកម្ម​លើ​ក្រុមបាតុករ​នៅ​តំបន់​កាតា​ឡូ​ញ៉ា និង​ទីក្រុង​ឡុង​ដ៍​កន្លងមក ដើម្បី​គ្រាន់តែ​បង្ហាញថា ជា​ប្រទេស​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្វី ដែល​ផ្ទុយ​ពីនេះ រដ្ឋាភិបាល​អឺរ៉ុប​យក​លេស ដើម្បី​ជ្រែ​ត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ទីក្រុង​ហុងកុង​យ៉ាងច្បាស់​៕ 

Tag:
 ចិន​
  ហុងកុង​
  អេ​ស្ប៉ា​ញ​
  ស៊ី​លី
© រក្សាសិទ្ធិដោយ thmeythmey.com