កីឡាអន្តរជាតិ
អន្តរជាតិ
De La Hoya រងបណ្តឹងហិង្សាផ្លូវភេទ តែលោកថានេះជាការបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនប៉ុណ្ណោះ 24, Oct 2019 , 10:19 am
× Oscar De La Hoya អតីតម្ចាស់ខ្សែក្រវាត់ប្រដាល់ពិភពលោក ៦ស្ថាប័ន ត្រូវចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទលើស្ត្រីម្នាក់នៅផ្ទះរបស់ខ្លួនកាលពីឆ្នាំ ២០១៧។ យ៉ាងណា អ្នកផ្គូផ្គងកីឡាប្រដាល់សកលដ៏ល្បីល្បាញរូបនេះ តបថានេះជាបណ្តឹងក្លែងបន្លំ ដោយមានគោលដៅបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនប៉ុណ្ណោះ។
ឯកសាររបស់តុលាការបានបង្ហាញថា Oscar វ័យ៤៦ឆ្នាំ ប្រឈមនឹងពាក្យបណ្តឹងក្នុងបទចោទបៀតបៀនផ្លូវភេទ អំពើហឹង្សាផ្លូវភេទ ប្រមាទ និងការធ្វើទុក្ខទោសផ្លូវអារម្មណ៍យ៉ាងខ្លាំង។
ស្ត្រីដែលនៅពីក្រោយការចោទប្រកាន់នេះមានអាយុ៣១ឆ្នាំ ហើយនាងក៏ធ្លាប់មានទំនាក់ទំនងផ្លូវភេទដោយមានការព្រមព្រៀងគ្នាផងជាមួយ De La Hoya កាលពីឆ្នាំ២០១៧ នោះដែរ។
អ្នកនាំពាក្យរបស់ De La Hoya អះអាងថាការចោទប្រកាន់នេះគឺមិនពិតទាំងស្រុងឡើយ ខណៈពាក្យបណ្តឹងខាងលើត្រូវបានធ្វើឡើងទៅតុលាការស៊ីវិល ហើយស្ត្រីដែលមិនបញ្ចេញឈ្មោះគ្រាន់តែចង់បានសំណងខូចខាតជាប្រាក់ពី De La Hoya ប៉ុណ្ណោះ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ Golden Boy Promotions ដែលជាក្រុមហ៊ុនផ្គូផ្គងកីឡាប្រដាល់ដ៏ល្បីឈ្មោះរបស់ De La Hoya បណ្តឹងរបស់ស្ត្រីខាងលើគឺមិនសមហេតុផលឡើយ។ «Oscar ជាអ្នកជំនួញដែលទទួលបានជោគជ័យខ្លាំងដោយបានដឹកនាំក្រុមហ៊ុនកីឡា និងការកម្សាន្តឈានមុខគេមួយនៅអាមេរិក ដូច្នេះនេះជាគោលដៅចំបងក្នុងការប្តឹងផ្តល់របស់ស្ត្រីនោះ។ យើងបដិសេធដាច់ខាត សម្រាប់ការចោទប្រកាន់ទាំងនេះ ហើយរង់ចាំការការពារកេរ្តិ៍ឈ្មោះរបស់ Oscar»។
ខ្លឹមសារដែលសរសេរក្នុងលិខិតចោទប្រកាន់ដែលបានដាក់ទៅតុលាការជាន់ខ្ពស់នៃរដ្ឋ California បានចោទបុរសសញ្ជាតិអាមេរិកាំងកាត់ម៉ិកស៊ិក De La Hoya ថាបានអញ្ជើញស្ត្រីនោះទៅផ្ទះរបស់ខ្លួននៅក្រុង Pasadena សម្រាប់កម្មវិធីឡើងគេហដ្ឋានថ្មី។
ក្នុងពាក្យបណ្តឹងបញ្ជាក់ទៀតថាស្ត្រីរូបនោះពិតជាបានរួមភេទដោយការព្រមព្រៀងគ្នាមែន ប៉ុន្តែអាកប្បកិរិយារបស់ Hoya គឺ «បង្ខំ» នៅពេលនាងបដិសេធពីសកម្មភាពផ្លូវភេទនោះ។ ស្ត្រីរូបនេះបានរងទុក្ខ រហូតមានជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងរោគសញ្ញាផ្សេងៗទៀតរហូតដល់សព្វថ្ងៃ។
De La Hoya ដែលបង្កើតក្រុមហ៊ុន Golden Boy នៅឆ្នាំ២០០២ បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករប្រដាល់នៅឆ្នាំ ២០០៩ ពោលគឺក្រោយចាញ់ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ដោយបោះបង់ការប្រកួតត្រឹមទឹកទី៨ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០០៨៕
Tag:
Oscar De La Hoya
Golden Boy
ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com