អន្តរជាតិ
កូរ៉េខាងជើង​ថា ទំនាក់ទំនង​ត្រាំ​-​គីម នៅតែ​ល្អ តែ​ថ្នាក់ក្រោម​លោក ត្រាំ ចេះតែ​បង្ករឿង​អត់​ហេតុផល​
24, Oct 2019 , 11:01 am        
រូបភាព
ដោយ​៖ ងូ​ន សុ​ភាវ​ត្តី​

​ដើរចេញ​ពី​តុ​ចរចា​នៅ​ស៊ុយអែត រិះគន់​អាមេរិក​រឿង​មិនមាន​គំនិត​ថ្មី​ពេល​ចរចា ទំនងជា​ការមិន​ពេញចិត្ត​របស់​កូរ៉េខាងជើង​លើ​អាមេរិក​ប៉ុណ្ណោះ មិនមែន​សំដៅ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឡើយ​។ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២៤ ខែតុលា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​លោក ត្រាំ បន្ត​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយគ្នា​ដដែល ហើយ​ទំនាក់ទំនង​នេះ​ត្រូវបាន​លោក គីម ចាត់ទុកថា​ជា​ទំនាក់ទំនង​ពិសេស​ទៀតផង​។​
   ​


​ចាប់តាំងពី​ជំនួប​បរាជ័យ​នៅ​វៀតណាម​មក ទំនាក់ទំនង​រវាង​អាមេរិក និង​កូរ៉េខាងជើង មិនសូវ​ល្អ​ឡើយ​។ ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​តំបន់​គ្មាន​យោធា និង​ជំនួប​ថ្នាក់​ក្រុម​ចរចា​នៅ​ស៊ុយអែត​នោះ ក៏​មិនបាន​ជួយ​អ្វី​ដល់​ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងជើង និង​ការរំសាយ​នុយក្លេអ៊ែរ​ផងដែរ​។ កូរ៉េខាងជើង​បាន​រិះគន់​អាមេរិក​ឥត​ប្រណី​មាត់​រឿង​យក​ជំហរ​ចាស់​ទៅ​ចរចា​។​

​បើទោះជា​យ៉ាងនេះ​ក្តី ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៤ ខែតុលា​ថា ពេល​ថ្មីៗ​នេះ លោក គីម បានចាត់ទុក​ទំនាក់ទំនង​ជាមួយ​ប្រធានាធិបតី​អាមេរិក​ជា​ទំនាក់ទំនង​ពិសេស​។ ពាក្យ​ទំនង​ទំនង​ពិសេស​នេះ បាន​លេច​ចេញពី​បបូរមាត់​លោក ត្រាំ បន្ទាប់ពី​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ក្នុង​តំណែង​ដំបូង​គេ​ជួប​មេដឹកនាំ​កូរ៉េខាងជើង​នោះ​។ 

​បើតាម KCNA មន្ត្រី​ក្រសួងការបរទេស​ឈ្មោះ Kim Kye Gwan អះអាងថា ទំនាក់ទំនង​ល្អ​រវាង​មេដឹកនាំ​ទាំងពីរ អាចជួយ​ជំរុញ​កូរ៉េខាងជើង​និង​អាមេរិក​ឆ្លង​នៅ​ឧបសគ្គ​ទាំងអស់​ជាមួយគ្នា ហើយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេ​ភា​គឺ​នៃ​ប្រទេស​ទាំងពីរ​អោយ​កាន់តែ​ល្អជា​មុន​។ ប៉ុន្តែ​មន្ត្រី​ដដែល​នេះ បែរជា​រិះគន់​គោលនយោបាយ និង​អ្នកសម្រេចចិត្ត​ផ្នែក​គោលនយោបាយ​អាមេរិក​ខ្លះទៀត ដែលមាន​គំនិត​មិនល្អ​ដាក់​កូរ៉េខាងជើង​។ 

«​ខុសពី​លោក ត្រាំ អ្នកនយោបាយ​អាមេរិក និង​អ្នកសម្រេចចិត្ត​លើ​បញ្ហា​កូរ៉េខាងជើង​ក្នុង​រដ្ឋបាល​អាមេរិក តែងតែ​រក​កូរ៉េខាងជើង​ដោយ​គ្មាន​មូលហេតុ អមដោយ​គំនិត​សម័យ​សង្គ្រាមត្រជាក់ និង​ការរើសអើង​មនោគមន៍វិជ្ជា​។​» នេះ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​ខាងលើ​ដែល​បន្ថែមថា កូរ៉េខាងជើង​នឹង​រង់ចាំ​មើលថា តើ​សហរដ្ឋអាមេរិក​នឹងធ្វើ​អ្វី​នៅ​ចុង​ឆ្នាំនេះ​។

​មេដឹកនាំ​កូរ៉េខាងជើង​បានសម្រេច​យក​ចុង​ឆ្នាំនេះ​ជា​ថ្ងៃ​ផុតកំណត់​សំរាប់​កិច្ចពិភាក្សា​ជាមួយ​អាមេរិក បន្ទាប់ពី​អ្នកចរចា​កូរ៉េខាងជើង​បាន​ស្តីបន្ទោស​អាមេរិក​ថា​នៅតែ​រក្សា​ជំហរ និង​ឥរិយាបថ​ចាស់​ដដែល​។ ផុត​ឆ្នាំ​២០១៩ កូរ៉េខាងជើង​ធ្លាប់​គំរាម​ហើយ​ថា ខ្លួន​នឹង​ចាប់ផ្ដើម​សាកល្បង​នុយក្លេអ៊ែរ ឬ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ឡើងវិញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com