អន្តរជាតិ
ស្តេចថៃ បណ្តេញមន្ត្រីវាំង៦នាក់ដោយសារយកបុណ្យសក្តិកេងយកប្រយោជន៍ផ្ទាល់ខ្លួន 24, Oct 2019 , 2:35 pm
×
ដោយ៖ ឈួន ឈីវអ៊ីង
មហាក្សត្រថៃ មហា វជិរាលង្ករណ៍ (Maha Vajiralongkorn) បានបណ្តេញមន្ត្រីវាំងចំនួន៦រូប ដោយសារបានប្រព្រឹត្តអំពើអាក្រក់ខុសឆ្គងនឹងវិន័យវាំង។ នេះបើតាមរាជប្រកាសចេញនៅថ្ងៃទី២៣ តុលា។ ការដកបុណ្យសក្តិមន្ត្រីវាំងដល់ទៅ៦នាក់នេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទ្រង់បានដកហូតតំណែងទាំងអស់របស់ស្នំឯកព្រះអង្គព្រោះមិនស្មោះត្រង់។
នៅក្នុងពេលមួយសប្តាហ៍ចុងក្រោយនេះ រាជវាំងថៃ ជួបបញ្ហារំជើបរំជួលខ្លាំង។ រាជវាំងថៃ ដែលធ្លាប់តែស្ងប់ស្ងាត់នោះ បានប្រកាសព័ត៌មានជាបន្តបន្ទាប់។ កាលពីដើមសប្ដាហ៍នេះ រាជវាំងថៃ បានប្រកាសរាជសារមហាក្សត្រ មហា វជិរាលង្ករណ៍ ដោយបានដកហូតតំណែង និងបុណ្យសក្តិក្នុងជួរកងទ័ពពីស្នំឯក ស៊ីនីនាថ ពិលាសកល្យាណី។
ការទម្លាក់បុណ្យសក្តិរបស់ព្រះនាង បានកើតឡើងរយៈពេល ៣ខែប៉ុណ្ណោះបន្ទាប់ពីព្រះអង្គបានប្រទានឋានៈជាស្នំឯកដំបូងបង្អស់ក្នុងរយៈពេលជិតមួយសតវត្សរ៍។ លើកញ្ចក់ទូរទស្សន៍នានា ស្នំឯក ស៊ីនីនាថ ត្រូវបានរាជបញ្ជាស្ដេចចោទថា ធ្វើសកម្មភាពប្រឆាំងនឹងការតែងតាំងអគ្គមហេសី។
ថ្ងៃទី២៣ ខែតុលា ស្ដេចរាមាទី១០ ក៏បណ្ដេញមន្ត្រីជាន់ខ្ពស់ចំនួន៦ នាក់ទៀត និងដកហូតបុណ្យសក្តិផងដែរ។ មន្ត្រីដែលអស់តំណែងរួមមាន គិលានុបដ្ឋាយិកាម្នាក់ដែលនៅយាមដំណាក់ មន្ត្រីប៉ូលិសជាន់ខ្ពស់ក្នុងកងអង្គរក្សម្នាក់ និងមន្ត្រីយោធាពីរនាក់ទៀត។ នេះបើយោងតាមរាជប្រកាសពីរផ្សេងគ្នារបស់រាជវាំងថៃ។
បើតាមកាសែតបាងកកប៉ុស្តិ៍ មន្ត្រីទាំង៦ បានរំលោភបំពានវិន័យវាំងយ៉ាងធ្ងន់ធ្ងរ និងកេងចំណេញពីមុខតំណែងផ្លូវការរបស់ពួកគេដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឬរបស់អ្នកដទៃ។
ការបញ្ចប់តំណែងផ្ទួនៗបែបនេះ ជារឿងកម្រមាននៅថៃជាទីដែលរាជវង្សត្រូវបានការពារយ៉ាងមុតមាំដោយច្បាប់ប្រឆាំងការរិះគន់មហាក្សត្រ។ អ្នកបំពាន អាចទទួលទោសធ្ងន់ធ្ងរដល់ទៅ១០ឆ្នាំឯណោះសម្រាប់ករណីមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com