អន្តរជាតិ
អាមេរិកដកទណ្ឌកម្មតួកគី ខណៈរុស្ស៊ី និងតួកគីកំពុងឡើងចាងនៅស៊ីរី 24, Oct 2019 , 8:39 pm
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងសុន្ទរកថាស្តីពីស៊ីរី នៅសេតវិមានអាមេរិក ថ្ងៃ២៤ តុលា ២០១៩ (AFP)
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ចប់ទណ្ឌកម្មប្រឆាំងតួកគីដែលដាក់កាលពី៩ថ្ងៃមុនក្រោយក្រុងអង់ការ៉ាបើកប្រតិបត្តិការយោធាលើក្រុមឃើដក្នុងតំបន់ភាគខាងជើងស៊ីរី។ មេដឹកនាំរូបនេះក៏ប្រកាសជំហរដកខ្លួនចេញពីសង្គ្រាមរាុំរ៉ៃនៅស៊ីរី ខណៈរុស្ស៊ីនិងតួកគីពួតដៃគ្នា ចូលទៅកាន់កាប់ទឹកដីដែលធ្លាប់គ្រប់គ្រងដោយកងទ័ពអាមេរិកនិងសម្ព័ន្ធមិត្តគ្រាលំបាក ពួកឃើដ។
ទុកឲ្យអ្នកផ្សេងប្រយុទ្ធក្នុងសង្គ្រាមបង្ហូរឈាមដ៏វែងអន្លាយនៅស៊ីរី ជំនួសសហរដ្ឋអាមេរិកចុះ។ លោក ដូណាល់ ត្រាំ និយាយបែបនេះនៅថ្ងៃពុធ ២៣ តុលា ក្នុងសេតវិមានអាមេរិក ។ ក្នុងសុន្ទរកថាដែលផ្សាយតាមកញ្ចក់ទូរទស្សន៍ លោក ត្រាំ លើកឡើងទៀតថា៖«ទណ្ឌកម្ម[ប្រឆាំងតួកគី] នឹងត្រូវដកហូត ប្រសិនបើគ្មានអ្វីកើតឡើងដែលយើងមិនពេញចិត្តជាមួយទេនោះ»។
ទន្ទឹមនឹងការប្រកាសបញ្ចប់ទណ្ឌកម្ម លោកប្រធានាធិបតីអាមេរិក គូសបញ្ជាក់ថា តួកគីបានធានាជាមួយលោកថា ខ្លួននឹងបញ្ឈប់ការប្រយុទ្ធគ្នាក្នុងតំបន់ស៊ីរី ហើយនឹងធ្វើឲ្យបទឈប់បាញ់ដែលបានបង្កើតឡើងជាមួយក្រុងវ៉ាស៊ីនតោនទៅជាអចិន្ត្រៃយ៍។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្រសួងរតនាគារអាមេរិក ក្រោយមកបានបញ្ជាក់ថា ទណ្ឌកម្មដែលបានដាក់កាលពីថ្ងៃ១៤ តុលា ប្រឆាំងក្រសួងការពារជាតិនិងថាមពលតួកគី ក៏ដូចជាលើមន្ត្រីគ្រាក់ៗមួយចំនួនទៀត។
តួកគី បានចេញបញ្ជាបើកប្រតិបត្តិការយោធាប្រឆាំងសកម្មប្រយុទ្ធ ឃើដ (SDF) នៅតំបន់ភាគខាងជើងស៊ីរី ដែលក្រុងអង់ការ៉ាចាត់ទុកជាក្រុមភេរវកម្ម កាលពីថ្ងៃ៩ តុលា ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយអាមេរិកប្រកាសដកកងទ័ពចេញពីទីតាំងនោះ។ សម្រាប់យុន្ធនាការយោធានេះ រដ្ឋាភិបាលក្រុងអង់ការ៉ាមានបំណងបង្កើត«តំបន់សុវត្ថិភាព» ជម្រៅ៣០គីឡូម៉ែត្រ និងប្រវែង៤២០គីឡូម៉ែត្រ តាមបណ្តោយព្រំដែនខាងទឹកដីស៊ីរី ដោយគ្មានវត្តមានពួកសកម្មប្រយុទ្ធឃើដ។ ហើយគោលដៅនៃតំបន់ទ្រនាប់នេះ លោកប្រធានាធិបតីតួកគី អ៊ែរដូហ្គាន់ ចង់យកធ្វើជាកន្លែងស្នាក់នៅថ្មីសម្រាប់ជនភៀសខ្លួនមកពីស៊ីរីប្រមាណ២លាននាក់ ដែលបច្ចុប្បន្នកំពុងជ្រកកោនក្នុងប្រទេសខ្លួន។
ទោះជាប្រកាសដកកងទ័ពចេញពីទឹកដីស៊ីរី លោក ដូណាល់ ត្រាំ លើកឡើងថា លោកនឹងរក្សាកងទ័ពអាមេរិកតិចតួច ដើម្បីឈរជើងនៅផ្នែកខ្លះនៃប្រទេសស៊ីរីក្នុងគោលដៅការពាររោងចក្រចម្រាញ់ប្រេង។ ជាមួយគ្នានេះដែរ មេដឹកនាំវ័យ៧៣ឆ្នាំរូបនេះ ក៏ទទូចឲ្យតួកគីរក្សាជំហររឹងមាំការពារការងើបឡើងវិញនៃក្រុមជ្រុលនិយមរដ្ឋឥស្លាម (ISIS) ព្រមទាំងប្រាកដថា ចលនារបស់ក្រុមជីហាតមិនផុសផុលជាថ្មីលើទឹកដីស៊ីរី។
ម្យ៉ាងការប្រកាសពីជំហរអាមេរិកលើសំណុរឿងស៊ីរីរបស់លោក ត្រាំ នេះ កើតឡើងក្រោយពេលរុស្ស៊ីនិងតួកគីព្រមព្រៀងគ្នាពង្រាយកងទ័ពធ្វើសកម្មភាពល្បាតក្នុងទឹកដីដែលក្រុងអង់ការ៉ាចង់បង្កើតជា «តំបន់សុវត្ថិភាព» ក្នុងតំបន់ភាគខាងជើងស៊ីរី ជាប់ព្រំដែនតួកគី។ ហើយវា ក៏ជាទីតាំងដេលធ្លាប់កាន់កាប់ដោយក្រុមសកម្មប្រយុទ្ធឃើដផងដែរ។
សូមបញ្ជាក់ថា អង្គការសហប្រជាជាតិ បានបញ្ជាក់ឲ្យដឹងថា មនុស្សច្រើនជាង ១៧៦០០០នាក់ ដែលក្នុងនោះមានកុមារជិត៨ម៉ឺននាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសំបែងក្នុងរយៈពេល២សប្តាហ៍នៃការវាយប្រហាររបស់យោធាតួកគី ក្នុងភាគខាងជើងស៊ីរី។ ក្នុងតំបន់នេះ មានប្រជាជនរស់នៅប្រមាណ៣លាននាក់ ដែលភាគច្រើនគឺជាជនជាតិឃើដ។ ហើយបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ជនស៊ីវិល១២០នាក់ត្រូវបានសម្លាប់ក្នុងសមរភូមិនេះ អមជាមួយនឹងសកម្មប្រយុទ្ធឃើដ ២៥៩នាក់, ក្រុមបោះបោរស៊ីរីដែលគាំទ្រដោយតួកគី ១៩៦នាក់ និងទាហានតួកគិ៧នាក់៕
Tag:
សហរដ្ឋអាមេរិក
តួកគី
ស៊ីរី
រុស្ស៊ី
ដូណាល់ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com