កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយឈ្នះ Ajax ១-០ Lampard ថា លោកជាអ្នកចាត់ការឆ្នើមរបស់ Chelsea 24, Oct 2019 , 3:55 pm
× អ្នកចាត់ការក្រុម Chelsea លោក Frank Lampard បានសាទរចំពោះជ័យជម្នះ ១-០ របស់កូនក្រុមលោក លើក្រុម្ចាស់ផ្ទះ Ajax ក្នុងការប្រកួតពានរង្វាន់ UEFA Champions League នៅយប់ថ្ងៃទី២៣ ខែតុលា។ Lampard ក៏បានចាត់ទុកជ័យជម្នះនេះគឺក្នុងនាមលោកជាអ្នកចាត់ការឆ្នើមរបស់ក្រុមតោខៀវផងដែរ។
Lampard បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងជាមួយការដឹកនាំរបស់លោកតាមរយៈការផ្លាស់ប្តូរកីឡាករនៅឯកីឡដ្ឋាន Johan Cruyff Arena រហូតសម្រេចបានគ្រាប់បាល់ជ័យជម្នះ។ ខ្សែបម្រើ Christian Pulisic ដែលប្តូរចូលជំនួស Willian នៅនាទី៦៦ បានបង្កើតឱកាសដោយបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Michy Batshuayi ដែលប្តូរជំនួស Tammy Abraham នៅនាទី៧១ ដើម្បីស៊ុតបញ្ចូលទី Ajax មុនបញ្ចប់ការប្រកួត៤នាទី។
ការទទួលបាន៣ពិន្ទុបន្ថែមនេះ បានធ្វើឲ្យ Chelsea រកបានពិន្ទុសរុបពីការប្រកួត៣លើក ចំនួន៦ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី២ ពូល H ខណៈដែល Ajax ឈរកំពូលតារាងមាន៦ពន្ទុដូចគ្នា ប៉ុន្តែស៊ីសងគ្រាប់ល្អជាង។
Valencia ដែលស្មើជាមួយ Lille ដោយលទ្ធផល ១-១ រកបាន៤ពិន្ទុ ក្នុងការប្រកួត៣លើក ឈរលេខរៀងទី៣ ពូល B។ Lille មាន១ពិន្ទុប៉ុណ្ណោះនៅបាតតារាង។
Lampard វ័យ៤១ឆ្នាំ បានឡើងទៅជំនួសតំណែងលោក Maurizio Sarri ក្នុងរដូវកាលដំបូងដ៏លំបាក ដ្បិតក្រុមមានមូលដ្ឋានក្នុងក្រុងឡុងដ៍មួយនេះបានលក់កីឡាករឆ្នើមរបស់ខ្លួន Eden Hazard និងត្រូវហាមមិនឲ្យទិញកីឡាករថ្មីចូលថែមទៀត។ ប៉ុន្តែ អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសនៅតែដឹកនាំបានល្អដោយជួយ Chelsea ឈ្នះ៦ប្រកួតជាប់គ្នា ចំណោមការប្រកួតទាំងអស់រដូវកាលនេះ។
អតីតគ្រូ Derby County រូបនេះ ប្រាប់ទូរទស្សន៍ BT Sport ថា៖«នេះជាជ័យជម្នះដ៏ល្អបំផុត។ ខ្ញុំពិតជារីករាយណាស់ ខ្ញុំដឹងថាការប្រកួតនេះវាលំបាកប៉ុណ្ណា។ ការលេងដើម្បីឈ្នះពួកគេ (Ajax) មានន័យថាយើងពិតជាឈរនៅកម្រិតខ្ពស់មួយ។ ខ្ញុំពិតជាមានមោទកភាពចំពោះការលេងរបស់កូនក្រុមខ្ញុំនេះណាស់»។
ខាងក្រោមជាលទ្ធផលការប្រកួតទាំង៨គូនៅ Champions Leageu នៅយប់ថ្ងៃទី២២ ខែតុលាឆ្នាំ២០១៩៖
Tag:
UEFA Champions League
Chelsea
Frank Lampard
© រក្សាសិទ្ធិដោយ thmeythmey.com