អន្តរជាតិ
ទំនាស់ពាណិជ្ជកម្ម៖ នាយករដ្ឋមន្ត្រីជប៉ុន-កូរ៉េខាងត្បូង ជួបគ្នា ដើម្បីសម្រាលភាពតានតឹង 24, Oct 2019 , 4:43 pm
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លី ណាក់យុន និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ។ រូបភាព Kyodo
×
ដោយ៖ ងួន សុភាវត្តី
នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ បានជួបជាមួយសមភាគីកូរ៉េខាងត្បូង លី ណាក់យុន (Lee Nak-yon) នៅថ្ងៃទី២៤ ខែតុលា ក្នុងគោលបំណងដោះស្រាយ និងពង្រឹងទំនាក់ទំនងទ្វេភាគីឡើងវិញបន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយគ្នាលើបញ្ហាប្រវត្តិសង្គ្រាម។ នេះបើតាមការចុះផ្សាយរបស់ប្រភពព័ត៌មាន Yonhap នៅថ្ងៃទី២៤ ខែតុលា។
ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល បានប្រែជាអាក្រក់បន្ទាប់ពីតុលាការកំពូលរបស់កូរ៉េខាងត្បូងបានសម្រេចបញ្ជាអោយក្រុមហ៊ុនជប៉ុនមួយចំនួនសងសំណងដល់ជនរងគ្រោះកាលពីសម័យអានិគមកន្លងទៅ។ ជប៉ុនធ្លាប់បានឆ្លើយតបទៅកូរ៉េខាងត្បូងវិញថា រាល់សំណងទាំងអស់បានដោះស្រាយរួចរាល់ហើយក្នុងសន្ធិសញ្ញាឆ្នាំ១៩៦៥។
អំឡុងទស្សនកិច្ចនៅតូក្យូដើម្បីចូលរួមពិធីឡើងគ្រងរាជាភិសេកអធិរាជ ណារូហ៊ីតុ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក លី ណាក់យុន បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ រយៈពេល២១នាទី។ ក្នុងកិច្ចជំនួបនេះ លោក លី ក៏បាននាំយកសំបុត្រផ្ទាល់ខ្លួនមួយច្បាប់ពីលោកប្រធានាធិបតី មូន ចេអ៊ីន ឲ្យនាយករដ្ឋមន្ត្រី អាបេ ផងដែរ។
សំបុត្ររបស់លោកមូន មិនត្រូវបានប្រាប់អោយដឹងពីខ្លឹមសារនេះទេ ប៉ុន្តែមានការប៉ាន់ស្មាន់ថាអាចនិយាយពីជំរុញឲ្យមានការពិភាក្សាលើដំណោះស្រាយបញ្ហាកើតឡើងកន្លងមក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
កាលពីខែសីហា ជប៉ុនបានដកកូរ៉េខាងត្បូងចេញពីបញ្ជីដៃគូជំនួញគួរឲ្យទុកចិត្ត។ ក្នុងនេះដែរ ជប៉ុនក៏បានរឹតបន្តឹងការនាំចេញវត្ថុធាតុដើមមួយចំនួនផងដែរ។ ទីក្រុងសេអ៊ូលបានឆ្លើយតបទៅជប៉ុនវិញ ដោយការប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលហៅថាសន្តិសុខទូទៅនៃកិច្ចព្រមព្រៀងព័ត៌មានយោធា (GSOMIA)។
ការភាពល្អក់កកររវាងទីក្រុងសេអ៊ូលនិងតូក្យូបានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនដែលជាសម្ព័ន្ធមិត្តរបស់ពួកគេស្ថិតក្នុងស្ថានភាពលំបាកមួយ ខណៈសហរដ្ឋអាមេរិកកំពុងព្យាយាមរឹតបន្តឹងបណ្តាញសម្ព័ន្ធភាពក្នុងតំបន់ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់ចិននិងពីយោធារបស់ប្រទេសកូរ៉េខាងជើង៕
© រក្សាសិទ្ធិដោយ thmeythmey.com