អន្តរជាតិ
ភរិយាអតីតរដ្ឋមន្ត្រីយុត្តិធម៌កូរ៉េខាងត្បូង ត្រូវចាប់ខ្លួនជុំវិញអំពើពុករលួយ 24, Oct 2019 , 10:19 pm
លោកស្រី Chung Kyung-shim ភរិយារបស់អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដើរចេញពីតុលាការ Seoul Central District, រូបភាព AP
× អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃទី២៤ តុលា បានចាប់ខ្លួនភរិយាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលជាប់ពាក់ព័ន្ធទៅនឹងរឿងអាសូវពុករលួយ។ ការចាប់ខ្លួននេះធ្វើឡើង បន្ទាប់ពីព្រះរាជអាជ្ញា បានចេញដីកាឲ្យចាប់ខ្លួននៅពាក់កណ្តាលអធ្រាត្រ ។
ការចាប់ខ្លួនលោកស្រីChung Kyung-shim ដែលជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យ និងជាភរិយារបស់អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Cho Kuk គឺផ្នែកមួយនៃការស៊ើបអង្កេតរបស់ព្រះរាជអាជ្ញាទៅក្នុងការវិនិយោគហិរញ្ញវត្ថុរបស់គ្រួសារ Cho និងការអនុញ្ញាតឲ្យកូនរបស់គាត់ចូលរៀននៅក្នុងមហាវិទ្យាល័យល្បីឈ្មោះ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ តុលាការតំបន់សេអ៊ូលកណ្ដាល បានចេញដីកាភ្លាមៗនៅពាក់កណ្តាលអធ្រាត្រ។ នេះបើតាមការអះអាងតាមរយៈទូរសព្ទរបស់មន្ត្រីតុលាការប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap ។ ដីការបស់តុលាការ បានចោទប្រកាន់លោកស្រី ពីបទក្លែងបន្លំឯកសារ និងការវិនិយោគហិរញ្ញវត្ថុមិនស្របច្បាប់។
ជាការឆ្លើយតប មេធាវីរបស់លោកស្រី Chung បានលើកឡើងថា ដីកាចោទប្រកាន់ គឺគ្មានមូលដ្ឋានច្បាស់លាស់។ បន្ថែមពីនេះ លោកស្រីChung នឹងត្រូវផ្តល់សក្ខីកម្ម ដោយគ្មានការឃុំឃាំងឡើយ។ នេះបើតាមការចុះផ្សាយរបស់ព័ត៌មានកូរ៉េខាងត្បូង។
ជាការពិត សំណុំរឿងមួយនេះ ត្រូវបានគណបក្សប្រឆាំងសាទរជាខ្លាំងចំពោះចំណាត់ការមួយនេះ។ ជាពិសេស គណបក្សដដែល អំពាវនាវឲ្យស៊ើបអង្កេតលើអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បន្ថែមទៀត។ ដោយឡែក ការិយាល័យប្រធានាធិបតី មកទល់ពេលនេះ មិនទាន់មានប្រតិកម្មណាមួយពាក់ព័ន្ធទៅនឹងការចាប់ខ្លួនភរិយារបស់លោក Choឡើយ។
សូមបញ្ជាក់ថា លោក Cho គឺជាអ្នកច្បាប់មួយរូប ដែលល្បីល្បាញជាខ្លាំង និងត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូង តែងតាំងឲ្យដឹកនាំការងារកំណែទម្រង់ប្រព័ន្ធច្បាប់នៅក្នុងកូរ៉េខាងត្បូង។ បន្ថែមពីលើតួនាទីនេះ អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ ក៏ធ្លាប់ជាប្រធានអ្នកប្រឹក្សាច្បាប់របស់លោកម៉ូន ចេអ៊ីនផងដែរ។
លោក Cho បានធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រឹមតែ១ ខែប៉ុណ្ណោះ បន្ទាប់ពីគាត់ចុះចេញពីតំណែង។ ទាក់ទិននឹងការចុះចេញពីតំណែងនេះ គឺដោយសារមានផ្ទុះការតវ៉ានៅតាមដងវិថី ដែលមិនធ្លាប់មានពីមុនក្នុងរយៈពេលពីរឆ្នាំមកនេះពាក់ព័ន្ធរឿងអាស្រូវភរិយា និងកូនរបស់លោកតែម្ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com