កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ីក្លាយជាម្ចាស់ផ្ទះ U20 World Cup ឆ្នាំ២០២១ 24, Oct 2019 , 5:22 pm
× ឥណ្ឌូណេស៊ី ឈ្នះការដេញថ្លៃដើម្បីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA U20 World Cup ឆ្នាំ២០២១ ដោយផ្តួលគូប្រជែង ប្រេស៊ីល ប៉េរូ។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI)។
ការសម្រេចនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា អំឡុងកិច្ចប្រជុំប្រចាំត្រីមាសរបស់ក្រុមប្រឹក្សា FIFA ដែលធ្វើឡើងនៅក្រុងសៀងហៃ ប្រទេសចិន។
ដំបូងឡើយ ឥណ្ឌូណេស៊ីស្ថិតក្នុងចំណោមប្រទេសអាស៊ានទាំង ៣ ដែលបានដេញថ្លៃ FIFA U20 World Cup នេះ ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) និងសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា (MFF) ដកការដេញថ្លៃរួមគ្នារបស់ពួកគេវិញកាលពីខែសីហា ឆ្នាំ ២០១៩។ ដូច្នេះ ធ្វើឲ្យឥណ្ឌូណេស៊ី ក្លាយជាអ្នកដេញថ្លៃតែម្នាក់ឯង។
«យើងពិតជារីករាយណាស់ដែលឥណ្ឌូណេស៊ីក្លាយជាប្រទេសតែមួយគត់ពីអាស៊ាន ដែលឈ្នះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក អាយុក្រោម២០ ឆ្នាំ ក្នុងឆ្នាំ ២០២១»។ នេះជាការរៀបរាប់របស់អគ្គលេខាធិការ PSSI និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) លោក Ratu Tisha Destria។
ការដែលឥណ្ឌូណេស៊ីបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ FIFA U20 World Cup ក៏ជាផ្លូវមួយដើម្បីជំរុញការដេញថ្លៃរួមគ្នារបស់អាស៊ានរួមមានថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និងឥណ្ឌូណេស៊ីនេះ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup ឈុតធំ ឆ្នាំ ២០៣៤ ផងដែរ។
កិច្ចប្រជុំរបស់ក្រុមប្រឹក្សានោះ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក FIFA ក៏ប្រកាសឲ្យ ចិនជាម្ចាស់ផ្ទះ Club World Cup លើកដំបូងនៅឆ្នាំ ២០២១ ដែលមាន២៤ក្រុមចួលរួម ខណៈដែលប៉េរូបានសិទ្ធិរៀប FIFA U17 World Cup ឆ្នាំ២០២១៕
© រក្សាសិទ្ធិដោយ thmeythmey.com