អន្តរជាតិ
ចិនឲ្យអង់គ្លេសបញ្ជាក់ឲ្យបានច្បាស់ពីអត្តសញ្ញាណសព៣៩នាក់ក្នុងទូរកុងតឺន័រ 25, Oct 2019 , 10:22 am
ប្រភពរូប៖ AFP
× ក្រសួងការបរទេសចិន នៅថ្ងៃសុក្រទី២៥ ខែតុលា បានបញ្ជាក់ឲ្យដឹងថា ប៉ូលិសអង់គ្លេស ពុំទាន់បញ្ជាក់ច្បាស់លាស់នៅឡើយទេថា មនុស្ស៣៩នាក់ដែលរកឃើញថាស្លាប់ក្នុងរថយន្តកុងតឺន័រមួយគ្រឿង ក្បែរទីក្រុងឡុងដ៍ គឺជាជនជាតិចិន។
មន្ត្រីកុងស៊ុលចិនម្នាក់ប្រចាំប្រទេសអង់គ្លេស បានធ្វើដំណើរទៅកាន់ក្រុង Essex កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ពោលគឺមួយថ្ងៃក្រោយក្រុមសង្គ្រោះបន្ទាន់បានរកឃើញសាកសពមនុស្សទាំង៣៩នាក់ក្នុងទូកុងតឺន័រ(ក្លាសេ) នៃរថយន្តមួយដែលចតនៅតំបន់ឧស្សាហកម្មមួយកន្លែង។
ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសចិន គូសបញ្ជាក់បែបនេះ៖«ប៉ូលិសអង់គ្លេស បាននិយាយថា ពួកគេកំពុងរកមើលកំណត់អត្តសញ្ញាណជនរងគ្រោះ ហើយពុំទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេថា ពួកគេគឺជាជនជាតិចិននោះ»។
កាលពីថ្ងៃទី២៤ តុលា ប៉ូលិសអង់គ្លេស បានបញ្ជាក់ឲ្យដឹងថា សពទាំង៣៩នាក់នោះ ត្រូវបានជឿជាក់ថា គឺជាជនជាតិចិន។ ហើយ រថយន្តធុនធំនេះ មានប្រភពចេញពីប្រទេសបែលហ្ស៊ិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ប្រាប់ទូរទស្សន៍រដ្ឋចិន CCTV កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីកុងស៊ុលចិន Tong Xuejun បានអះអាងថា លោកបានជួបជាមួយប៉ូលិសអង់គ្លេស។ បន្ថែមពីនេះ លោកលើកឡើងបែបនេះ៖«យើងនឹងទទូចឲ្យប៉ូលិសនៃចក្រភពអង់គ្លេសធ្វើការបន្ថែមទៀតដើម្បីស្វែងរកការពិត។ យើងនឹងប្រាប់សារព័ត៌មានជាបន្តបន្ទាប់ពាក់ព័ន្ធដំណើរការចុងក្រោយនៃឧប្បទ្ទវហេតុនេះ»។
សូមបញ្ជាក់ថា កម្លាំងប៉ូលិសតំបន់ ដែលបានចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តធុនធំដែលរងការសង្ស័យពាក់ព័ន្ធរឿងមនុស្សឃាត អះអាងឲ្យដឹងថា ៨នាក់ក្នុងចំណោមអ្នកស្លាប់គឺជាមនុស្សស្រី ហើយ៣១នាក់ ផ្សេងទៀតជាមនុស្សប្រុស។
នេះជាបទល្មើសឃាតកម្មដ៏ធំបំផុតរបស់ចក្រភពអង់គ្លេសក្នុងពេលច្រើនទសវត្សរ៍ចុងក្រោយ។ ករណីស្រដៀងគ្នានេះ កើតឡើងក្នុងឆ្នាំ២០០០ ដោយកាលនោះ ជនអន្តោសប្រវេសន៍ចិនចំនួន៥៨នាក់ ត្រូវបានរកឃើញឃុំឃាំងក្នុងរថយន្តធុនធំរបស់ប្រទេសហូឡង់មួយ ដែលបានចតចោលក្នុងកំពង់ផែ Dover របស់អង់គ្លេស ។ ក្នុងចំណោមមនុស្សទាំងអស់ មានតែ២នាក់ប៉ុណ្ណោះ នៅមានជីវិត៕
Tag:
ចិន
ចក្រភពអង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com