២គ្រាប់ ដោយការទាត់បាល់ពិន័យ (Free-kick) របស់ខ្សែបម្រើ Nicolas Pepe នៅចុងម៉ោង បានជួយ Arsenal វាយបកយកឈ្នះ Vitoria de Guimaraes ដោយលទ្ធផល ៣-២ វិញ នាការប្រកួត Europa League វគ្គសន្សំពិន្ទុពូល F។
នាកីឡាដ្ឋាន Emirates ខ្សែបម្រើ Marcus Edwards បានរកគ្រាប់បាល់នាំមុខឲ្យក្រុមភ្ញៀវ Guimaraes មុននៅ៨នាទីដំបូងនៃវគ្គទី១ មុនពេលខ្សែប្រយុទ្ធវ័យក្មេង Gabriel Martinelli ស៊ុតតាមស្មើឲ្យ Arsenal វិញនៅនាទី៣២។ យ៉ាងណាក៏ដោយ នៅ៤នាទីបន្ទាប់ ខ្សែប្រយុទ្ធ Bruno Duarte បានជួយ Guimaraes នាំមុខសាជាថ្មីដោយលទ្ធផល ២-១។
ចូលដល់វគ្គទី២ ខណៈការប្រកួតដំណើរការដល់នាទី៨០ កីឡាករថ្លៃបំផុតរបស់កាំភ្លើងធំ Pepe ដែលទើបប្តូរចូលជំនួស Andre Almeida នៅនាទី៦៤នោះ បានជួយរកគ្រាប់តាមស្មើវិញដោយការទាត់បាល់ពិន័យ (free-kick)។ មិនត្រឹមតែរកគ្រាប់បាល់តាមស្មើឡើយ តែអតីតកីឡាករ Lille វ័យ២៤ឆ្នាំរូបនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថែមទៀត ដោយប្រើជំនាញទាត់ free-kick របស់គេជាលើកទី២ នៅនាទី៩០ ដើម្បីសម្រេចគ្រាប់ជ័យជម្នះឲ្យ Arsenal យកឈ្នះ Guimaraes ៣-២ វិញ។
តាមរយៈជ័យជម្នះនេះ Arsenal នៅតែរក្សាចំណាត់ថ្នាក់កំពូលតារាងពូល F ដោយទទួបាន៩ពិន្ទុពេញពីការប្រកួត៣លើក។ Eintracht Frankfurt មាន៦ពិន្ទុ នៅលេខរៀងទី២ តាមពីក្រោយដោយ Standard Liege មាន៣ពិន្ទុ និង Vitoria de Guimaraes គ្មានពិន្ទុរាប់។
Wolves ស្ថិតនៅចំណាត់ថ្នាក់ទី២ក្នុងតារាងពូល K មាន៦ពិន្ទុ ខណៈ SC Braga នៅកំពូលតារាងមាន៧ពិន្ទុ ក្រោយឈ្នះ Besiktas ២-១។ Bratislava ឈរខេ៣ មាន៤ពិន្ទុ រីឯ Besiktas នៅបាតតារាងមានសូន្យពិន្ទុ។
ចំណែកម្ចាស់ជើងឯករដូវកាល ២០១៧-១៨ Man Utd ក៏ទទួលបាន៣ពិន្ទុដែរ ក្រោយយកឈ្នះម្ចាស់ផ្ទះ Partizan Beograd ១-០។ ខ្សែប្រយុទ្ធ Anthony Martial ជាអ្នកសម្រេចទីដោយការទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទី៤៣ សម្រាប់ជ័យជម្នះក្រៅដីនេះ។ Man Utd ឈរកំពូលតារាងពូល L មាន៧ពិន្ទុពីការប្រកួត៣លើក តាមពីក្រោយដោយ AZ Alkmaar ដែលមាន៥ពិន្ទុ បន្ទាប់ពីពួកគេឈ្នះ FC Astana ដល់ទៅ ៦-០។ Partizan Beograd នៅលេខ៣ មាន៤ពិន្ទុ ខណៈ FC Astana នៅបាតតារាងគ្មានពិន្ទុរាប់នៅឡើយ៕
ខាងក្រោមនេះជាលទ្ធផលគូដទៃនៃការប្រកួតសន្សំពិន្ទុ នៃពានរង្វាន់ Europa Leageu រដូវកាល ២០១៩-២០៖