ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រសិនបើ​អ្នក​ញ៉ាំ​ស៊ុត​ឆៅ តើ​នឹងមាន​អ្វី​កើតឡើង​?
13, Sep 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ធ្លាប់​ដឹង​ទេ​ថា​អ្នក​អាច​ទទួលទាន​ស៊ុត​ទាំង​ឆៅ​បាន​? ហើយ​ការ​ទទួលទាន​ស៊ុត​មិនទាន់​ឆ្អិន​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ជាច្រើន​ចំពោះ​សុខភាព ប៉ុន្តែ​ក៏មាន​ឥទ្ធិពល​អវិជ្ជមាន​មួយចំនួន​ផងដែរ​។


​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍ រួមជាមួយ​ផលវិបាក​នៃ​ការ​ទទួលទាន​ស៊ុត​ឆៅ ៖

•​    ​អត្ថប្រយោជន៍​

១. ទទួលបាន​វីតាមីន D បន្ថែម​

​អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​និយាយថា​ស៊ុត​ឆៅ​មួយ​គ្រាប់​អាច​ផ្ដល់​វីតាមីន D ច្រើន​ដល់​ទៅ ៣៦ ភាគរយ​បន្ថែមទៀត​។ ហើយ​វីតាមីន D ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង ជំងឺ​បេះដូង ជំងឺ​ធាត់​ជ្រុល និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ អ្នក​អាច​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​ការ​ទទួលទាន​ស៊ុត​ឆៅ ប្រសិនបើ​អ្នក​មិនសូវ​ត្រូវ​ពន្លឺព្រះអាទិត្យ​ដែលជា​ប្រភព​ចម្បង​មួយ​នៃ​វីតាមីន D​។​

២. ទទួលបាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ បន្ថែម​

​ស៊ុត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ល្អ​ណាស់​ចំពោះ​សុខភាព​ទប់ស្កាត់​បញ្ហា​សុខភាព​ជាច្រើន​រួមទាំង​បញ្ហា​ឈឺសន្លាក់ ការ​រលាក​ក្នុង​រាងកាយ កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ប្រយុទ្ធប្រឆាំង​ជំងឺ​ថប់​អារម្មណ៍ និង​ធ្លាក់​ទឹកចិត្ត ។ ប៉ុន្តែ​ការប៉ះពាល់​ទៅនឹង​កម្ដៅ​ខ្លាំង​អាចធ្វើឱ្យ​រាងកាយ​ពិបាក​ស្រូបយក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ពី​ស៊ុត​។​

៣. សុខភាព​ភ្នែក​កាន់តែ​ប្រសើរ​

​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ២ ដែល​រកឃើញ​ក្នុង​ស៊ុត គឺ lutein និង zeaxanthin ជួយ​ការពារ​ភ្នែក​ពី​ការបំផ្លាញ ហើយ​ជួយ​ឱ្យមើល​ឃើញ​បាន​កាន់តែច្បាស់​។ ក៏​ដូច​ទៅនឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏ទៃទៀត​ដែរ កម្ដៅ​ខ្លាំង ឬ​សីតុណ្ហភាព​ខ្ពស់​អាចធ្វើឱ្យ lutein និង zeaxanthin ត្រូវ​ខូចខាត​។​

៤. ទទួលបាន​បាយ​អូ​ទីន​បន្ថែម​

​បាយ​អូ​ទីន គឺជា​វីតាមីន B ដែល​សំខាន់​សម្រាប់​សុខភាព​ល្អប្រសើរ​។ វីតាមីន B ចាំបាច់​សម្រាប់​សុខភាព​សក់ ស្បែក ក្រចក មុខងារ​ក្រពេញ​ទី​រ៉ូ​អ៊ី​ត និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ បាយ​អូ​ទីន​ក៏​ជួយផ្ដល់​ថាមពល​បន្ថែម​ដល់​រាងកាយ ហើយ​គ្រប់គ្រង​ការដុត​រំលាយ​អាហារ​ផងដែរ​។​

៥. ទទួលបាន​សារធាតុ choline បន្ថែម​

​សារធាតុ choline ល្អ​សម្រាប់​សុខភាព​សាច់ដុំ ថ្លើម ខួរក្បាល អារម្មណ៍ និង​ការដុត​រំលាយ​អាហារ​។ ហើយ​អ្នក​អាច​ទទួលបាន​សារធាតុ choline បន្ថែម​ដល់​ទៅ ២០ ភាគរយ​នៅពេល​ទទួលទាន​ស៊ុត​ឆៅ​។​

•​    ​ផលវិបាក​

១. ប្រូតេអ៊ីន​តិច​ត្រូវបាន​ស្រូបយក​

​ស៊ុតមាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ ស៊ុត​អាច​ផ្ដល់​អាមីណូអាស៊ីត​ចំនួន ៩ ដែល​រាងកាយ​មិនអាច​ផលិត​ខ្លួនឯងបាន​។ ទោះជា​យ៉ាងណាក៏ដោយ​ប្រូតេអ៊ីន​មិនអាច​ត្រូវបាន​ស្រូបយក​ពេញលេញ​ទេ ប្រសិនបើ​អ្នកទទួល​ទាន​ស៊ុត​ឆៅ​។ នោះ​ក៏​ព្រោះតែ​ប្រូតេអ៊ីន​ប្រមាណ​ដល់​ទៅ ៩០ ភាគរយ​ត្រូវ​រាងកាយ​ស្រូប​យកបាន​ប្រសិនបើ​ទទួលទាន​ស៊ុត​ឆ្អិន ខណៈដែល​មានតែ ៥០ ភាគរយ​នៃ​ប្រូតេអ៊ីន​ប៉ុណ្ណោះ​ក្នុង​ស៊ុត​ឆៅ​ត្រូវបាន​ស្រូបយក​។​

២. អាច​ឆ្លង​បាក់តេរី​

​សីតុណ្ហភាព​ខ្ពស់ ឬ​កម្ដៅ​ខ្លាំង​អាច​សម្លាប់​ពពួក​បាក់តេរី​និង​មេរោគ ហើយ​នេះ​ជា​មូលហេតុ​ល្អ​មួយ​ដែល​អ្នក​គួរ​ចម្អិន​អាហារ​ឆៅ​ផ្សេងៗ​ឱ្យ​ឆ្អិន​សិន សឹម​ទទួលទាន​ចៀសវាង​បញ្ហា​សុខភាព​បណ្ដាលមកពី​បាក់តេរី​។ ស៊ុត​ឆៅ​អាចមាន​ផ្ទុក​បាក់តេរី salmonella ដែល​បង្កបញ្ហា​ពុល​អាហារ​។ អ្នកជំនាញ​ជាច្រើន​និយាយថា​បាក់តេរី salmonella អាចមាន​ជាប់​នឹង​សំបក ក៏ដូចជា​ក្នុង​ស៊ុត​តែម្ដង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com