អន្តរជាតិ
ប្រមុខ​ការទូត​ចិន​៖ គ្មាន​ឥទ្ធិពល​ណាមួយ អាច​បញ្ឈប់​ចិន​ឲ្យ​អភិវឌ្ឍ​កាន់តែខ្លាំង​ឡើងៗ​ឡើយ​
25, Nov 2019 , 2:44 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិនមាន​ការស្ទាក់ស្ទើរ​ក្នុងការ​លើកឡើង​ពី​សក្តានុពល និង​ការអភិវឌ្ឍ​ឥតឈប់ឈរ​របស់ខ្លួន​ទៅកាន់​មេដឹកនាំ​ខាងក្រៅ​ឡើយ​។ បន្ថែម​ពី​ការ​អួតអាង​ភាពខ្លាំង​របស់ខ្លួន ប៉េកាំង ក៏បាន​រិះគន់​ប្រទេស​មហាអំណាច​មួយចំនួន ដែលមាន​គោលនយោបាយ​ចង្អៀត​ច​ម្អ​ល់ និង​តែងតែ​បង្កាច់បង្ខូច​ខ្លួន​ខុសពី​ការពិត ដែល​ទង្វើ​នេះ ក្រុង​ប៉េកាំង យល់ឃើញថា នឹង​ជះឥទ្ធិពល​មិនល្អ​ទៅកាន់​ប្រទេស​ទាំងនោះ​ជាមិនខាន​។​

 
​តាមរយៈ​ជំនួប​ក្រៅផ្លូវការ​នៃ​កិច្ចប្រជុំ​ក្រុម ២០ ជាមួយនឹង​នឹង​រដ្ឋមន្ត្រីការបរទេស​ហូ​ឡង់ Stef Blok លោក Wang Yi រដ្ឋមន្ត្រីការបរទេស​ចិន បាន​អះអាងថា ការអភិវឌ្ឍ និង​ការលូតលាស់​របស់​ចិន គឺជា​ទំនោរ​នៃ​ប្រវត្តិសាស្ត្រ​មួយ​ដែល​ត្រូវ​កើតឡើង ហើយ​គ្មាន​ឥទ្ធិពល​ណាមួយ​អាច​បញ្ឈប់​ទំនោរ​នេះ​បានឡើយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ចិន Xinhua នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​។​
 
​លោក​រដ្ឋមន្ត្រី Wang ឆ្លៀតឱកាស​នោះ បាន​វាយប្រហារ​អាមេរិក ដែលជា​ដៃគូ​ជម្លោះ​ពាណិជ្ជកម្ម​។ លោក លើកឡើងថា ចំណែក​មួយ​ដ៏​ធំ​នៃ​អស្ថិរភាព​សកល គឺ​ដោយសារ​ការមើលស្រាល​ទៅលើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ខណៈ​ជ្រើសរើស​គោលនយោបាយ​ពាណិជ្ជកម្ម​ឯកតោភាគី និង​គាំពារ​និយម​របស់​អាមេរិក​។​
 
​តាម​លោក​រដ្ឋមន្ត្រី និង​ជាទី​ប្រឹក្សា​រដ្ឋ​ចិន​ផង​នោះ ក្រុង​វ៉ាស៊ីនតោន បាន​ប្រើប្រាស់​អំណាច​រដ្ឋ​របស់​ខ្លួន​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​សហគ្រាស​របស់​ចិន​ក្នុង​គោលដៅ​បម្រើ​ផលប្រយោជន៍​នយោបាយរ​បស់​ខ្លួន ហើយ​កាន់តែ​អាក្រក់​សម្រាប់​ប៉េកាំង​នោះ កន្លងមក​មាន​អ្នកនយោបាយ​របស់​អាមេរិក​មួយចំនួន បាន​បង្កាច់​បង្ខូចឈ្មោះរ​បស់​ចិន​ជុំវិញ​ពិភពលោក ដោយ​គ្មាន​អំណះអំណាង​មូលដ្ឋាន​ឡើយ​។​
 
​ទង្វើ​របស់​អាមេរិក​បែ​ប​នេះ ប្រមុខ​ការទូត​ចិន បាន​សន្និដ្ឋានថា មិន​ចំណេញ​ដល់​នយោបាយ​អាមេរិក​ឡើយ ពោលគឺ​វា នឹង​កាន់តែ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​អាក្រក់​ជះ​មកវិញ ហើយ​ពិសេស​នោះ អាមេរិក នឹងមិន​ត្រឹមតែ​បាត់បង់​ច​រិ​ក​លក្ខណៈ​ក្នុងនាម​ជា​ប្រទេស​ធំជាងគេ​របស់​ពិភពលោក​ប៉ុ​ណ្ណ៉ោះ​នោះទេ តែ​កេរ្តិ៍ឈ្មោះ ក៏​ត្រូវបាន​បំផ្លាញ​ផងដែរ​។ 
​លោក Wang បាន​ផ្ញើ​សារ​ជា​ប្រយោល​ទៅកាន់​អាមេរិក ដោយ​មិនត្រូវ​លូកដៃ​ចូលក្នុង​រឿង​ផ្ទៃក្នុង​របស់​ចិន ដូចជា​ករណី​ហុងកុង​ជាដើម​។ អ្វីដែល​អាមេរិក​គួរ​ធ្វើ លោក បានផ្តល់​អនុសាសន៍ គឺ​ប្រកៀក​ស្មា​ជាមួយនឹង​សហគមន៍​អន្តរជាតិ ដើម្បី​ទទួលខុសត្រូវ​លើ​បញ្ហា​អន្តរជាតិ ស្របតាម​គោលការណ៍​ច្បាប់ និង​បទដ្ឋាន​អន្តរជាតិ​៕

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com