អន្តរជាតិ
Goo Hara តារាចម្រៀង Kpop ស្លាប់ ដោយ​សង្ស័យថា បានធ្វើ​អត្តឃាត​
25, Nov 2019 , 3:25 pm        
រូបភាព
Goo Hara អតីតតារាចម្រៀង Kpop (AFP)
Goo Hara អតីតតារាចម្រៀង Kpop (AFP)
ដោយ:
​តារាចម្រៀង​កូរ៉េខាងត្បូង Goo Hara ត្រូវបាន​រកឃើញថា ស្លាប់ នៅផ្ទះ​របស់​នាង ក្នុង​ទីក្រុង សេ​អ៊ូ​ល ។ ចំពោះ​មូលហេតុ​នៃ​ការស្លាប់​នេះ ប៉ូលិស នៅ​កំពុង​ស៊ើបអង្កេត​។ ការស្លាប់​របស់​នាង Goo កើតឡើង​ជាង​មួយខែ​ប៉ុណ្ណោះ ក្រោយពី​តារាចម្រៀង Kpop ស្រី​ម្នាក់​ផ្សេងទៀត រកឃើញ​ស្លាប់ ក្នុង​លក្ខណៈ​សង្ស័យថា​ជាការ​ធ្វើអត្តឃាត ។
 
​មាន​អាយុ​២៨​ឆ្នាំ Goo Hara មានឈ្មោះ​បោះ​សំឡេង​ខ្លាំង ក្រោយ​ចូល​សិល្បៈ​ក្នុង​ឆ្នាំ​២០០៨ ដោយ​រូបនាង គឺជា​អតីត​សមាជិក​ក្រុម​ចម្រៀង Kpop ដ៏​ល្បីល្បាញ​មួយ ហៅថា «Kara» ។ ក្រៅពី​អាជីព​ជា​តារាចម្រៀង Goo ក៏​ជា​តារា​សម្តែង​ភាពយន្ត​ភាគ​កូរ៉េ​ល្បីៗ​ជាច្រើន​លើ​កញ្ចក់​ទូរទស្សន៍ ដូចជា City Huter ជាដើម ជាមួយ​តារា​កូរ៉េ​ដ៏​ល្បីឈ្មោះ Lee Min-ho ។ ចាប់តាំងពី​ឆ្នាំ​២០១៥ Goo បាន​ផ្តើមចេញ​បទ​ចម្រៀង​ទោល​។ 
 
​យោងតាម​ប្រភពព័ត៌មាន​ក្នុងស្រុក ប៉ូលិស​កូរ៉េខាងត្បូង បញ្ជាក់​ឲ្យ​ដឹងថា តារាចម្រៀង Goo Hara បាន​រកឃើញថា ស្លាប់ នៅវេលា​ម៉ោង ៦​ល្ងាច (​ម៉ោង​ក្នុងស្រុក​) កាលពី​ថ្ងៃអាទិត្យ ២៤​វិច្ឆិកា នៅក្នុង​ផ្ទះ​របស់​នាង​ផ្ទាល់ ។ ប៉ូលិស អះអាង​ទៀតថា មូលហេតុ​នៃ​ការស្លាប់​របស់​នាង នៅ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​។ 
 
​ពាក្យ​ចុងក្រោយ​ដែល​នាង Goo Hara គឺ «​រាត្រីសួស្តី​» ដោយ​ភ្ជាប់​ជាមួយនឹង​រូបថត​នាង​មួយ​សន្លឹក គេង​នៅលើ​គ្រែ ហើយ​វា​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃ​សៅរ៍ ២៣​វិច្ឆិកា​។ 
 
 
 
 
 
 
View this post on Instagram
 
 
 
 
 
 
 
 
 

잘자

A post shared by 구하라 (@koohara__) on Nov 22, 2019 at 10:04am PST

 
​កាលពី​សប្តាហ៍​មុន គេ​មើលឃើញថា តារា Kpop រូបនេះ បាន​ឡើង​សម្តែង​លើ​ឆាក​ប្រគំ​តន្ត្រី នា​រដ្ឋធានី សេ​អ៊ូ​ល បន្ទាប់ពី​នាង​បាន​សម្រាក​ព្យាបាល​កាលពី​ខែឧសភា កន្លង​ទៅ ក្រោយពី​ដំណឹង​ថា​នាង​ប៉ុនប៉ង​ធ្វើអត្តឃាត​។ ក្រោយមក Goo Hara បាន​ចេញមុខ​សុំទោស​ក្រោយ​ធ្វើ​ឲ្យ​ហ្វេ​ន​របស់​នាង​មាន​ក្តីបារម្ភ​ជុំវិញ​ហេតុការណ៍​នេះ​។ របាយការណ៍​ជាច្រើន បញ្ជាក់ថា អ្នកចាត់ការ​របស់​នា​ង បាន​រកឃើញថា នាង​បាត់បង់​ស្មារតី នៅពេលនោះ​។  
 
​សូមបញ្ជាក់ថា ក្នុង​រយៈពេល​១​ឆ្នាំ​ចុងក្រោយ អាជីព​សិល្បៈ​របស់​នាង តាម​លង​ដោយ​ជីវិត​ក្រោយ​ឆាក​របស់​នាង​។ ក្នុង​ខែ កញ្ញា ២០១៨ តារា​រូបនេះ បានដាក់​ពាក្យបណ្ដឹង​ប្រឆាំង​អតីត​មិត្ត​ប្រុស​នាង​បន្ទាប់ពី​រូបគេ​បាន​គំរាម​បំផ្លាញ​អាជីព​សិល្បៈ​នាង ដោយ​ទម្លាយ​វីដេអូ​អាសអាភាស​របស់​នាង​។ ក្រោយមក អតីត​ដៃគូ​នាង​រូបនេះ ត្រូវបាន​តុលាការ​ពន្យារពេល​ការដាក់​ពន្ធ​នាគារក្នុង​ខែសីហា ចំពោះ​បទល្មើស​វាយដំ​រាងកាយ​នាង និងការ​គំរាមកំហែង​។​
 
​ការស្លាប់​របស់​នាង Goo Hara កើតឡើង​ជាង​មួយខែ​ប៉ុណ្ណោះ ក្រោយពី​តារាចម្រៀង Kpop ស្រី​ម្នាក់ទៀត ឈ្មោះថា Sulli ក៏​ត្រូវបាន​រកឃើញថា ស្លាប់ ក្នុងស្ថានភាព​សង្ស័យថា ធ្វើអត្តឃាត បន្ទាប់ពី​នាងរង​ការស្តីបន្ទោស​ខ្លាំង​តាម​ប្រព័ន្ធ​អន​ឡាញ​។  តារា​កូរ៉េ​ល្បីឈ្មោះ​ទាំងពីរ​នាក់​នេះ គឺជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា ហើយ​បន្ទាប់ពី​ការស្លាប់​របស់​នាង Sulli តារាចម្រៀង Goo បានចាត់ទុក​ទំនាក់ទំនង​របស់​ពួកគេ​ថា ដូច​បងប្អូន​ស្រី ។ យោងតាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក កូរ៉េខាងត្បូង មាន​អត្រា​នៃ​ការធ្វើអត្តឃាត​ខ្ពស់បំផុត​មួយ​លើ​ពិភពលោក​៕

Tag:
 កូរ៉េខាងត្បូង​
  Goo Hara
  Kpop
 វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com