រថយន្ត
អន្តរជាតិ
Ronaldinho ជា​អតិថិជន​ដំបូង​ក្នុង​ពិ​ព័រ​ណ៌​យានយន្ត​ទំនើបៗ​នៅ​ក្រុង​រី​យ៉ា​ត
25, Nov 2019 , 8:19 pm        
រូបភាព
ដោយ: ធីតា
​អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល Ronaldinho ជា​អតិថិជន​ដំបូង​ដែល​ទិញ​រថយន្ត​ក្នុង​ពិ​ព័រ​ណ៌ Riyadh Motor Show 2019 ។ យោងតាម​ការផ្សាយ​រប​ស់ Arab News អតីត​ខ្សែបម្រើ​ឆ្នើម Barcelona និង AC Milan រូបនេះ បាន​ទិញ​រថយន្ត Aston Martin Rapide AMR ដែល​ស្ថិត​ក្នុងចំណោម​ម៉ូ​ដែល​រថយន្ត​កម្រ​ជាង​១២០០​គ្រឿងក្នុង​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​។​
 
​ក្រុង​រី​យ៉ា​ត ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ក្លាយជា​ម្ចាស់ផ្ទះ​នៃ​ពិ​ព័រ​ណ៌​យានយន្ត Riyadh Motor Show 2019 ចន្លោះ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ រថយន្ត​ទំនើបៗ និង​កម្រ ជាង​១២០០​គ្រឿង​ត្រូវដាក់​បង្ហាញ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​រៀបចំ​ព្រឹត្តិការណ៍​សាធារណៈ​អា​រ៉ា​ប៊ី​សា​អូឌីត (GEA)​។​
 
​របាយការណ៍​បាន​បង្ហាញថា Ronaldinho បាន​ក្លាយជា​អតិថិ​ជិន​ដំបូង​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ តាមរយៈ​ការបញ្ជាទិញ Aston Martin Rapide AMR ដែលជា​ប្រភេទ​រថយន្ត​ទំនើប និង​ត្រូវបាន​ផលិត​ដាច់ដោយឡែក​។ រថយន្ត​ប្រភេទ​ដូចគ្នានេះ មានតែ​ក្នុង​រង្វង់​២០០​គ្រឿង​ប៉ុណ្ណោះ​នៅលើ​ពិភពលោក​។​


 
Ronaldinho បាន​បង្ហោះ​រូបថត​របស់ខ្លួន​ជាមួយ​រថយន្ត​ក្នុង​បណ្តាញ​សង្គម Instagram របស់ខ្លួន ដោយ​កោត​សរសេរ​អា​រ៉ា​ប៊ី​សា​អូឌីត​ថា ជា​ប្រទេស​ដ៏​អស្ចារ្យ​។ Arab News មិនបាន​បញ្ជាក់​ច្បាស់​ពី​តម្លៃ​នៃ​រថយន្ត Aston Martin Rapide AMR ឡើយ តែបើ​តាម​ការផ្សាយ​រប​ស់​សារព័ត៌មាន​កីឡា Soccer Laduma រថយន្ត​នៅមាន​តម្លៃ​ក្នុង​ខ្ទង់​២៥​ម៉ឺន​ដុល្លារ​អាមេរិក​។​
 
​លោក Turki Al-Sheikh ប្រធាន​ក្រុមប្រឹក្សានាយក​នៃ​អាជ្ញាធរ​រៀបចំ​ព្រឹត្តិការណ៍​សាធារណៈ​អា​រ៉ា​ប៊ី​សា​អូឌីត (GEA) បានបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ព្រឹត្តិការណ៍ Riyadh Motor Show 2019 មាន​រថយន្ត​ទំនើបៗ និង​កម្រ​ជាង​១២០០​គ្រឿង ក្នុងនោះ​មាន​រថយន្ត​នៃ​អនាគត​មួយគ្រឿង គឺ «Car 2030» ដែលមាន​តម្លៃ​ជាង​៨៥​ម៉ឺន​ដុល្លារ​អាមេរិក​៕





© រក្សាសិទ្ធិដោយ thmeythmey.com