អន្តរជាតិ
ប្រមុខ​ការទូត​ចិន​៖ ហុងកុង គឺជា​ផ្នែក​មួយ​របស់​ចិន បើទោះបីជា​មានរឿង​អ្វី​កើតឡើង​ក៏ដោយ​
25, Nov 2019 , 9:59 pm        
រូបភាព
ប្រមុខការទូតចិន លោកវ៉ាង យី និយាយទៅកាន់អ្នកកាសែត, រូបភាព៖ AFP
ប្រមុខការទូតចិន លោកវ៉ាង យី និយាយទៅកាន់អ្នកកាសែត, រូបភាព៖ AFP
​ហុងកុង គឺជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន បើទោះបី​ជាមាន​បញ្ហា​អ្វី​កើតឡើង​ក៏ដោយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក វ៉ាង យី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា នៅលើ​ទឹកដី​ជប៉ុន​។ ការអះអាង​របស់​ប្រមុខ​ការទូត​ចិន​បែបនេះ បន្ទាប់ពី​បេក្ខជន​មាន​និន្នាការ​រក​លទ្ធិប្រជាធិបតេយ្យ បានទទួល​សំឡេងឆ្នោត​យ៉ាង​លើសលុប​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ស្រុក​។
 
​លទ្ធផល​ទទួលបាន​សំឡេងគាំទ្រ​យ៉ាងខ្លាំង​លើ​បេក្ខជន​មាន​និន្នាការ​រក​លទ្ធិប្រជាធិបតេយ្យ នា​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែវិច្ឆិកា នៅក្នុង​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត គឺជា​សារ​មួយ​ដ៏​សំខាន់​សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ហុងកុង ជាពិសេស ការបោះឆ្នោត​លើក​នេះ គឺជា​សារ ដែល​បង្ហាញ​ពី​ជំហរ​គាំទ្រ​ជា​សាធារណៈ​លើ​ការទាមទារ​របស់​ក្រុមបាតុករ ដែល​បាន​បាតុកម្ម​នៅក្នុង​ទីក្រុង​ជាច្រើន​ខែ​មក​។ 
 
​ទាក់ទិន​ទៅនឹង​ការបោះឆ្នោត​នេះ ប្រមុខ​ការទូត​ចិន វ៉ាង យី បាន​លើកឡើងថា លទ្ធផល​ការបោះឆ្នោត​នេះ មិនមែនជា​លទ្ធផល​ចុងក្រោយ​នៅឡើយ​ទេ ហើយ​ត្រូវ​រងចាំ​មើល​លទ្ធផល​ចុងក្រោយ​សិន​។ ទន្ទឹមនេះ លោក​វ៉ាង បាន​គូស​បញ្ជាក់ទៀតថា បើទោះបីជា មាន​អ្វី​កើតឡើង​ក៏ដោយ ទីក្រុង​ហុងកុង​នៅតែ​ជា​ផ្នែក​មួយ និង​ជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន​នេះ​ដដែល​។ នេះ​បើតាម​ការអះអាង​របស់​ប្រមុខ​ការទូត​ចិន​ប្រាប់​អ្នកការ​សែត បន្ទាប់ពី​មាន​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នាទី​ក្រុង​តូ​ក្យូ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា​។ 
 
​ជាមួយគ្នានេះដែរ ក្នុងន័យ​ព្រមាន​ដល់​បុគ្គល​ទាំងឡាយណា ដែល​ចង់​បំផ្លាញ​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​មួយ​នេះ ប្រមុខ​ការទូត​ចិន គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា រាល់​ការប៉ុនប៉ង បំផ្លិចបំផ្លាញ​វិបុលភាព និង​ស្ថិរភាព​ទីក្រុង​ហុងកុង នឹងមិន​ទទួលបាន​ជោគជ័យ​អ្វី​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។ 
 
​សូមបញ្ជាក់ថា ទីក្រុង​ហុងកុង នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក​ជា​លើកដំបូង​បង្អស់ បន្ទាប់ពី​មាន​បាតុកម្ម​អស់​រយៈពេល ៦​ខែ​កន្លងមក​។ តាមរយៈ​ការបោះឆ្នោត​មួយ​នេះ បេក្ខជន​មាន​និន្នាការ​រក​លទ្ធិប្រជាធិបតេយ្យ បានទទួល​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​។ ក្នុងនោះ​បេក្ខជន​ប្រជាធិបតេយ្យ បានទទួល​កៅអី​ច្រើនជាង​ពាក់កណ្តាល ខណៈពេល​កៅអី​ក្រុមប្រឹក្សា​ស្រុក​សរុប​មាន ៤៥២​។ ចំណែក​អ្នក​ទៅ​បោះឆ្នោត ក៏មាន​ចំនួន​ច្រើន​ផងដែរ​ក្នុងការ​បោះឆ្នោត​លើក​នេះ ពោលគឺ​មាន​ចំនួន​រហូតដល់ ៧១,២​ភាគរយ​នៃ​អ្នក​មានឈ្មោះ​បោះឆ្នោត​ជាង​បួន​លាន​នាក់​៕ 

Tag:
 ចិន​
  វ៉ាង យី​
© រក្សាសិទ្ធិដោយ thmeythmey.com