អន្តរជាតិ
លោកស្រី ការី ឡាំ ទទួលស្គាល់​ពី​ការមិន​ពេញចិត្ត​របស់​ពលរដ្ឋ ក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ស្រុក​
26, Nov 2019 , 8:39 pm        
រូបភាព
លោកស្រីប្រធានប្រតិបត្តិទីក្រុងហុងកុង ការី ឡាំ ធ្វើសន្និសីទកាសែតនៅទីក្រុងហុងកុង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩, រូបភាព៖ Reuters
លោកស្រីប្រធានប្រតិបត្តិទីក្រុងហុងកុង ការី ឡាំ ធ្វើសន្និសីទកាសែតនៅទីក្រុងហុងកុង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩, រូបភាព៖ Reuters
​លោកស្រី​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង ការី ឡាំ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា បាន​ទទួលស្គាល់ថា ការ​ឈ្នះឆ្នោត​ដ៏​លើសលុប​របស់​បេក្ខជន​ប្រជាធិបតេយ្យ គឺជា​ការបង្ហាញ ភាពមិន​ពេញចិត្ត​របស់​សាធារណមតិ លើ​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​កន្លងមក​។ ការលើកឡើង​បែបនេះ បន្ទាប់ពី​បេក្ខជន​ប្រជាធិបតេយ្យ បានទទួល​សំឡេងគាំទ្រ​រហូតដល់ ៩០​ភាគរយ នៃ​ចំនួន​កៅអី​ក្រុមប្រឹក្សា​ស្រុក​សរុប​។​

 
​នា​សន្និសីទកាសែត​ថ្ងៃទី​២៦ វិច្ឆិកា លោកស្រី​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង ការី ឡាំ បានបង្ហាញ​ពី​ក្តីបារម្ភ​ទាក់ទង​ទៅនឹង​ភាពខ្វះខាត​របស់​រដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​បញ្ហា​អស្ថិរភាព និង​ការបញ្ចប់​អំពើហិង្សា​នៅក្នុង​ទីក្រុង​ហុងកុង​កន្លងមក​។ លោកស្រី​ប្រធាន​ប្រតិបត្តិ ក៏​ទទួលស្គាល់​ផងដែរ​ថា បេក្ខជន​ប្រជា​ធិ​តេ​យ្យ បានទទួល​សំឡេងគាំទ្រ​រហូតដល់ ៩០​ភាគរយ នៃ​ចំនួន​កៅអី​ក្រុមប្រឹក្សា​សរុប​៤៥២ កៅអី ខណៈពេល​មាន​សំឡេង​តិចតួច​ប៉ុណ្ណោះ បោះឆ្នោត​លើ​បេក្ខជន​មាន​និន្នាការ​រក​ទីក្រុង​ប៉េកាំង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Channel News Asia​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​លទ្ធផល​បោះឆ្នោត​នេះ លោកស្រី ការី ឡាំ សារភាពថា លទ្ធផល​បោះឆ្នោត​មួយ​នេះ គឺ​ច្បាស់​ណាស់​ថា គឺជា​ការ​បញ្ច​ញ​មតិ និង​ការយល់ឃើញ​របស់​ប្រជាពលរដ្ឋ មកលើ​រដ្ឋាភិបាល​ទីក្រុង​ហុងកុង និង​លោកស្រី​ផ្ទាល់​។ បើទោះបីជា​បេក្ខជន​ប្រជាធិបតេយ្យ​ទទួលបាន​សំឡេងគាំទ្រ​យ៉ាងច្រើន​ក៏ដោយ ក៏​លោកស្រី ការី ឡាំ យល់ឃើញថា គឺជា​ការបញ្ចេញមតិ​ដោយ​សន្តិ​ភព ប្រឆាំង​ទៅនឹង​អំពើហិង្សា​នៅក្នុង​ទីក្រុង​។​
 
​ចំណែក​លទ្ធផល​នៃ​ការ​ចាញ់ឆ្នោត​មួយ​នេះ លោកស្រី​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង​យល់ឃើញថា ទំនង​មកពី​ប្រជាជនមាន​អារម្មណ៍​ថា រដ្ឋាភិបាល​មិនបាន​ប្រតិបត្តិ​តាមច្បាប់​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ទើប​លទ្ធផល​ទៅជា​បែបនេះ​។ ដើម្បី​ឆ្លើយតប​ទៅនឹង​ភាព​អសកម្ម និង​ការខ្វះខាត​ទាំងឡាយ រដ្ឋាភិបាល​ទីក្រុង​ពាក់កណ្តាល​ស្វ​យ័យ​មួយ​នេះ នឹង​កែលម្អ​ប្រព័ន្ធ​រដ្ឋបាល​របស់ខ្លួន​ឡើងវិញ​។ 
 
​ជាការ​ពិត ការគាំទ្រ​យ៉ាងច្រើន​លើសលុប​លើ​បេក្ខជន​ប្រជា​ធិ​តេ​យ្យ ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ស្រុក​នា​ថ្ងៃទី​២៤ ខែវិច្ឆិកា គឺ​បង្ហាញ​ពី​ការគាំទ្រ​របស់​ប្រជាជន​ជាច្រើន ទៅលើ​ចលនា​ក្រុម​បាតុកម្ម​នៅក្នុង​ទឹកដី​ហុងកុង​។ ក្នុងការ​បោះឆ្នោត​នេះ អ្នក​ទៅ​បោះឆ្នោត ក៏មាន​ចំនួន​ច្រើន​ផងដែរ ពោលគឺ​មាន​ចំនួន​រហូតដល់ ៧១,២​ភាគរយ​នៃ​អ្នក​មានឈ្មោះ​បោះឆ្នោត​ជាង​បួន​លាន​នាក់​៕

Tag:
 ហុងកុង​
  ការី ឡាំ​
© រក្សាសិទ្ធិដោយ thmeythmey.com