រថយន្ត
អន្តរជាតិ
ប្រធានាធិបតី វី​ដូ​ដូ ជិះ​ម៉ូតូ​ពិនិត្យ​មើលផ្លូវ និង​ច្រកព្រំដែន​ថ្មី​រវាង​ឥណ្ឌូណេស៊ី​-​ម៉ាឡេស៊ី​
23, Dec 2019 , 7:19 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ជិះម៉ូតូត្រូតពិនិត្យផ្លូវថ្នល់។ រូបភាព Antara
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ជិះម៉ូតូត្រូតពិនិត្យផ្លូវថ្នល់។ រូបភាព Antara
ដោយ:
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ បាន​ឆ្លៀតឱកាស​ពេលវេលា​លំហែកាយ​ជាមួយ​ក្រុមការងារ​ដើម្បី​ពិនិត្យមើល​ស្ថានភាព​ផ្លូវ និង​ច្រកព្រំដែន​ថ្មី​រវាង​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី តាម​មធ្យោបាយ​បើក​ម៉ូតូ​ដោយ​ខ្លួនឯង​។​
 
​ស្រដៀង​ទៅនឹង​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ការបើក​ម៉ូតូ​ដោយ​ខ្លួនឯង​ដើម្បី​លំហែកាយ និង​ពិនិត្យមើល​ស្ថានភាព​ប្រជាជន ក៏​ជា​ចំណង់​ចំណូលចិត្ត​មួយ​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ​ផងដែរ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Globe នៅ​ថ្ងៃទី​២០ ខែធ្នូ​កន្លងទៅ លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​ដឹកនាំ​សហការី​របស់លោក​ជិះ​ម៉ូតូ​ដើម្បី​ពិនិត្យមើល​ការសាងសង់​ផ្លូវ​ថ្មី​ក្នុង​ខេត្ត​កាលី​ម៉ាន់​តាន់ នៃ​កោះ​ប័​រ​ណេ​អូ (Borneo) ដែលជា​កន្លែង ដែល​លោក​ប្រធានាធិបតី ប្រកាស​ធ្វើជា​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​ប្រធានាធិបតី ក៏បាន​ឆ្លៀតឱកាស​នោះ ដើម្បី​ពិនិត្យមើល​ច្រកព្រំដែន​ថ្មី​រវាង​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ដែល​ស្ថិតនៅ​ក្បែរ​កោះ​នោះ​ផងដែរ​។ 
 
​គួរ​ជម្រាប​ថា លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ត្រូវបាន​គេ​ស្គាល់​ថា ជា​មេដឹកនាំ​ដ៏​សាមញ្ញ​មួយ ដែល​អាច​បើក​ម៉ូតូ​ដោយ​ខ្លួនឯង​យ៉ាង​ជំនាញ​។ នៅ​ឆ្នាំ​២០១៨​កន្លងទៅ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ ដោយ​លោក​បាន​ជិះ​ម៉ូតូ​ធំ​ចូលទៅក្នុង​កីឡដ្ឋាន Gelora Bung Karno ដើម្បី​ចូលរួម​កម្មវិធី​បើក​កីឡា​ប្រចាំ​ទ្វីបអាស៊ី​លើក​ទី​១៨​ជា​ផ្លូវការ​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com