ជាតិ
សង្គមជាតិ
អង្គការសត្វស្លាប រកឃើញសត្វស្លាប៣៤ប្រភេទ នៅតំបន់រ៉ាមសារស្ទឹងសែន 13, Jan 2020 , 11:20 pm
ទំព័រហ្វេសប៊ុក BirdLife International Cambodia Programme
× អង្គការសត្វស្លាបអន្តរជាតិ (BirdLife) បានធ្វើជំរនសត្វអាស៊ីលើកដំបូងក្នុងតំបន់រ៉ាមសារស្ទឹងសែន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ដោយសហការជាមួយក្រុមឧទ្យានុរក្សប្រចាំការក្នុងតំបន់។ ជាលទ្ធផល ក្រុមការងារ បានរាប់ឃើញសត្វស្លាប៣៤ប្រភេទ ដោយប្រើរយៈពេលប្រមាណ៨ម៉ោង។
អង្គការសត្វស្លាប បង្ហោះលើទំព័រហ្វេសប៊ុក BirdLife International Cambodia Programme ថា សត្វស្លាបទាំងនោះ មានដូចជា ត្រដក់តូច៦ក្បាល ចង្កៀលខ្យងប្រមាណ៩០០ក្បាល ស្មោញ អកត្រីក្បាលប្រផេះ និង ទោម ជាដើម។ អង្គការសត្វស្លាប សង្កេតឃើញថា ដើមឆ្នាំ២០២០នេះ តំបន់រ៉ាមសារស្ទឹងសែន ហាក់អាចទាក់ទាញប្រភេទសត្វស្លាបបានច្រើនជាងឆ្នាំមុនៗ ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ក្រុមការងារក្នុងការបន្តការអង្កេតតាមដានបន្ថែមទៀតផងដែរ។
តំបន់រ៉ាមសារស្ទឹងសែន ស្ថិតនៅប៉ែកអាគ្នេយ៍នៃបឹងទន្លេសាប ជាប្រភេទតំបន់ដីសើមទឹកសាប សម្បូរដោយព្រៃលិចទឹក មានអាយុកាលជាយូរ និងជាទីជម្រកដ៏សខាន់សម្រាប់ជីវចម្រុះគ្រប់ប្រភេទ។ លើសពីនេះ ព្រៃគុម្ភោត និងវាលស្មៅ ក្នុងតំបន់រ៉ាមសារស្ទឹងសែន គឺមានសារៈសំខាន់ណាស់ ក្នុងការទ្រទ្រង់ដល់ពពួក សត្វស្លាបទឹក ថនិកសត្វ និងមច្ឆាជាតិជាច្រើនប្រភេទ ផ្សេងទៀត៕
រូបពីទំព័រហ្វេសប៊ុក BirdLife International Cambodia Programme
© រក្សាសិទ្ធិដោយ thmeythmey.com