ជាតិ
សង្គមជាតិ
ការសិក្សា៖ អ្នកអានសៀវភៅ មានទំនាក់ទំនងសង្គមល្អជាងអ្នកចូលចិត្តមើលទូរទស្សន៍ 11, Jul 2021 , 9:29 pm
× អានសៀវភៅធ្វើឲ្យអ្នកឆ្លាត ហើយបន្ថែមពីលើនេះ វាក៏បានធ្វើឲ្យអ្នកក្លាយជាមនុស្សចិត្តល្អ យល់ចិត្តអ្នកដទៃ ជាពិសេសមានទំនាក់ទំនងល្អក្នុងសង្គមផងដែរ។ ការសិក្សាថ្មីមួយនៅអង់គ្លេស បានបង្ហាញលទ្ធផលយ៉ាងដូច្នេះ។
សាកលវិទ្យាល័យ Kingston នៅក្នុងទីក្រុងឡុងដ៍ បានសិក្សាលម្អិតលើអ្នកចូលរួមចំនួន១២៤នាក់ ដោយពួកគេត្រូវបានសាកសួរទាក់ទងនឹងសៀវភៅ ទូរទស្សន៍ និងកម្មវិធីកម្សាន្តផ្សេងៗ។ ជាមួយគ្នានេះ ក្រុមអ្នកសិក្សាក៏បានធ្វើតេស្តិ៍ពួកគេលើជំនាញទំនាក់ទំនង អារម្មណ៍ និងសកម្មភាពផ្សេងៗ។
លទ្ធផលបានបង្ហាញថា អ្នកដែលចូលចិត្តអានសៀវភៅ មានទំនាក់ទំនងក្នុងសង្គមល្អប្រសើរជាងអ្នកចូលចិត្តមើលទូរទស្សន៍។ អ្នកមើលទូរទស្សន៍មួយចំនួនធំ ហាក់ដូចជាសោះអង្កើយដាក់អ្នកដទៃ មិនសូវនិយមរាប់អាន ឬមិត្តភាពនោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាបានបង្ហាញថា សៀវភៅបែបអក្សរសិល្បិ៍ ហាក់មានឥទ្ធិពលជាវិជ្ជមានខ្លាំងជាងគេ ជាពិសេសរឿងប្រលោមលោក។ អ្នកអានរឿងមនោសញ្ចេតនា ភាគច្រើនតែងតែយល់ចិត្តអ្នកដទៃ។ អ្នកអានសៀវភៅបែបទស្សនៈសម្បូរគំនិតប្លែកៗច្រើន រីឯអ្នកអានរឿងកំប្លែង ពិតជាពូកែខ្លាំងណាស់លើទំនាក់ទំនងក្នុងសង្គម។
ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Kingston បានបង្ហាញលទ្ធផលនៃការសិក្សារបស់ខ្លួននាសន្និសីទ British Psychological Society ដែលរៀបចំនៅក្រុង Brighton កន្លងមក ដើម្បីលើកទឹកចិត្តអ្នកអានសៀវភៅទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com