អន្តរជាតិ
វៀតណាម​ប្រែ​ក្លាយទៅជា​ទិសដៅ​ទេសចរណ៍​សុខាភិបាល​សម្រាប់​ព្យាបាល​ធ្មេញ​និង​កែ​សម្ផស្ស​
22, Jan 2020 , 1:39 pm        
រូបភាព
Chinese tourists ride rickshaws for sightseeing in Hanoi, Vietnam, Thursday, Dec. 1, 2016. China tops the list of number of tourists coming to Vietnam. (AP Photo/Tran Van Minh)
Chinese tourists ride rickshaws for sightseeing in Hanoi, Vietnam, Thursday, Dec. 1, 2016. China tops the list of number of tourists coming to Vietnam. (AP Photo/Tran Van Minh)
ដោយ: VOA
​តៃប៉ិ ៖ ភ្ញៀវទេសចរ​អន្តរជាតិ​ជាធម្មតា​សម្រុក​ចូលទៅ​ប្រទេស​វៀតណាម​ដើម្បី​ទៅ​មើល​ស្ថាបត្យកម្ម​សម័យ​អាណានិគម​និង​ផ្ទាំង​ថ្ម​ដែល​ផុស​ចេញពី​សមុទ្រ​។ នាពេល​បច្ចុប្បន្ននេះ អ្នកខ្លះ​តម្រង់​គោលដៅ​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​និង​គ្លីនិក​នៅ​ប្រទេស​នេះ​។ ពួកគេ​គឺជា​ផ្នែក​មួយ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​សុខាភិបាល​ចុងក្រោយ​នៅ​ទ្វីបអាស៊ី​។​
 
​ក្រុមមន្ត្រី​វៀតណាម​បាន​លើកឡើងថា ចំនួន​ភ្ញៀវទេសចរ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​បាន​កើនឡើង​៣​ដង​ក្នុង​ចន្លោះ​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៨​។ ពួកគេ​រំពឹងថា ចំនួន​ភ្ញៀវទេសចរ​នឹង​បន្ត​កើនឡើង ហើយ​ជាពិសេស​ពួកគេ​មកកាន់​វៀតណាម​ជា​លក្ខណៈ​ទេសចរណ៍​សុខាភិបាល ដូចជា​ដើម្បី​ទៅ​ព្យាបាល​ធ្មេញ​និង​វះកាត់​កែ​សម្ផស្ស​។​
 
​ស្ថិរភាព​នយោបាយ​រប​ស់​វៀតណាម តម្លៃ​សមរម្យ​នៃ​សេវា​ថែទាំ​សុខភាព និង​ឱសថ​ដែលមាន​គុណភាព​ខ្ពស់​មួយចំនួន បាន​ជំរុញ​ឲ្យ​មាន​និន្នាការ​នេះ​រួចហើយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកវិភាគ​នៅក្នុង​ប្រទេស​នេះ​។ ប្រទេស​វៀតណាម​មាន​ជំហរ​ចូលរួម​ជាមួយ​ប្រទេស​ផ្សេងទៀត​រួមមាន សិង្ហ​បុរី ថៃ និង​តៃវ៉ាន់ ក្នុងការ​ទាក់ទាញ​ទេសចរណ៍​សុខាភិបាល ប៉ុន្តែ​ការព្យាបាល​នៅ​ប្រទេស​វៀតណាម​មានតម្លៃ​ថោក​ជាង​ប្រទេស​ផ្សេងទៀត​។​
 
​លោក Mike Lynch គឺជា​នាយក​ចាត់ការ​នៃ​ក្រុមហ៊ុន​ឈ្មួញកណ្ដាល SSI Institutional Brokerage មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ​។​
 
​លោក​បាន​ថ្លែងថា​៖«​ខ្ញុំ​ពិតជា​បានឃើញ​មាន​និន្នាការ​មួយ​ដែល​មនុស្សម្នា​នាំគ្នា​មកកាន់​ទីនេះ​។ ការព្យាបាល​នៅ​វៀតណាម​មានតម្លៃ​ថោក​ជាង​នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​សិង្ហ​បុរី​។ ក្នុងចំណោម​ទេសចរណ៍​សុខាភិបាល សេវា​កែ​សម្ផស្ស​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើនជាងគេ​។ មាន​សេវា​បែបនេះ​ច្រើនណាស់​នៅទីនេះ​»​។​
 
​ចំណូល​របស់​ប្រទេស​វៀតណាម​
 
​គិត​មកដល់​ថ្ងៃនេះ ជនបរទេស​ជាង​៨​ម៉ឺន​នាក់​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​។ នេះ​បើ​យោងតាម​គេហទំព័រ​ព័ត៌មាន​គ្រប់គ្រង​រដ្ឋ​Vietnam Investment Review​។ គេហទំព័រ​ដដែល​បន្ថែ​ម​ថា ភ្ញៀវទេសចរ​ទាំងនេះ​ចូលរួម​បង្កើត​ប្រាក់ចំណូល​សរុប​ជាង​១​ពាន់​លាន​ដុល្លារ​។ វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេស​នេះ​បាន​កើនឡើង​ពី ១៨ ភាគរយ​ទៅ ២០ ភាគរយ ជា​រៀងរាល់ឆ្នាំ​។​


រូបឯកសារ៖ ប្រាក់​ដុង​វៀតណាម​នៅ​ក្នុង​ធនាគារ​ពាណិជ្ជ​អាស៊ី ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។
 
​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ពាណិជ្ជកម្ម​ឈ្មោះថា Dezan Shira & Associates រកបាន​ចំណូល​រហូតដល់​ទៅ​២​ពាន់​លាន​ដុល្លារ​គិតតែ​នៅក្នុង​ឆ្នាំ​២០១៧​។ ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ដដែល​បញ្ជាក់ថា​៖«​វៀតណាម​កំពុង​លេចមុខ​លេច​មាត់​ជា​តួអង្គ​សំខាន់​មួយ​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​សុខាភិបាល​នៅ​អាស៊ី​»​។​
 
​លោក Tran Quoc Bao នាយក​ផ្នែក​ផែនការ​និង​ទីផ្សារ​នៅឯ​មន្ទីរពេទ្យ City International ក្នុង​ទីក្រុង​ហូជីមិញ​បាន​ថ្លែង​ក្នុង​សន្និសីទ​ថ្នាក់​តំបន់​នៅ​ដើមឆ្នាំ​នេះ​ថា វៀតណាម​គឺជា​កន្លែង​ដែល​គេ​ចូលចិត្ត​ទៅ​ទទួល​សេវា​សុខាភិបាល និង​ពិនិត្យ​សុខភាព​។ នេះ​បើតាម​ការ​ស្រង់​សម្ដី​របស់លោក Tran Quoc Bao ដោយ​កាសែត​វិនិយោគ (Investment Review)​។​
 
​បើតាម​ចំនួន​ប្រាក់ចំណូល​នៅ​ប្រទេស​សិង្ហ​បុរី​និង​នៅ​ប្រទេស​ថៃ​បញ្ជាក់ថា ទេសចរណ៍​សុខាភិបាល​ពិតជា​បង្កើត​ប្រាក់ចំណូល​។ អាជ្ញាធរ​ទេសចរណ៍​ថៃ បាន​ប៉ាន់ប្រមាណ​ថា ចំណូល​សរុប​ពី​ទេសចរណ៍​សុខាភិបាល​កាលពី​ឆ្នាំ​២០១៨​មាន​ចំនួន​២៦​ពាន់​លាន​បាត​ឬ​ប្រមាណ ៨៦០​លាន​ដុល្លារ គឺ​កើនឡើង​ចំនួន​១៤​ភាគរយ ប្រៀបធៀប​នឹង​ប្រាក់ចំណេញ​ពី​វិស័យនេះ​នៅ​ឆ្នាំ ២០១៧​។ នេះ​បើតាម​ការរាយការណ៍រ​បស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ​។ ចំណែក​ប្រាក់ចំណូល​ពី​ទេសចរណ៍​សុខាភិបាល​សិង្ហ​បុរី​វិញ បាន​កើនឡើង​ក្នុង​កម្រិត​ប្រចាំឆ្នាំ ១០​ភាគរយ នៅ​ឆ្នាំ ២០១៧ គឺមាន​ចំនួន ១​ពាន់​លាន​ដុល្លារ​សិង្ហ​បុរី ឬ​ប្រមាណ ៧៣៧ លាន​ដុល្លារ នេះ​បើតាម​ទស្សនាវដ្ដី​សុខភាព​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត Healthcare Asia​។​
 
​ទេសចរណ៍​សុខាភិបាល​បង្កើត​ប្រាក់ចំណូល​យ៉ាងហោចណាស់ ១​ភាគ​៣ នៃ​ប្រាក់ចំណូល​របស់​មន្ទីរ​ពេទ្យ​ឯកជន នៅក្នុង​បណ្តា​ប្រទេស​ភាគច្រើន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​គឺជា​ទីផ្សារ​ទេសចរណ៍​សុខាភិបាល​ធំជាងគេ​នៅលើ​ពិភពលោក គិត​ត្រឹម​ឆ្នាំ ២០១៧​។ នេះ​បើតាម​ការស្រាវជ្រាវ​រក​ឃើញ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ Zion Market Research ហើយ​ដែល​ត្រូវបាន​ដកស្រង់​មក​ចុះផ្សាយ​ដោយ​គេហទំព័រ​ទេសចរណ៍ TTG Asia​។​
 
​ការកើនឡើង​ខ្លាំង​នៃ​វិស័យ​ទេសចរណ៍​
 
​នៅ​ចន្លោះ​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៨ ចំនួន​ភ្ញៀវទេសចរ​បរទេស​នៅ​ប្រទេស​វៀតណាម​បាន​កើនឡើង​ពី​៥​លាន​ទៅ​ជាង​១៥​លាន​នាក់​។​
 
​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ទូទៅ​បង្ហាញថា ភ្ញៀវទេសចរ​ចិន​ជាង​២.៨​លាន​នាក់​បាន​ទៅ​ទស្សនា​ប្រទេស​វៀតណាម ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ ២០១៩ ហើយ​ចំនួន​ភ្ញៀវទេសចរ​កូរ៉េខាងត្បូង បាន​កើនឡើង​២២​ភាគរយ នៅក្នុង​រយៈពេល​ដូចគ្នា បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៨ គឺ​កើន​ទៅដល់​ចំនួន​ជាង ២,៤ លាន​នាក់​។ ប្រទេស​ចិន និង​កូរ៉េខាងត្បូង​គឺជា​ប្រភព​ទេសចរណ៍​២​សំខាន់បំផុត​។​


រូបឯកសារ៖ «វៀតណាម​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​លូត​លាស់​លឿន​នៅ​លើ​ពិភពលោក ដោយ​ទាក់​ទាញ​វិនិយោគិន​បរទេស​មក​ចូល​ក្នុង​បណ្ដុំ​ធរុកិច្ច​នៅ​ភាគ​ខាង​ត្បូង គឺ​ទីក្រុង​ហូជីមិញ។
 
​នៅ​កន្លែង​ទេសចរណ៍​តាម​មាត់សមុទ្រ​សម្រាប់​សម្រាក​លំហែកាយ​ដែល​ភ្ញៀវទេសចរ​ទាំងនេះ​ចូលចិត្ត​ទៅ​ទស្សនា ដូចជា​នៅ​កោះ Phu Quoc និង​នៅ​ទីក្រុង Da Nang ជាដើម​នោះ ឧទ្យាន​កម្សាន្ត​នានា​បាន​ព្យាយាម​ដាក់បញ្ចូល​អាគារ​នានា​ដើម្បី​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ទាំងនេះ​មក​ទស្សនា និង​ធ្វើ​ឲ្យ​ទេសចរណ៍​សុខាភិបាល​កាន់តែ​មាន​និរន្តរភាព​។ នេះ​ជាការ​លើកឡើង​របស់​ក្រុមហ៊ុន Dezan Shira ។​
 
​លោក Ralf Matthaes ស្ថាបនិក​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Infocus Mekong Research នៅក្នុង​ទីក្រុង​ហូជីមិញ​បាន​និយាយថា វិស័យ​ពេទ្យធ្មេញ​ក៏​កំពុង​ទាក់ទាញ​ជនជាតិ​អូស្ត្រាលី​ឲ្យ​ចូលមក​ប្រទេស​នេះ​ក្នុង​ចំនួន​ដ៏​ច្រើន ដូច​ទៅនឹង​ការកែ​សម្ផស្ស​ដែល​ទាក់ទាញ​ជនជាតិ​កូរ៉េខាងត្បូង​អ​ញ្ជឹ​ង​ដែរ​។ ពេទ្យធ្មេញ​មួយចំនួន​បាន​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ហើយ​ត្រឡប់មក​ធ្វើការ​នៅ​វៀតណាម​វិញ​។ ជនជាតិ​កូរ៉េខាងត្បូង​ដែល​មក​រស់នៅ​វៀតណាម​ជាច្រើន​គឺជា​គ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស​។​
 
​លោក Lynch និយាយថា ពេទ្យធ្មេញ​នៅ​វៀតណាម​មានតម្លៃ ១​ភាគ ១០ នៃ​តម្លៃ​ពេទ្យធ្មេញ​នៅ​ទ្វីបអាមេរិក​ខាងជើង ហើយ​គុណភាព​នៃ​វេជ្ជបណ្ឌិត​(​នៅ​វៀតណាម​)​ត្រូវបានគេទទួលស្គាល់​បន្តិច​ម្ដងៗ​។ លោក​បាន​ព្យា​ការណ៍​ថា ក្រុមហ៊ុន​សេវា​សុខាភិបាល​ក្នុង​តំបន់​នឹង​បើក​ការិយាល័យ​នៅ​វៀតណាម បើទោះបីជា​នៅពេលនេះ​ពួកគេ​មិនទាន់មាន​វត្ត​មាននៅ​ទីនោះ​ក្នុង​ពេលនេះ​នៅឡើយ​ក៏ដោយ​។​
 
​ហានិភ័យ​និង​ឱកាស​
 
​ប្រទេស​សិង្ហ​បុរី តៃវ៉ាន់ និង​ថៃ នៅតែមាន​កេរ្តិ៍ឈ្មោះ​ល្អ​ជាង សម្រាប់​សេវា​សុខភាព​ជាទូទៅ​។ ឧទាហរណ៍ នៅ​ប្រទេស​ថៃ ជនបរទេស​តែង​ទៅកាន់​មន្ទីរពេទ្យ​របស់​ពួកគេ​សម្រាប់​ការពិនិត្យ​សុខភាព​គ្រប់មុខ ដែល​រួមមាន​ការធ្វើ​តេស្ត​រកមើល​ដុំ​សាច់ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​បញ្ហា​សរសៃឈាម​បេះដូង​ជាដើម​។​
 
​លោក Matthaes អ្នក​ប្រឹក្សា​យោបល់​ដែល​បានរស់នៅ​វៀតណាម​អស់​រយៈពេល​២៥​ឆ្នាំ​មកហើយ បាន​ព្រមាន​ប្រឆាំងនឹង​ការព្យាបាល​ជំងឺ​នៅ​វៀតណាម​។ លោក​និយាយថា វេជ្ជបណ្ឌិត​បាន​វះកាត់​ដាក់​គ្រឿង​ខុស បន្ទាប់ពី​បានធ្វើ​ឲ្យ​បាក់ជើង​មួយ ហើយ​ការប្ដឹង​ផ្ដល់​ពាក់ព័ន្ធ​នឹង​កំហុសឆ្គង​ក្នុងការ​អនុវត្ត​ការងារ​សុខាភិបាល​នេះ​កម្រ​បាន​ជោគជ័យ​ណាស់​។​
 
​លោក​និយាយថា​៖ «​ខ្ញុំ​អាច​និយាយបានថា វិស័យ​សុខាភិបាល​ទាំងមូល​នៅមានកម្រិត ប៉ុន្តែ​បើ​និយាយ​ពី​ពេទ្យធ្មេញ ឬ​ការវះកាត់​កែ​សម្ផស្ស​វិញ ខ្ញុំ​អាច​និយាយបានថា​វា​ល្អ​»​។​
 
​ការចំណាយ​ប្រាក់​បន្ថែម​អាច​កាត់បន្ថយ​ហានិភ័យ និង​ទទួលបាន​ភាព​ស្រណុក​ស្រួល​បន្ថែម ប៉ុន្តែ​តម្លៃ​ព្យាបាល​នៅ​វៀតណាម​នៅតែមាន​តម្លៃ​ទាប​ជាង​នៅ​ប្រទេស​ដែលមាន​ការអភិវឌ្ឍន៍​ជាង​នេះ​។​
 
​លោក John Rockhold អាយុ ៦៧ ឆ្នាំ ដែលជា​អ្នក​ប្រឹក្សា​យោបល់​នៅ​ក្រុមហ៊ុន​ថាមពល​អាមេរិកាំង​បាន​និយាយថា ភរិយា​របស់លោក​បាន​ស្នាក់នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​៤​ថ្ងៃ​ដើម្បី​សម្រាលកូន​។​
 
​លោក Rockhold ដែលជា​អតីតយុទ្ធជន​សម័យ​ស​ង្គ្រា​ម​វៀតណាម​មួយរូប​និយាយថា​៖ «​សម្រាប់​ខ្ញុំ អ្វីៗ​បាន​រីកចម្រើន​ច្រើនណាស់​។ ភរិយា​ខ្ញុំ​ឆ្លងទន្លេ​នៅទីនេះ​។ គាត់​ត្រូវ​បង្កើតកូន​ដោយ​ការវះកាត់ ហើយ​យើង​បាន​ទៅ​ស្នាក់នៅ​មន្ទីរពេទ្យ​កម្រិត​អន្តរជាតិ​មួយ​។ ខ្ញុំ​បាន់​បង់ប្រាក់​បន្ថែម​ដើម្បី​ទទួលបាន​បន្ទប់​ធំ​លក្ខណៈ​ឯកជន​។ ម្ដាយក្មេក​របស់ខ្ញុំ​អាច​សម្រាក​នៅ​ជាមួយ​ភរិយា​ខ្ញុំ ហើយ​គាត់​អាច​កុម្មង់​អាហារ​ពី​ភោជនីយដ្ឋាន​៥ ឬ​៦ ខុសៗ​គ្នា​។ គាត់​ស្នាក់នៅ​ទីនោះ​៤​ថ្ងៃ ហើយ​ខ្ញុំ​ត្រូវ​ចំណាយ​សរុប ១,២០០​ដុល្លារ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com