កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ អា​រ៉ា​ប៊ី​សា​អូឌីត​ទៅ​ជួប​កូរ៉េខាងត្បូង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​ទម្លាក់​ម្ចាស់​ជើងឯក​អ៊ូ​ស​បេ​គី​ស្ថាន
23, Jan 2020 , 10:31 am        
រូបភាព
អា​រ៉ា​ប៊ី​សា​អូឌីត និង​កូរ៉េខាងត្បូង​ត្រូវ​ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើម​ពានរង្វាន់ AFC U23 Championship ឆ្នាំ​២០២០ ដែល​រៀបចំ​នៅ​ប្រទេស​ថៃ​។ អារ៉ា​ប៊ី​សា​អូឌីត​បាន​ទម្លាក់​ម្ចាស់​ជើងឯក​អ៊ូ​ស​បេ​គី​ស្ថាន​ដោយ​គ្រាប់​បាល់​ជ័យជម្នះ ១-០ រីឯ​កូរ៉េខាងត្បូង​បាន​យកឈ្នះ​អូស្ត្រាលី ២-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ល្ងាច​ថ្ងៃទី​២២ ខែមករា នា​កីឡដ្ឋាន​ជាតិ Rajamangala ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ ខ្សែបម្រើ Nasser Al Omran ដែល​ទើប​ប្តូរ​ចូល​នៅ​នាទី​៨០​ទៅហើយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជម្នះ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​នាទី​៨៧​។ ១​គ្រាប់​នេះ បានបញ្ចប់​ឱកាស​របស់​អ៊ូ​ស​បេ​គី​ស្ថាន​ក្នុងការ​ឡើងទៅ​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​ដែល​បានឈ្នះ​កាលពី​ឆ្នាំ​២០១៨​។​
 
 
​ដោយឡែក កូរ៉េខាងត្បូង​ពិតជា​ក្រុម​មិនធម្មតា​ឡើយ បន្ទាប់ពី​យកឈ្នះ​ក្រុម​ខ្លាំង​អូស្ត្រាលី​ដល់​ទៅ ២-០ នា​ជំនួប​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​កីឡដ្ឋាន Thammasat ដែល​ស្ថិតក្នុង​ខេត្ត Pathum Thani​។ ជាមួយនឹង​ការ​វាយ​សម្រុក​ដ៏​ខ្លាំងក្លា កូរ៉េខាងត្បូង​អាច​រក​គ្រាប់​បាល់​នាំមុខ​ដំបូង​នៅ​នាទី​៥៦ ដោយ​កីឡាករ Kim Dae-Won មុនពេល Lee Dong-Kyeong ដែល​ទើប​ប្តូរ​ចូល​នៅ​នាទី​៦៤ បានសម្រេច​គ្រាប់​ទី​២ នៅ​នាទី​៧៦​។​
 
 
​ទាំងពីរ​គ្រាប់​នេះ​គ្រប់គ្រាន់​សម្រាប់​បញ្ជូន​កូរ៉េខាងត្បូង​ឡើងទៅ​ប្រជែង​យកពាន​ក្រោម​អាយុ​២៣​ឆ្នាំ ប្រចាំ​តំបន់​អាស៊ី​ឆ្នាំ​២០២០ ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​។ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងត្រូវ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៦ ខែមករា នៅឯ​កីឡដ្ឋាន Rajamangala ក្រុង​បាងកក វេលា​ម៉ោង ៧ និង​៣០​នាទី ពោលគឺ​មុន​មួយថ្ងៃ​នា​ជំនួប​រវាង អូស្ត្រាលី និង​អ៊ូស​បេ​គី​ស្ថាន ដែល​ត្រូវ​ប្រជែង​គ្នា​ដណ្តើមយក​ចំណាត់ថ្នាក់​ទី​៣​។​
 
​ក្រុម​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ទី​១ ទី​២ និង​ទី​៣ បាន​កៅអី​ទៅលេង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​៕





Tag:
 AFC U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com