អន្តរជាតិ
មន្ត្រីចិន៖ កូរ៉ូណាវីរុស ទំនងជាឆ្លងចេញពីសត្វព្រៃដាក់លក់ក្នុងទីផ្សារនៅវូហាន 23, Jan 2020 , 12:19 pm
ផ្សារលក់គ្រឿងសមុទ្រ ហួនណាន។ រូបភាព៖ AFP
× អាជ្ញាធរទប់ស្កាត់ជំងឺឆ្លងចិន នៅថ្ងៃទី២២ ខែមករា បានលើកឡើងថា វីរុសថ្មី អម្បូរកូរ៉ូណាវីរុស ដែលបង្កទៅជាជំងឺរលាកសួតដូច SARS អាចកើតចេញពីសត្វព្រៃ ដែលលក់នៅក្នុងផ្សារលក់គ្រឿងសមុទ្រមួយកន្លែងនៅក្នុងក្រុងវូហាន។ ប៉ុន្តែរបាយការណ៍នេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយទេ ខណៈពេលមនុស្សយ៉ាងហោចណាស់១៧នាក់ បានបាត់បង់ជីវិត ចំណែកករណីឆ្លងវីរុសថ្មីនេះ បានកើនដល់៥៧០ករណី។
តួលេខអ្នកផ្ទុកវីរុស និងអ្នកស្លាប់បានកើតឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឡែកអាជ្ញាធរចិន កំពុងបើកការស៊ើបអង្កេតលើផ្សារលក់គ្រឿងសមុទ្រហួណាន (Huanan) ដែលត្រូវបានគេសង្ស័យថា គឺជាកន្លែងផ្ទុះបែកនៃវីរុសថ្មីនេះ។
នាទីក្រុងប៉េកាំងលោក Gao Fu នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺ បានលើកឡើងថា វីរុសថ្មី ដែលបង្កទៅជាជំងឺរលាកសួត អាចបង្កមកពីសត្វព្រៃ ដែលត្រូវបានគេលក់នៅក្នុងផ្សារហួណាននេះ។ បើតាមលោក Gao Fu ពេលនេះវាគ្រាន់តែជាការសង្ស័យប៉ុណ្ណោះ ហើយគេត្រូវការការសិក្សាបន្ថែមទៀត ដើម្បីដឹងថាវីរុស កើតមកពីអ្វី។
ជាមួយគ្នានេះ លោកក៏បញ្ជាក់ទៀតថា វីរុសថ្មីនេះ មានកម្រិតស្រាលជាងជំងឺSARS ប៉ុន្តែលោក Gao Fu ក៏បានព្រមានពីការវិវត្តនៃវីរុសថ្មីនេះផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ផ្សារហួណាន គឺជាកន្លែងដែលលក់សាច់សត្វជាច្រើនដូចជា កញ្ជ្រោង ក្រពើ កូនឆ្កែចចក ពស់ កណ្តុរ កាំប្រមារ សាច់ឩដ្ឋ និងសាច់សត្វជាច្រើនមុខទៀតរហូត ១១២មុខឯណោះ។ មូលហេតុ ដែលគេសន្និដ្ឋានថា វីរុសថ្មីនេះ អាចកើតចេញពីសត្វព្រៃ ព្រោះកាលពេលជំងឺ SARS ផ្ទុះឡើងគឺឆ្លងមកពីសត្វសំពោចដែលបានបង្កឲ្យមនុស្សជាច្រើនស្លាប់ ខណៈពេលជំងឺរលាកសួត MERS នៅតំបន់មជ្ឈិបូព៌ា គឺឆ្លងមកពីសត្វឩដ្ឋ។
រហូតមកទល់ពេលនេះ វីរុសថ្មីនេះ កំពុងរាតត្បាតស្ទើរតែពេញប្រទេសចិន ហើយអាជ្ញាធរចិន កំពុងតែស្វះស្វែងដោះស្រាយបញ្ហាមួយនេះ។ ជាក់ស្តែងអាជ្ញាធរចិន បានប្រកាសផ្អាកជើងយន្តហោះ ចេញចូលទីក្រុងវូហានបណ្តោះអាសន្នសិន នៅថ្ងៃទី២៣ ខែមករា ដើម្បីបង្កការរីកសាយភាយនៃវីរុសថ្មីទៅកាន់តំបន់ផ្សេងទៀតនៅក្នុងចិន។ ចំណែករថយន្តក្រុង រថភ្លើងក្រោមដី ប្រព័ន្ធដឹកជញ្ជូនចម្ងាយឆ្ងាយ ត្រូវផ្អាកចេញចូលទីក្រុងរហូតដល់មានការកត់សម្ពាល់មួយថ្មី។
សូមបញ្ជាក់ថា វីរុសថ្មីនេះ មិនត្រឹមតែមាននៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែវាបានទៅដល់ តៃវ៉ាន់ ហុងកុង ម៉ាកាវ ថៃ អាមេរិក ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com