ពីនេះ ពីនោះ
រូបត្លុក
តើ​អភិបាល​រាជធានី​ខេត្ត គួរ​មាន​លក្ខណៈសម្បត្តិ​អ្វីខ្លះ​?
20, Feb 2020 , 6:01 pm        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​កុម្ម៉ង់ កាហ្វេ​ទឹកដោះ​ក្តៅ​ម្នា​ក់មួយ​កែវ​ហើយ ហើយ​អ្នកលក់​ដើរ​ផុតពី​តុ​មិនបាន​ប៉ុន្មាន​ជំហាន​ផង សំណាង​នាំ​សុធីរ​និយាយ​រឿង​ការដឹកនាំ​រាជធានី​ខេត្ត​តែម្តង​។ សុធីរ​ក៏​ពេញចិត្ត​ជជែក​រឿង​ហ្នឹង​ដែរ ព្រោះ​គាត់​មានគំនិត​មួយចំនួន​ដែល​ចង់​និយាយ​ពី​លក្ខណៈសម្បត្តិ​នៃ​បេក្ខភាព​អភិបាលខេត្ត​រាជធានី​។​
 
​សំណាង​៖ អា​ធីរ បើតាម​អ្ហែង​មើលឃើញ ខេត្ត​ណា​មាន​សមិទ្ធផល ហើយ​អភិវឌ្ឍន៍​ច្រើនជាងគេ​?
 
​សុធីរ​៖ សំណួរ​អ្ហែង​ពិបាក​ឆ្លើយ​ណាស់​អ្ហា​! អញ​ឯណា​ដើរ​រាប់​សមិទ្ធផល​របស់គេ​នៅតាម​ខេត្ត​អស់នោះ​។ ប៉ុន្តែ​អញចង់​និយាយ​អីចេះ​វិញ​។ តិច ឬ​ច្រើន អភិបាលខេត្ត​រាជធានី​ទាំងអស់ ពួកគេ​បានធ្វើ​ការងារ​របស់​ពួកគេ​ហើយ​ដូចជា សាងសង់​សមិទ្ធផល និង​បង្កើន​ប្រសិទ្ធភាព​នៃ​សេវា​បម្រើ​រាស្ត្រ​។ ប៉ុន្តែ​អញចង់​និយាយ​ជារួម​វិញ​ថា មើលទៅ ថ្នាក់​ខេត្ត​-​រាជធានី ដូច​នៅ​ពឹង​តែ​ថ្នាក់ជាតិ​ច្រើនពេក​។​
 
​សំណាង​៖ យី​អានេះ ថ្នាក់ក្រោម​ជាតិ មិនឱ្យ​ពឹង​ថ្នាក់ជាតិ អ្ហែង​ចង់​យ៉ាងម៉េច​?
 
​សុធីរ​៖ នយោបាយ គឺ​ដឹង​តែ​ស្រប​ថ្នាក់ជាតិ​ហើយ ប៉ុន្តែ​គំនិត​អភិវឌ្ឍន៍​មូលដ្ឋាន កៀងគរ​វិនិយោគិន ពង្រីក​សេដ្ឋកិច្ច​តាម​ខេត្ត​រាជធានី​ខ្លួនឯង ថ្នាក់ជាតិ​គេ​មិន​ទោមនស្ស​អី​ទេ​។ ធ្វើ​កាន់តែច្រើន ផ្តល់​ប្រយោជន៍​ឱ្យ​ប្រជាជន​ច្រើន​កាលណា ថ្នាក់ជាតិ​អបអរ​ច្រើន​តាម​ហ្នុ​ង​។​
 
​សំណាង​៖ ដូច​មិនមែន​ស្រួល ដូច​មាត់​អ្ហែង​និយាយ​ទេ​ដឹង​?
 
​សុធីរ​៖ តែ​ក៏ដូចជា​មិន​ពិបាក​ដូច​មាត់​អញ​និយាយ​ដែរ​។ អ្នកដឹកនាំ​ខេត្ត ពិសេស​ខេត្ត​ធំៗ ត្រូវមាន​ជំនាញ​ផ្ទាល់ខ្លួន​មួយ​ចេញពី​សាលា​ត្រឹមត្រូវ យល់ដឹង​ពី​វិស័យ​ច្បាប់ គ្រប់គ្រង​ធនធានមនុស្ស មាន​មនសិការ​ជាតិ​ឱ្យបាន​ច្រើន មានគំនិត​ជំនួញ និង​ជាពិសេស​មកដល់​សម័យ​នេះហើយ ថ្នាក់ដឹកនាំ​ខេត្ត​ត្រូវ​ចេះ​ភាសាបរទេស​។ អង់គ្លេស​ចាំបាច់​បំផុត បន្ទាប់មក​អាច​បារាំង ចិន កូរ៉េ ថៃ ថែមទៀត​ក៏​រឹតតែ​ល្អ​។  សម័យ​នេះហើយ គេ​និយាយ​ពី​ទំនាក់ទំនង​អន្តរជាតិ​នៅ​គ្រប់កន្លែង ដូច្នេះ​ភាសា​សំខាន់​ណាស់​។ អញ​និយាយ​ឡើងវិញ ចេះ​ភាសា​អាចធ្វើ​ទំនាក់ទំនង​ទាញ​ប្រយោជន៍​ពី​វិនិយោគិន​បរទេស​បាន​, មានគំនិត​សេដ្ឋកិច្ច (​ដើម្បី​ប្រយោជន៍​ពលរដ្ឋ មិនមែន​ឆ្លៀតពេល​កេង​យកចំណេញ​ផ្ទាល់ខ្លួន​ទេ​), ស្រឡាញ់​ប្រទេស ស្រឡាញ់​ប្រជាជន​។ ២០​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​បណ្តុះ​បាន​ធនធាន​ច្រើន មិនតិច​ទេ​។​
 
​សំណាង​៖ អ្ហែង​និយាយ ដូច​ត្រូវ​ម្យ៉ាងដែរ​។ តាមពិត ខេត្ត​មួយៗ អាច​ចាប់​ដៃគូ​ជាមួយ​ខេត្ត​នានា​របស់​បរទេស ធ្វើ​សហប្រតិបត្តិការ​ផ្សេងៗ​ដែល​អាច​នាំ​ប្រយោជន៍​មក​ប្រជាពលរដ្ឋ​បានដែរ​តើ​។ 

© រក្សាសិទ្ធិដោយ thmeythmey.com