ជាតិ
ពីនេះ ពីនោះ
ត្រីគ្រុំធ្វើចរាចរផ្លាស់ទីចេញពីទន្លេចូលទៅក្នុងតំបន់ទំនាបលិចដើម្បីពងកូន ហើយវិញត្រឡប់ចូលកន្លែងដើមវិញ 23, Feb 2020 , 7:19 pm
ត្រីគ្រុំ។ រូបភាព៖ សៀវភៅមគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាន នៃរដ្ឋបាលជលផល
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ជាប្រភេទត្រីទឹកសាប ដែលរស់នៅពាក់កណ្តាលជម្រៅទឹក និងបាតទន្លេ ស្ទឹង អូរ ព្រែក ប្រឡាយ និងតំបន់វាល់ភក់។ ត្រីប្រភេទនេះ វារស់នៅច្រើននៅទី្វបអាស៊ីចាប់ពី ទន្លេមេខ្លងក្នុងប្រទេសថៃ រហូតអាងទន្លេមេគង្គក្រោម (ចាប់ពីប្រទេសឡាវ ដល់ប្រទេសវៀតណាម រួមទាំងទន្លេសាបនៅក្នុងប្រទេសកម្ពុជាផងដែរ)។
ត្រីគ្រុំ មានឈ្មោះវិទ្យាសាស្ត្រ (Osteochilus melanopleura) មានប្រវែងដងខ្លួនអតិបរមា ៦០ ស.ម។ ត្រីគ្រុំ ធ្វើចរាចរផ្លាស់ទីពីទន្លេចូលទៅក្នុងតំបន់ទំនាបលិចទឹកពីខែឧសភា ដល់ខែតុលា ដើម្បីពងកូន និងធ្វើចរាចរត្រឡប់ចូលក្នុងទន្លេវិញក្នុងខែតុលា ដោយចំនួនកើនឡើងជាលំដាប់រហូតដល់ខែមករា។ វាស៊ីស្លឹករុក្ខជាតិ ផ្លង់តុង រុក្ខជាតិដែលដុះ សារាយសរសៃឆ្មារៗ សត្វល្អិត ជាប់នឹងស្លែ និងត្រីល្អិតៗ ជាអាហារ។ ត្រីគ្រុំ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១២ ជាប្រភេទត្រីដែលមានការព្រួយបារម្ភតិចតួច ដែលអាចនឹងឈានទៅផុតពូជ។
លក្ខណៈសម្គាល់៖ ជួរស្រកាតាមចំហៀងដងខ្លួន មានចំនួនពី ៤៥-៥៣ ស្រកា។ ព្រុយខ្នងមានទ្រនង់ទន់មានចំនួន ១៦-១៨ទ្រនង់។ បបូរមាត់ងើយឡើងលើ។ ដងខ្លួនមានពណ៌បៃតងទៅប្រផេះ។ គល់កន្ទុយពណ៌ខ្មៅ។ មានអង្កត់ខ្មៅលើព្រុយទ្រូង។
បញ្ហាប្រឈមចំពោះត្រីប្រភេទនេះ មានដូចជា៖ ការបាត់បង់ទីជម្រក និងការនេសាទហួសកម្រិត។ ក្នុងនោះផងដែរ ការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ ជាពិសេសការប្រើឧបករណ៍ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ សុទ្ធតែជាបញ្ហាប្រឈមដល់កំណើតពួកវា។ ទៅថ្ងៃអនាគត ប្រភេទត្រីចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិស្រុកយើងទាំងអស់គ្នាទេនោះ។
ប្រភព៖ មគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា, fishbase.org និង iucnredlist.org
© រក្សាសិទ្ធិដោយ thmeythmey.com