ក្នុងសេចក្តីថ្លែងការណ៍ដដែល បញ្ជាក់ទៀតថា ក្រោយជំនួបជាមួយសមាជិកសភាទាំងអស់ មហាក្សត្រម៉ាឡេស៊ី បានរកឃើញថា សមាជិកសភាដែលមានសំឡេងគាំទ្រច្រើនលើសលប់ គឺលោក Muhyiddin ។
«ដូច្នេះហើយ មហាក្សត្រ បានជ្រើសរើសលោក Muhyiddin ជានាយករដ្ឋមន្ត្រី ដោយអនុលោមតាមមាត្រា ៤០(២)(a) និងមាត្រា ៤៣(២)(a) នៃរដ្ឋធម្មនុញសហព័ន្ធ»។ សេចក្តីថ្លែងការណ៍ដដែល បញ្ជាក់បែបនេះ ដោយចុះផ្សាយដោយទូរទស្សន៍សិង្ហបុរី Channel News Asia។
ការតែងតាំងនាយករដ្ឋមន្ត្រីនេះ ពុំអាចពន្យារបានឡើយ សម្រាប់សុខមាលភាពប្រជាជននិងប្រជាជាតិម៉ាឡេស៊ី។ មហាក្សត្រម៉ាឡេស៊ី ទ្រង់ Abdullah មានបន្ទូលបែបនេះ ដោយបន្ថែមថា ទ្រង់ជឿជាក់ថា នេះគឺការសម្រេចចិត្តល្អបំផុតសម្រាប់គ្រប់គ្នា និងសង្ឃឹមថា ការណ៍នេះបញ្ចប់វិបត្តិនយោបាយនៅពេលនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រៅគេហដ្ឋានរបស់លោកក្រោយការប្រកាសនេះ លោក Muhyiddin និយាយថា លោក ចង់បង្ហាញអរគុណរបស់លោក ដែលទទួលបានការតែងតាំងឲ្យក្លាយជានាយករដ្ឋមន្ត្រីទី៨របស់ម៉ាឡេស៊ី ជាមួយព្រះរាជអនុញ្ញាតពីមហាក្សត្រ។ លោក សង្ឃឹមថា ប្រជាជនម៉ាឡេស៊ីទាំងអស់ នឹងទទួលយកការសម្រេចចិត្តដែលបានប្រកាសថ្ងៃនេះ។
ការប្រកាសតែងតាំងដ៏ភ្ញាក់ផ្អើលនេះ កើតឡើងប៉ុន្មានម៉ោងក្រោយនាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន មហាធៀ មហាមា់់ត់ អះអាងថា កាលពីព្រឹកមិញថា៖« «ឥឡូវនេះ ខ្ញុំជឿជាក់ថា ខ្ញុំមានចំនួនដែលត្រូវការដើម្បីប្រមូលការគាំទ្រលើសលប់ក្នុងសភា (Dewan Rakyat)។ ដូច្នេះហើយ ខ្ញុំត្រៀមខ្លួនដើម្បីឈរជាបេក្ខភាពអនាគតសម្រាប់តំណែងនាយករដ្ឋមន្ត្រី»។
មែនទែនទៅ លោក Muhyiddin ប្រធានបក្ស Bersatu របស់លោកមហាធៀ បានប៉ុនប៉ងចាប់ដៃជាមួយបក្ស UMNO របស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ និងបក្ស PAS ដើម្បីទទួលការគាំទ្រគ្រប់គ្រាន់បង្កើតរដ្ឋាភិបាលថ្មីមួយ។ យ៉ាងណាមិញ ការសម្រេចចិត្តរបស់លោកក្នុងការពួតដៃជាមួយបក្ស UMNO នេះ រងការរិះគន់ពីលោក មហាធៀ ។
លោក Muhyiddin ក៏ធ្លាប់ជាសមាជិកសភាបក្ស UMNO និងអតីតរដ្ឋាភិបាលលោក ណាជីប ផងដែរ។ លោក បានក្លាយជាសមាជិកដ៏សំខាន់មួយរបស់បក្ស Bersatu ក្រោយចាកចេញពីបក្ស UMNO បន្ទាប់ពីការបរាជ័យរបស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ជុំវិញរឿងអាស្រូវហិរញ្ញវត្ថុ IMDB ។
បើតាមសង្កេត ផ្ទៃក្នុងបក្ស Bersatu ខ្លួនឯង គឺបែកខ្ញែកជាពីរ ដោយម្ខាងគាំទ្រលោក មហាធៀ និងម្ខាងទៀតគាំទ្រលោក Muhyiddin ។ ក៏ប៉ុន្តែជាមួយការដឹកនាំរបស់លោក Muhyiddin នាពេលខាងមុខ និងសម្ព័ន្ធភាពជាមួយបក្ស UMNO និងបក្ស PAS ត្រូវបានធានានោះ រដ្ឋាភិបាលម៉ាឡេស៊ីមួយ ទំនងជាវិលត្រលប់ទៅកាន់យុគសម័យចាស់មួយ ដោយបក្សUMNO នឹងមានឥទ្ធិពលឡើងវិញ៕