អន្តរជាតិ
នយោបាយអន្តរជាតិ
COVID-19 នៅកូរ៉េខាងត្បូង ឡើងដល់៣១៥០ករណី ក្រោយរកឃើញ២១៩ករណីថ្មី 29, Feb 2020 , 6:19 pm
× នៅរសៀលថ្ងៃសៅរ៍ ទី២៩ កុម្ភៈ កូរ៉េខាងត្បូង បានរកឃើញករណីឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណា (COVID-19) ចំនួន ២១៩ ករណីបន្ថែម ដែលបង្កើនតួលេខឆ្លងសរុបដល់ ៣១៥០ករណីហើយ។ បើបូកសរុបទាំងករណីនៅព្រឹកថ្ងៃសៅរ៍នេះ ដែលមាន ៥៩៤ករណី តួលេខឆ្លងសរុបសម្រាប់ថ្ងៃសៅរ៍នេះ ឡើងដល់ ៨១៣ ហើយ។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េខាងត្បូង ខណៈអ្នកស្លាប់នៅ ១៦នាក់ដដែល។
ក្នុងចំណោមអ្នកឆ្លងទាំងនេះ ជាង៩០ភាគរយនៃករណីឆ្លង ស្ថិតក្នុងទីក្រុង Daegu ដែលមានចម្ងាយ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បុង ហើយនិងខេត្តក្បែរក្រុងនេះ គឺខេត្ត North Gyeongsang ។
តាមទីភ្នាក់ងារព័ត៌មាន AFP អាជ្ញាធរក្រុង Daegu បានទទូចឲ្យពលរដ្ឋប្រុងប្រយ័ត្ន និងនរណាដែលមានរោគសញ្ញាក្តៅខ្លួន ឬផ្លូវដង្ហើមគួរសម្រាកនៅផ្ទះ។ យ៉ាងណាមិញ មន្ត្រីបញ្ជាក់ថា ពួកគេមិនទាន់គិតគូរដាក់ក្រុងនេះទាំងមូលឲ្យនៅដាច់ដោយឡែក ដូចនៅក្រុង វូហាន ប្រទេសចិនឡើយ។
វិហារសាសនាគ្រឹស្ត Shincheonji ដែលស្ថិតក្នុងទីក្រុង Daegu ក្លាយជាចំណុចផ្ដើមនៃការផ្ទុះរីករាលដាលជំងឺ COVID-19 ក្រោយពីស្ត្រីកូរ៉េខាងត្បូងវ័យ ៦១ឆ្នាំម្នាក់ បានចេញរោគសញ្ញាក្តៅខ្លួន កាលពីថ្ងៃ១០ ខែកុម្ភៈ។ ក៏ប៉ុន្តែលោកស្រីបានទៅកាន់វិហារនេះយ៉ាងតិច ៤ ដង ក្នុងទីក្រុង Daegu ដែលជាទីក្រុងធំបំផុតលំដាប់ទី៤ ជាមួយប្រជាជន ២,៥លាននាក់ មុនពេលដឹងថាកើតជំងឺ៕
© រក្សាសិទ្ធិដោយ thmeythmey.com