COVID-19
អន្តរជាតិ
COVID-19៖ អ្នកស្លាប់ឡើងដល់២៩៧៨នាក់ ក្នុងនោះជាង១០០នាក់នៅក្រៅប្រទេសចិន 01, Mar 2020 , 7:56 am
រូបថត Xinhua
× ចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ឡើងដល់២៩៧៨នាក់ហើយ បើគិតត្រឹមម៉ោង៧ និង៥៥នាទី ថ្ងៃអាទិត្យ ទី១ ខែមិនា នេះ។ ចំនួននេះ ស្ថិតក្នុងចំណោមការឆ្លងជិត៨៧ ០០០ករណី ហើយក្នុងនោះក៏មានជាង៤២០០០ករណីត្រូវបានព្យាបាលសះស្បើយផងដែរ។ ក្រៅប្រទេសចិន អ្នកស្លាប់ឡើងដល់១០៤នាក់ ដោយអ៊ីរ៉ង់ កូរ៉េខាងត្បូង អ៊ីតាលី និងជប៉ុន មានចំនួនច្រើនជាងគេ។
ប្រទេសចំនួន៦១ហើយ ដែលបានរកឃើញអ្នកកើត COVID-19 ដោយក្រៅពីចិន កូរ៉េខាងត្បូង អ៊ីតាលី ជប៉ុន និងអ៊ីរ៉ង់ នៅតែបន្តផលប៉ះពាល់ធ្ងន់ធ្ងរ។ ស្របពេលដែលសហរដ្ឋអាមេរិក ក្លាយជាប្រទេសទី៧ ដែលមានករណីស្លាប់ បារាំង អេស្ប៉ាញ ន័រវេស ហូឡង់ សិង្ហបុរី ស្វីស អ៊ីរ៉ាក់ និងប្រទេសផ្សេងទៀត កើនឡើងចំនួនអ្នកជំងឺ។
តាមរបាយការណ៍គណៈកម្មការសុខាភិបាលជាតិចិន ចិនមានអ្នកស្លាប់៣៥នាក់បន្ថែមទៀត ប្រើប្រៀបធៀបកាលពីម្សិលមិញ។ ចំនួនអ្នកស្លាប់នៅចិនឡើងដល់២៨៧៣នាក់ ក្នុងចំណោមអ្នកឆ្លងជិត៨០០០០នាក់។ កូរ៉េខាងត្បូងមានអ្នកឆ្លងជាង៣០០០នាក់ ក្នុងនោះស្លាប់១៧នាក់ អ៊ីតាលីមានអ្នកឆ្លងជាង១១០០នាក់ ក្នុងនោះស្លាប់២៩នាក់។
ករណីជប៉ុន និងនាវា Diamond Princess មិនទាន់មានការប្រែប្រួលឡើយ ដោយនៅនាវាមានអ្នកជំងឺ៧០៥ករណី និងស្លាប់៦ករណី រីឯនៅក្របខណ្ឌប្រទេសជប៉ុន មាន២៤១ករណី និងស្លាប់៥ករណី។ អ៊ីរ៉ង់មានអ្នកស្លាប់៩នាក់ទៀត ដែលធ្វើចំនួនសរុបឡើងដល់៤៣នាក់ក្នុងចំណោម៥៩៣ករណី។
សហរដ្ឋអាមេរិក ក្លាយជាប្រទេសទី៨ ដែលមានករណីស្លាប់ ដោយបច្ចុប្បន្ន មានអ្នកជំងឺ៦៨នាក់។ បារាំងដែលមានអ្នកស្លាប់២នាក់កន្លងមកនោះ រកឃើញអ្នកជំងឺ៤៣ករណីទៀត ដែលធ្វើឲ្យចំនួនសរុបឡើងដល់១០០។
ប្រទេសដែលមានករណីឆ្លងកាន់តែច្រើនរួមមាន សិង្ហបុរី (១០២ករណី), អាល្លឺម៉ង់ (៧៩ករណី), អេស្ប៉ាញ (៥៨ករណី), កូវ៉ែត (៤៥ករណី), ថៃ (៤២ករណី), បារ៉ែន (៤១ករណី)។ ប្រទេសដែលឆ្លងចន្លោះពី២៥ករណី ចុះមក១០ករណី មាន អូស្ត្រាលី ម៉ាឡេស៊ី ចក្រភពអង់គ្លេស អេមីរ៉ាតអារ៉ាប់រួម ស្វីស កាណាដា ន័រវេស អ៊ីរ៉ាក់ ស៊ុយអែត និងអូទ្រីស។
ជាមួយគ្នានោះ ប្រទេសដែលព្យាបាលអ្នកជំងឺសះស្បើយ ហើយមិនទាន់មានករណីថ្មីទៀតនោះ រួមមាន វៀតណាម ១៦ករណី, ឥណ្ឌា ៣ករណី រុស្ស៊ី ២ករណី រួមទាំងករណីនៅបែលហ្ស៊ិក កម្ពុជា អេហ្ស៊ីប ណេប៉ាល់ និងស្រីលង្កា។ ហ្វីលីពីនមាន៣ករណី ក្នុងនោះ២ករណីសះស្បើយ តែស្លាប់១ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com