COVID-19
អន្តរជាតិ
២​សប្តាហ៍​ក្រោយ​តេស្ត​អវិជ្ជមាន បុរស​ថៃ​ដែល​ធ្លាប់​កើត COVID-19 ស្លាប់
01, Mar 2020 , 2:39 pm        
រូបភាព
ដោយ:
នៅ​ថ្ងៃអាទិត្យ​នេះ ប្រទេស ថៃ បានប្រកាស​ពី​ករណី​ស្លាប់​របស់​បុរស​ថៃ​ម្នាក់​ដែល​ធ្លាប់​កើត​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19)​។ បន្ថែម​ពី​ជំងឺ COVID-19 បុរស​រូបនេះ​ក៏​ធ្លាប់មាន​ជំងឺគ្រុនឈាម​ផងដែរ​។ បើតាម​ក្រសួង​សុខភាព​សាធារណៈ​ថៃ បុរស​រូបនេះ បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជិត​១​ខែ ហើយ​បាន​ស្លាប់​កាលពី​ថ្ងៃ​២៩ ខែកុម្ភៈ​។
 
​ថ្លែង​នៅ​សន្និសីទ​ព័ត៌មាន​មួយ នៅ​ថ្ងៃអាទិត្យ​ទី ០១ ខែមីនា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ថៃ លោក Suwanchai Wattanayingcharoen បាន​បញ្ជាក់ថា បុរស​ថៃ​អាយុ​៣៥​ឆ្នាំ​ដែល​បាន​ស្លាប់​រូបនេះ បានធ្វើ​តេស្ត​អវិជ្ជមាន​សម្រាប់​ជំងឺ COVID-19 តាំងពី​ថ្ងៃ​១៦ ខែកុម្ភៈ​មកម្ល៉េះ ហើយ​បាន​បន្ដស​ម្រាក​ព្យាបាល​នៅ​វិទ្យាស្ថាន​ជំងឺឆ្លង Bamrasnaradura ក្នុង​ក្រុង Nonthaburi ក្រៅ​រដ្ឋធានី បាងកក ។ ចុងក្រោយ​លោក​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយសារ​ខូច​សរីរាង្គ​ខាងក្នុង​។ 
 
«​បន្ទាប់ពី​ជិត​មួយខែ​នៃ​ការព្យាបាល សួត​របស់លោក បាន​ខូច​ខ្ទេចខ្ទី ចំណែក​បេះដូង និង​សរីរាង្គ​ខាងក្នុង​ផ្សេងទៀត​របស់លោក បានធ្វើការ​ធ្ងន់​ហួសកម្លាំង​។ ជា​លទ្ធផល វា​ធ្វើ​ឲ្យ​សរីរាង្គ​ខាងក្នុង​ជាច្រើន​របស់លោក​ខូច  និង​បណ្ដាល​ឲ្យ​លោក​ស្លាប់​»​។ លោក Suwanchai បញ្ជាក់​បែបនេះ ដោយ​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​យ៉ាងណាមិញ លោក បន្ថែមទៀតថា មូលហេតុ​នៃ​ការស្លាប់​របស់​បុរស​ថៃ​រូបនេះ នឹងត្រូវ​ពិនិត្យ​វិនិច្ឆ័យ​បន្តទៀត ដោយ​គណៈកម្មាធិការ​ជំងឺឆ្លង​ជាតិ​របស់​ថៃ​។ ទន្ទឹមនេះ លោក បញ្ជាក់ទៀតថា អ្នកជំងឺ​រូបនេះ បាន​ចូល​មន្ទីរពេទ្យ​ឯកជន​មួយ កាលពី​ថ្ងៃ​២៧ ខែមករា សម្រាប់​ជំងឺគ្រុនឈាម ក៏ប៉ុន្តែ​បាន​ផ្ទេរចេញ​ទៅកាន់​វិទ្យាស្ថាន​ជំងឺឆ្លង Bamrasnaradura កាលពី​ថ្ងៃ ៥ ខែកុម្ភៈ​។​
 
​គិត​ត្រឹម​ពេលនេះ ប្រទេស​ថៃ មាន​ករណី​ឆ្លង COVID-19 សរុប ៤២​ករណី​ហើយ​។ ករណី​ចុងក្រោយបង្អស់ គឺ​បុរស​វ័យ​២១​ឆ្នាំ​ម្នាក់​ដែលជា​នាំ​ភ្ញៀវទេសចរ​។ ក្នុងនោះ អ្នកជំងឺ ៣០​នាក់ បានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​៕
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com