សង្គមអន្តរជាតិ​
អន្តរជាតិ
តើ​អ្នក​គួរ​សាក​ថ្ម​ទូរ​សព្ទ​ចោល​ទល់​ភ្លឺ​ដែរឬទេ​?
02, Mar 2020 , 8:30 am        
រូបភាព
​នៅមាន​មន្ទិលសង្ស័យ និង​សំណួរ​ជាច្រើន​ដែល​ត្រូវបាន​គេ​លើកឡើងថា តើ​ការ​សាក​ថ្ម​ទូរ​សព្ទចោ​លពី​យប់ រហូត​ទៅដល់​ពេល​ព្រលឹម​ជាច្រើន​ម៉ោង​នោះ​គឺជា​ទម្លាប់​ល្អ​សម្រាប់​ទូរ​សព្ទ​អ្នក​ដែរឬទេ​? តើ​អ្នក​គួរប្រើ​ប្រាស់​ទូរ​សព្ទ​រហូត​ដល់​អស់​ថ្ម​ទាំងស្រុង​ដែរឬទេ​? តើ​អ្នក​គួរ​សាក​ថ្ម​ទូរ​សព្ទ​ថ្មី​សិន​នៅពេលដែល​ទើបតែ​បក​ពី​ប្រអប់​ដែរឬទេ​? ដោយ​ឆ្លើយ​ទៅនឹង​ចម្ងល់​ទាំង​ប៉ុន្មាន​ខាងលើ ក្រោម​នេះ​គឺជា​ការបកស្រាយ​សង្ខេប​ចេញពី​គេហទំព័រ lifewire.com ។
 
​ចំពោះ​ការ​សាក​ថ្ម​ទូរ​សព្ទ​ចោល​ពេលយប់​មុន​ចូល​ដំណេក ជារួម​វា​មិន​បង្ក​ឲ្យ​មាន​ហានិភ័យ​អ្វី​ទៅកាន់​ទូរ​សព្ទ​របស់​អ្នក​នោះទេ​។ ទូរ​សព្ទ​ទំនើប​បច្ចុប្បន្ន​ត្រូវបាន​បំពាក់​ដោយ​ស្រទាប់​ការពារ និង​កម្មវិធី​អេ​ឡិច​ត្រូ​និ​ច​ពិសេស​ដែល​អាច​រក្សា​គុណភាព​របស់​ទូរ​សព្ទ​អ្នក​ឲ្យ​បានល្អ​ទោះបីជា​ភាគរយ​របស់​ទូរ​សព្ទ​កើន​ដល់​១០០​ភាគរយ​អស់​ជាច្រើន​ម៉ោង​ក៏ដោយ​។ 
 
​អ្វីដែល​អ្នក​គួរ​យកចិត្តទុកដាក់​ទៅលើ​នោះ​គឺ​ចំនួន​សាក (Charge Cycle) ដែល​ថ្ម​របស់​អ្នកទទួលបាន​។ ចំនួន​សាក​ក៏​អាស្រ័យទៅលើ​គុណភាព​របស់​ថ្ម​ទូរ​សព្ទ​នោះ​ផងដែរ​។ ចំពោះ​ទូរ​សព្ទ​ថ្មី អ្នក​អាច​សាក​ថ្ម​ទូរ​សព្ទ​ដល់​ពេញ​១០០​ភាគរយ​ចាប់ពី​៣០០​ដង រហូត​ទៅដល់​៥០០​ដង​មុន​ពេលដែល​គុណភាព​ថ្ម​របស់​ទូរ​សព្ទ​អ្នក​ចាប់ផ្តើម​ធ្លាក់ចុះ​ជា​បណ្តើរៗ​។ 
 
​អ្នក​មិនគួរ​វាស់វែង​អាយុកាល​ថ្ម​ទូរ​សព្ទ​អ្នកជា​ចំនួន​ឆ្នាំ​នោះទេ ដោយឡែក ចំនួន​សាក​ទៅវិញ​ទេ​ដែលជា​អ្នកកំណត់​អាយុកាល​នៃ​ថ្ម​ទូរ​សព្ទ​។ បើ​អ្នក​សាក​កាន់តែច្រើន នោះ​គុណភាព​ទូរ​សព្ទ​របស់​អ្នកនឹង​ឆាប់​ធ្លាក់ចុះ​ទៅតាម​នោះ​ដូចគ្នា​។ 
 
​នៅពេលដែល​អ្នក​ទើបតែ​ទិញ​ទូរ​សព្ទ​ថ្មី​ចេញពី​ប្រអប់ វា​មិនមែនជា​រឿង​ចាំបាច់​នោះទេ​ក្នុងការ​សាក​ថ្ម​​ទូរ​សព្ទ​រហូត​ទៅដល់​ពេញ​១០០​ភាគរយ​។ ក្រុមហ៊ុន​ទូរ​សព្ទ​មួយចំនួន​អាច​តម្រូវ​ឲ្យ​អ្នក​សាក​ទូរ​សព្ទ​ក្រោយពី​ពេល​ជាវ គឺ​ដើម្បី​ឲ្យ​អ្នក​អាច​ប្រើប្រាស់​វា​ឲ្យ​បានយូរ​ល្អ​នៅពេលដែល​អ្នក​ទើបតែ​ជាវ​រួច​។ 
 
​ជារួម ទូរ​សព្ទ​ថ្មី​ចេញពី​ប្រអប់​អាចមាន​បរិមាណ​ថ្ម​យ៉ាងហោចណាស់​ក៏​១​ភាគ​៤​នៃ​ថ្ម​ទូរ​សព្ទ​ពេញ​ដែរ​។ តែ​ចំនួន​ថ្ម​តិចតួច​នេះ​មិនអាច​អនុញ្ញាត​ឲ្យ​អ្នក​ដោ​ន​ឡូត ឬ​អនុវត្ត​កម្មវិធី​ផ្សេងៗ​បាន​ទាន់​ចិត្ត​នោះទេ​។ ហេតុដូចនេះ គេ​អាច​តម្រូវ​អ្នក​សាក​ថ្ម​ឲ្យ​បាន​ពេញ​ល្អ ក្រោយពី​ពេល​បក​ចេញពី​ប្រអប់ ដើម្បី​ឲ្យ​អ្នក​អាច​ប្រើប្រាស់​ឲ្យ​អស់ពី​ចិត្តបាន​នៅពេល​ប្រើប្រាស់​ទូរ​សព្ទ​សេរី​ថ្មី​នោះ​ជា​លើកដំបូង​។ 
 
​ចំពោះ​ទូរ​សព្ទ​សេរី​ចាស់​មួយចំនួន​អាច​តម្រូវ​ឲ្យ​អ្នកប្រើប្រាស់​ថ្ម​រហូត​អស់ទាំង​ស្រុង​មុននឹង​ធ្វើការ​សាក​ចរន្ត​អគ្គីសនី​ឡើងវិញ​។ នេះ​គឺ​ដោយសារតែ​ទូរ​សព្ទ​សេរី​ចាស់ៗ​ទាំងនោះ​ប្រើប្រាស់​ថ្ម​ប្រភេទ នី​កែ​ល​-​កាត​ម្យ៉ូ​ម (Nickel-Cadmium) ។ ចំពោះ​ទូរ​សព្ទ​ទំនើប​បច្ចុប្បន្ន គេ​ប្រើប្រាស់​ថ្ម​ប្រភេទ លី​ចូ​ម​-​អ៊ីយ៉ុង (Lithium-ion) ដែល​អនុញ្ញាត​ឲ្យ​អ្នក​សាក​ថ្ម​ជាធម្មតា ទោះបីជា​អ្នក​សល់​ថ្ម​បន្តិចបន្តួច ឬ​អស់ទាំង​ស្រុង​ក៏ដោយ​ក្តី​។ វា​មិន​បង្ក​ឲ្យ​មាន​បញ្ហា​អ្វី​ដល់​ទូរ​សព្ទ​នោះទេ​។ តែ​អ្នកប្រើប្រាស់​ក៏​គួរ​យកចិត្តទុកដាក់​លើ​ការប្រើប្រាស់​ប្រដាប់​សាក​ពិតប្រាកដ​ច្បាស់លាស់​ដែល​ចេញពី​ប្រអប់​របស់​ទូរ​សព្ទ ឬ​ប្រដាប់​សាក​ដែលមាន​គុណភាព ឬ​ត្រូវបាន​អនុញ្ញាត​ពី​ក្រុមហ៊ុន​ផងដែរ ក្នុងការ​រក្សា​គុណភាព​ទូរ​សព្ទ​ឲ្យ​នៅបាន​កាន់តែ​យូរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com