អន្តរជាតិ
ករណី​ឆ្លង COVID-19 នៅ​អ៊ីតាលី​ឡើងដល់​១៦៩៤​នាក់​, ស្លាប់​៤១​នាក់
02, Mar 2020 , 10:05 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ករណី​ឆ្លង​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅ​អ៊ីតាលី បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​៤៨​ម៉ោង​ចុងក្រោយ​។ នេះ​បើតាម​អង្គភាព​ការពារ​ស៊ីវិល​របស់​អ៊ីតាលី​។ គិត​ត្រឹម​ថ្ងៃទី​១ ខែមីនា ករណី​ឆ្លង COVID-19 នៅ​អ៊ី​តា​ល​ឡើងដល់​១៦៩៤​នាក់ ដែល​តួលេខ​នេះ​រាប់បញ្ចូល​ទាំង​អ្នកជំងឺ​សម្រាក​ក្នុង​មន្ទីរពេទ្យ និង​អ្នក​ដែល​សះស្បើយ​ហើយ​។
 
​ចំនួន​អ្នក​ឆ្លង​ជំងឺ​ផ្លូវដង្ហើម COVID-19 នៅ​អ៊ីតាលី បាន​កើង​ឡើង​ពី​៨៨៨​នាក់ នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ទៅដល់​១៦៩៤​នាក់​នៅ​ថ្ងៃទី​១ ខែមីនា​។ នេះ​បើតាម​ការលើកឡើង​រប​ស់ Angelo Borrelli ប្រធាន​អង្គភាព​ការពារ​ស៊ីវិល​អ៊ីតាលី​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១ ខែមីនា​។ 
 
​បើតាម​លោក Borrelli ចំនួន​អ្នកស្លាប់​នៅ​ថ្ងៃទី​១ ខែមីនា មាន​ចំនួន​៥​នាក់​ទៀត ដែល​នាំ​ឲ្យ​តួលេខ​អ្នកស្លាប់​ដោយសារ COVID-19 មាន​ដល់​៤១​នាក់​។ ចំនួន​អ្នកស្លាប់​ទាំងអស់​សុទ្ធតែ​នៅ​តំបន់ Lombardy, Emilia-Romagna និង Veneto ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​លោក Borrelli បន្តថា នៅ​ថ្ងៃទី​១ ខែមីនា ចំនួន​អ្នកជំងឺ​ស្ថិតក្នុង​មន្ទីរពេទ្យ​មាន​៧៧៩​នាក់ ហើយ​១៤០​នាក់ ស្ថិតក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។ នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ អ្នកជំងឺ COVID-19 សម្រាក​នៅ​មន្ទី​ពេទ្យ​មាន​ចំនួន​៥០៩​នាក់ ក្នុងនោះ​១០៥​នាក់​ក្នុង​បន្ទប់ ICU ។ បើតាម​មន្ត្រី​អ៊ីតាលី​ដដែល​នេះ អ្នកជំងឺ​៨៣​នាក់ បាន​ធូរស្រាល និង​សះស្បើយ​ចាប់តាំងពី​ការផ្ទុះ​ករណី​វីរុស​នេះ​នៅ​អ៊ីតាលី​។​
 
​ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​២ ខែមីនា​នេះ អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​ជាង​៣០០០​នាក់​ហើយ ។ ចិន​មាន​កំណើន​អ្នកស្លាប់​៤២​នាក់​ពី​ខេត្ត​ហ៊ូ​ប៉ី ខណៈ​សាំង​ម៉ា​រ៉ាំ​ង​ក្លាយជា​ប្រទេស​ទី​១១​ដែលមាន​ករណី​ស្លាប់​។ ដោយ​មិន​រាប់​អ៊ីតាលី ករណី​ស្លាប់​នៅ​ចិន​មាន ២៩១៥​នាក់​, អ៊ីរ៉ង់ ៥៤​នាក់​, កូរ៉េខាងត្បូង ២១​នាក់ នាវា Diamond Princess ៧​នាក់ ជប៉ុន ៦​នាក់ បារាំង​២​នាក់ ខណៈ ថៃ អាមេរិក អូស្ត្រាលី សាំង​ម៉ា​រ៉ាំ​ង និង​ហ្វីលីពីន មាន​១​ករណី​រៀងៗ​ខ្លួន​។​
 
​ក្រៅពី​ចិន កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​ច្រើនជាងគេ ដោយ​ឡើងដល់​ជាង​៣៧០០​នាក់ អ៊ីរ៉ង់​ជាង​៩៧០​នាក់ ជប៉ុន រួមទាំង​នាវា Diamond Princess មាន​សរុប​ប្រមាណ​១០០០​នាក់ ខណៈ​បារាំង អាល្លឺម៉ង់ និង​សិង្ហ​បុរី ចូល​ខ្ទង់រយ​នាក់​។ ប្រទេស​ជាង​២០​មាន​តួលេខ​អ្នក​ឆ្លង​ឡើង​២​ខ្ទង់ រីឯ​៣៧​ប្រទេស​ទៀត មាន​តួលេខ​ក្រោម​១០​ករណី​៕

Tag:
 COVID-19
  អ៊ីតាលី
© រក្សាសិទ្ធិដោយ thmeythmey.com