អន្តរជាតិ
កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង COVID-19 លើស​៤​ពាន់​ករណី ខណៈ​អ្នកស្លាប់​ឡើង​២២​នាក់​
02, Mar 2020 , 10:59 am        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​កូរ៉េខាងត្បូង បានបញ្ជាក់​ពី​ការរកឃើញ​ករណី​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) ចំនួន​៤៧៦​ករណី​ថ្មី នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២ ខែមីនា ដែល​ធ្វើ​ឲ្យ​តួលេខ​ឆ្លង​សរុប​ឡើងដល់ ៤២១២ ករណី​ហើយ​។ បើតាម​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង មនុស្ស​២២​នាក់ ដែល​ភាគច្រើន​គឺ​សុទ្ធតែជា​អ្នកជំងឺ​ប្រចាំកាយ​ស្រាប់ បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន​នេះ​។
 
​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ទាំង​៤៧៦​នាក់​នេះ អ្នក​ឆ្លង​៣៧៧​ករណី គឺ​ស្ថិតក្នុង​ទីក្រុង Daegu ចម្ងាយ​៣០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​សេ​អ៊ូ​ល និង ៦៨​នាក់ ស្ថិតក្នុង​ខេត្ត​ក្បែរ​ខាង​ក្រុង​នេះ​គឺ ខេត្ត North Gyeongsang​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េខាងត្បូង (KCDC) ។​
 
៦០​ភាគរយ​នៃ​អ្នកជំងឺ COVID-19 ដែល​បញ្ជាក់​ថ្មី​នេះ គឺពាក់ព័ន្ធ​នឹង​វិហារ​សាសនា​គ្រឹ​ស្ត Shincheonji ក្នុង​ទីក្រុង Daegu ។ វិហារ​សាសនា​គ្រឹ​ស្ត Shincheonji ដែល​ស្ថិតក្នុង​ទីក្រុង Daegu ក្លាយជា​ចំណុច​ផ្ដើម​នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ COVID-19 ក្រោយពី​ស្ត្រី​កូរ៉េខាងត្បូង​វ័យ ៦១​ឆ្នាំ​ម្នាក់ បានចេញ​រោគសញ្ញា​ក្តៅខ្លួន កាលពី​ថ្ងៃ​១០ ខែកុម្ភៈ​។ ក៏ប៉ុន្តែ​លោកស្រី​បាន​ទៅកាន់​វិហារ​នេះ​យ៉ាងតិច ៤ ដង ក្នុង​ទីក្រុង Daegu ដែលជា​ទីក្រុង​ធំ​បំផុត​លំដាប់​ទី​៤ ជាមួយ​ប្រជាជន ២,៥​លាន​នាក់ មុនពេល​ដឹងថា​កើត​ជំងឺ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន កាលពី​ថ្ងៃអាទិត្យ ទី​០១ ខែមីនា គូសបញ្ជាក់ថា រដ្ឋាភិបាល​លោក កំពុង​ដាក់ចេញ​ចំណាត់ការ​ឆ្លើយតប​យ៉ាងខ្លាំង​ក្លា ក្រោយ​បង្កើន​ការប្រកាសអាសន្ន​វិបត្តិ​នេះ​ទៅ​កម្រិត​ខ្ពស់បំផុត​។ ត្រង់ចំណុច​នេះ លោក មូ​ន និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​ជឿជាក់ថា មនុស្ស​ចូលរួម​កាន់តែច្រើន នឹង​ពួតដៃគ្នា​ក្នុង​កិច្ចប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​វីរុស COVID-19 ហើយ​យើង​នឹង​ទទួលជោគជ័យ​លើ​វីរុស​នេះ​»៕

Tag:
 ​កូរ៉េខាងត្បូង​
  COVID-19
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com