ជាធម្មតាអាការៈទល់លាមកកើតមានឡើងនៅពេលប្រព័ន្ធរំលាយអាហារ ឬក្រពះពោះវៀនជួបភាពពិបាកក្នុងការរំលាយនិងធ្វើចលនាបណ្ដាលឲ្យមានការស្ដុកកាកសំណល់មិនបញ្ចេញមកក្រៅរហូតដល់ទៅច្រើនជាង ៣ ថ្ងៃ។ បញ្ហាទល់លាមក គឺមិនមែនជារឿងលេងសើចនោះទេ ខណៈដែលរាងកាយត្រូវការបញ្ចេញកាកសំណល់ដើម្បីជៀសវាងការបង្កទៅជាជាតិពុលផ្ដល់ផលប៉ះពាល់គួរឲ្យព្រួយបារម្ភក្នុងរាងកាយ រួមទាំងជំងឺឫសដូងបាត និងមហារីកពោះវៀនធំ។
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈធម្មជាតិមួយចំនួនដែលជួយបង្កើនចលនាពោះវៀនទប់ស្កាត់អាការៈទល់លាមក ៖
១. ទឹកផ្លែប៉ោមស្រស់
នេះក៏ព្រោះតែផ្លែប៉ោមមានផ្ទុកសម្បូរទៅដោយជាតិសរសៃនិងសារធាតុ Sorbitol ដែលជួយបន្ទន់លាមក ព្រមទាំងធ្វើឲ្យមុខងារនៃពោះវៀនកាន់តែប្រសើរឡើង។ អ្នកទទួលទានជាតិសសៃច្រើនប៉ុណ្ណា លាមករបស់អ្នកកាន់តែទន់ប៉ុននោះដែរ ហើយរាងកាយអាចបញ្ចេញវាបានយ៉ាងងាយជៀសផុតពីបញ្ហាទល់លាមក។
២. ទឹកផ្លែឪឡឹកស្រស់
ជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរបំផុតមួយសម្រាប់អ្នកដែលមានបញ្ហាទល់លាមក។ នោះក៏ព្រោះតែឪឡឹកមានផ្ទុកសម្បូរទៅដោយជាតិទឹកនិងជាតិសរសៃដែលជួយសម្រួលចលនាពោះវៀន ព្រមទាំងទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយដែលបណ្ដាលឲ្យទល់លាមកទៀតផង។
៣. ទឹកក្រូចឆ្មារ
អាស៊ីតស៊ីទ្រីកដែលមានផ្ទុកនៅក្នុងក្រូចឆ្មារ គឺអាចជួយបង្កើនប្រព័ន្ធរំលាយអាហារ ដូច្នេះវានឹងអាចកម្ចាត់ ឬបញ្ចេញនូវកាកសំណល់ រួមទាំងជាតិពុលចេញពីរាងកាយបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារមួយចូលក្នុងទឹកក្ដៅឧណ្ហៗ ១ពែង រួចទទួលទានភេសជ្ជៈនេះដើម្បីធ្វើឲ្យការរំលាយអាហារកាន់តែប្រសើរនិងសកម្ម។
៤. ទឹក
ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ គឺចាំបាច់ណាស់នៅពេលអ្នកទល់លាមក។ អ្នកគួរបង្កើនការទទួលទានទឹកដើម្បីទប់ស្កាត់បញ្ហាលាមកឡើងរឹងស្ងួតពិបាកនឹងបញ្ចេញ។ ការទទួលទានទឹកច្រើនគ្រប់គ្រាន់ធ្វើឱ្យលាមកទន់ងាយនឹងបញ្ចេញមកក្រៅ។
៥. ទឹកទំពាំងបាយជូរស្រស់
ទំពាំងបាយជូរជាប្រភពដ៏ប្រសើរនៃជាតិសរសៃដែលជួយបន្ទន់លាមកនិងសម្រួលចលនាពោះវៀន។
៦. តែរុក្ខជាតិ
តែផ្កា Chamomile និងខ្ញីក្រៀម គឺប្រសើរណាស់សម្រាប់ដោះស្រាយបញ្ហាឈឺពោះ ចង្អោរចង់ក្អួត និងទល់លាមក។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកឆុងតែនេះសម្រាប់រយៈពេលយ៉ាងហោចណាស់ ១០ នាទីសិន សឹមទទួលទាន។
៧. ទឹកគ្រាប់ជី
គ្រាប់ជីជាប្រភពដ៏ល្អបំផុតមួយនៃជាតិសរសៃដែលជួយសម្រួលការរំលាយអាហារទប់ស្កាត់និងដោះស្រាយបញ្ហាទល់លាមកគួរឱ្យកត់សម្គាល់។
៨. ទឹកម្រះស្រស់
ទឹកម្រះស្រស់មានផ្ទុកសម្បូរទៅដោយជាតិសរសៃ dietary ដែលសម្រួលដល់ដំណើរការនៃការរំលាយអាហារឲ្យកាន់តែមានលក្ខណៈប្រសើរឡើង និងទប់ស្កាត់បញ្ហាទល់លាមក។ ដូច្នេះចូរព្យាយាមទទួលទានទឹកម្រះស្រស់មួយកែវជាប្រចាំ។
៩. ទឹកម្នាស់ស្រស់
ទឹកផ្លែម្នាស់មានផ្ទុកសម្បូរទៅដោយជាតិសរសៃ dietary ដែលជួយទប់ស្កាត់និងដោះស្រាយអាការៈទល់លាមកប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៅទៀត សារធាតុ bromelain ក្នុងម្នាស់ក៏ជួយបំបែកប្រូតេអ៊ីននិងមានប្រយោជន៍ក្នុងការរំលាយអាហារបានត្រឹមត្រូវផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh