អន្តរជាតិ
នារីប៉ូឡូញម្នាក់ពិការភ្នែកដោយសារការសាក់លើកែវភ្នែកខុសបច្ចេកទេស 07, Mar 2020 , 8:29 pm
× ស្ត្រីប៉ូឡូញម្នាក់ឈ្មោះ Aleksandra បានធ្លាក់ខ្លួនពិការភ្នែកក្នុងអាយុ២៥ឆ្នាំ បន្ទាប់ពីនាងទៅឲ្យគេសាក់ភ្នែករបស់ខ្លួន។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន RTL។
Aleksandra Sadowska បានចាត់ទុកតារាចម្រៀងរ៉េប លោក Pawel Ryszard Mikolajuw ហៅ Popek Monster ជាអាយដូលរបស់ខ្លួន។ នាងបានសម្រេចចិត្តទៅហាងសាក់មួយកន្លែងដើម្បីឲ្យគេបន្តក់ចំណុចពណ៌សចំពីលើពណ៌ខ្មៅក្នុងគ្រាប់ភ្នែករបស់ខ្លួនតាមតារាដ៏ល្បីល្បាញនៅប៉ូឡូញរូបនោះ។
ក្រោយមក នារីវ័យ២៥ឆ្នាំរូបនេះ តែងតែមានការឈឺចាប់នៅក្នុងភ្នែករបស់ខ្លួន ប៉ុន្តែជាងសាក់ បានប្រាប់ទៅនាងកុំឲ្យមានការព្រួយបារម្ភ ព្រោះជារឿងធម្មតា សម្រាប់ដំណាក់កាលដំបូង។
ក្រោយមក នាងបានទៅមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យពិនិត្យឃើញថា នាងចាប់ផ្តើមពិការភ្នែកស្តាំ ហើយក្រោយមកបន្តដល់ភ្នែកឆ្វេង ដោយសារតែការសាក់ខុសបច្ចេកទេស។ បើតាមការផ្សាយរបស់ Daily Mail ជាងសាក់ប្រឈមជាប់ពន្ធនាគារបីឆ្នាំពីបទធ្វើឲ្យស្ត្រីវ័យក្មេងរូបនោះ ពិការភ្នែកដោយអចេតនា។
ការស៊ើបអង្កេតបានរកឃើញថា ជាងសាក់ពិតជាបានអនុវត្តក្បួនខុសបច្ចេកទេសនៅពេលដំណើរការបន្តក់ចំណុចពណ៌ទៅលើកែវភ្នែកនាង Aleksandra។ ទោះបីជាយ៉ាងណាក៏ដោយ ជាងសាក់រូបនោះ បានច្រានចោលការចោទប្រកាន់ និងកំហុសរបស់ខ្លួន ខណៈតុលាការនឹងបើកសវនាការនាពេលខាងមុខ។
បច្ចុប្បន្ន Aleksandra នៅតែបន្តបង្ហោះសកម្មភាព និងរូបភាពរបស់ខ្លួននៅលើបណ្តាញសង្គម Instagram ដោយនាងអះអាងបន្តរស់នៅដោយរីករាយ មិនឲ្យទុក្ខកង្វល់ផ្សេងៗ ញាំញីដល់ជីវិតរបស់នាងនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com