ពីនេះ ពីនោះ
សរសេរជា«ជំងឺ»បែបនេះទើបត្រូវ មិនមែនសរសេរ«ជម្ងឺ»ឡើយ 08, Mar 2020 , 7:39 am
× ស្មេរខ្លះនៅតែប្រកែកគ្នាថា តើគួរតែសរសេរជាព្យាង្គរាយ និងព្យាង្គតម្រួត មួយណាទើបត្រឹមត្រូវ? លែងជាចម្ងល់ និងត្រូវចងចាំថាពាក្យ «ជំងឺ»សរសេរបែបព្យាង្គរាយ ទើបត្រឹមត្រូវទៅតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
ពាក្យមួយចំនួនផ្សេងទៀត ដែលមិនសរសេរជាព្យាង្គតម្រួត នោះមានដូចជា ជំរុញ មិនមែនជម្រុញ, សំរាម មិនមែន សម្រាម, កំណើត ក៏មិនមែនកម្ណើតដែរ។
ស្មេរទូទៅច្រឡំពាក្យខ្លះសរសេរជាព្យាង្គតម្រួត ដោយសារតែឃើញមានពាក្យជាច្រើន សរសេរជាព្យាង្គតម្រួត ពាក្យទាំងនោះមានដូចជា៖ តំរូវ ទៅជាតម្រូវ, សំរាប់ ទៅជាសម្រាប់, គំរោង ទៅជាគម្រោង, សំលាប់ ទៅជាសម្លាប់, សំឡាញ់ ទៅជាសម្លាញ់, សំរួល ទៅជាសម្រួល, ចំលើយ ទៅជាចម្លើយ, សំដី ទៅជាសម្តី, សំគាល់ ទៅជាសម្គាល់, សំដែង ទៅជាសម្តែង, សំបូរ ទៅជាសម្បូរ, សំភី ទៅជាសម្ភី ជាដើម។
ហេតុដូច្នេះ ស្មេរខ្លះគិតថាពាក្យ «ជំរុញ»,«ជំងឺ»,«សំរាម»ជាដើម ប្រហែលជាប្តូរពីព្យាង្គរាយ ទៅព្យាង្គតម្រួតដែរហើយ។ ការពិតទៅ ពាក្យទាំងនេះ មិនអាចសរសេរជាព្យាង្គតម្រួតបានឡើយ។ ការបកស្រាយខាងលើនេះ ដោយយោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត៕
© រក្សាសិទ្ធិដោយ thmeythmey.com