COVID-19
អន្តរជាតិ
ការព្រួយបារម្ភ​របស់​ប្រជាជន ជុំវិញ​ករណី​ឆ្លង COVID-19
09, Mar 2020 , 8:29 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
COVID-19 គឺជា​ជំងឺ​រលាក​សួត​ម្យ៉ាង ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​។ ជំងឺ​នេះ គឺមាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ SARS (Severe Acute Respiratory Syndrome) ដែល​បាន​ផ្ទុះឡើង​នៅ​ចិន​កាលពី​ឆ្នាំ ២០០២-២០០៣ ដែរ ព្រោះ​វា​បង្កដោយ​អម្បូរ​កូ​រ៉ូ​ណាវី​រុស​ដូចគ្នា ប៉ុន្តែ​COVID-19 បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ខ្លាំង​ជាង SARS​។ មិន​ត្រឹម​តែមាន​ផលប៉ះពាល់​ខ្លាំង​ទេ COVID-19 ថែមទាំង​បាន​បង្ក​ការភ័យខ្លាច និង​ការព្រួយបារម្ភ​ដល់​ប្រជាជន​ជាច្រើន​ផងដែរ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​ប្រទេស​នីមួយៗ បានចេញ​វិធានការ​មួយចំនួន ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​។

 
​ចាប់តាំងពី​រកឃើញ​នៅ​ចុងឆ្នាំ​២០១៩​នៅក្នុង​ក្រុង​វ៉ូ​ហាន ប្រទេស​ចិន COVID-19 បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ទាំង​នៅក្នុង​សង្គម សេដ្ឋកិច្ច ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត​។ គិត​ត្រឹម​ថ្ងៃទី​៨ ខែមីនា ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស ត្រូវបាន​គេ​ឃើញ​រហូតដល់​ជាង ១០​ម៉ឺន​ករណី​ឯណោះ​។ យ៉ាងណាក៏ដោយ​ក្នុង​ចំនួន​ដ៏​ច្រើន​បែបនេះ មាន​អ្នកស្លាប់​ប្រមាណ ៣៦០០ ករណី និង​អ្នកជា​សះស្បើយ​រហូតដល់​ជិត ៦​ម៉ឺន​។​
 
 ជាពិសេស វីរុស​ថ្មី​នេះ បាន​រីកសាយ​រហូតដល់​ទៅ ៩៧​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​។ ក្នុងចំណោម​ប្រទេស​ទាំងនេះ ចិន​រកឃើញ COVID-19 ច្រើនជាងគេ ប្រមាណ​ជាង ៨​ម៉ឺន​ករណី កូរ៉េខាងត្បូង​ឈរ​លំដាប់​ទី​២ មាន​ចំនួន​ជាង ៧០០០​ពាន់​ករណី អ៊ីតាលី​ឈរ​នៅ​លេខ​រៀង​ទី​៣ មាន​ជិត​៦​ពាន់​ករណី អ៊ីរ៉ង់​ទី​៤ មាន​ជិត ៦​ពាន់​ករណី​ដូចគ្នា និង​ប្រទេស​ផ្សេងទៀត​។ នេះ​បើតាម​ទិ​ន្និ​ន័យ​របស់ BNO Tracking Coronavirus​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ការភ័យខ្លាច​របស់​ប្រជាជន​នៅក្នុង​ប្រទេស​ជាច្រើន បាន​កើន​ឡើងជា​បន្តបន្ទាប់ ព្រោះ​គេ​ព្រួយបារម្ភ​ពី​ផលប៉ះពាល់ ការឆ្លង និង​អត្រា​មរណភាព ដោយសារ​COVID-19​។ និន្នាការ​នេះ ក៏បាន​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ ចាប់តាំងពី​ក្រសួងសុខាភិបាល​កម្ពុជា​រកឃើញ​ករណី​ទី​១ ដែល​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​នៅ​ខេត្ត​ព្រះសីហនុ និង​ករណី​ទី​២ ជា​ជនជាតិខ្មែរ​នៅ​ខេត្តសៀមរាប ដែល​ឆ្លង​មកពី​ជនជាតិ​ជប៉ុន​ម្នាក់​។ ប្រជាជន បាន​សម្រុក​ទិញ​ម៉ាស់ និង​ទឹក​លាងដៃ​ជាច្រើន​។ ឈ្មួញ និង​អ្នកលក់​មួយចំនួន ចាប់ផ្តើម​លក់​ផលិតផល​ការពារ​ទាំងនេះ ក្នុងតម្លៃ​ថ្លៃ ដើម្បី​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​។ 
 
​ឧទាហរណ៍​ជាក់ស្តែង បញ្ហា​តម្រូវការ​ម៉ាស់​កើន​ខ្ពស់ កន្លែង​មួយចំនួន បាន​កែច្នៃ​ម៉ាស់​មួយ​ទឹក យកមកប្រើ​ប្រាស់​ឡើងវិញ និង​កន្លែង​ខ្លះទៀត ផលិត​ម៉ាស់ មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​។ តួយ៉ាង​ដូចជា​នៅក្នុង​ប្រទេស​ថៃ អាជ្ញាធរ​ថៃ បាន​ចុះបង្ក្រាប​ទីតាំង​ច្នៃ​ម៉ាស់​មួយ​ទឹក​មួយកន្លែង ក្នុងស្រុក Wihandaeng ខេត្ត​Saraburi​។ ចំណែក​នៅ​ឥណ្ឌូណេស៊ី​វិញ ប៉ូលិស​ក្រុង​ហ្សា​ការ​តា បាន​ចុះទៅ​បង្ក្រាប​ទីតាំង​ផលិត​ម៉ាស់​ខុសច្បាប់​មួយកន្លែង​នា​សង្កាត់ Cilincing ទីក្រុង​ហ្សា​ការ​តា ដែល​ផលិត​ម៉ាស់​មិនត្រូវ​តាម​ស្តង់ដារ​។​
 
​បើ​ផ្អែក​ទៅតាម​ទ្រឹស្តី​សេដ្ឋកិច្ច នៅពេល​តម្រូវការ​ខ្ពស់ តម្លៃ​ក៏​ខ្ពស់​ទៅតាម​នោះដែរ (Supply and Demand) ព្រោះ​មាន​ផលិតផល​ខ្លះ ដូចជា​ម៉ាស់​ជាដើម ត្រូវ​អស់ពី​ស្តុក ឬ​ផ្គត់ផ្គង់​មកពី​បរទេស​មិនទាន់​។ ប៉ុន្តែ​ក៏មាន​ឈ្មួញ​មួយចំនួន បាន​ស្តុក​ម៉ាស់​លក់ ក្នុងតម្លៃ​យ៉ាង​ថ្លៃ ដែល​នេះ ទាមទារ​ឲ្យ​សមត្ថកិច្ច​ត្រូវតែ​ចាត់វិធានការ​។ កន្លងមក​រដ្ឋាភិបាល​កម្ពុជា ក៏បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​កុំ​ឲ្យ​តំឡើងថ្លៃ​ម៉ាស់​ហួសហេតុ​ពេក​។ 
 
​បន្ថែម​ពីលើ​នេះ​ទៅទៀត បន្ទាប់ពី​រកឃើញ​ករ​ណី​ទី​២ នៅ​ខេត្តសៀមរាប ប្រជាជន​មួយចំនួន បានចាប់ផ្តើម​ទិញ​ស្បៀងអាហារ​ទុក ដោយសារ​ភ័យខ្លាច​ថា COVID-19 អាច​រីកសាយ​ភាយ​ធំ​នៅក្នុង​ប្រទេស​។ ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​ពលរដ្ឋ​ទាំងអស់​រក្សា​ភាព​ស្ងៀមស្ងាត់ ដើម្បី​ការពារ​កុំ​ឲ្យ​ទំនិញ​ឡើងថ្លៃ​។ បើតាម​សេចក្តីជូនដំណឹង​នេះ រដ្ឋបាល​ក្រុងភ្នំពេញ​បញ្ជាក់ថា ស្បៀងអាហារ​នៅ​កម្ពុជា ពុំមាន​ការខ្វះខាត​ឡើយ​។ ពិតណាស់ ប្រសិនបើ​ប្រជាជន នៅតែ​ទិញ​ទំនិញស្តុក​បែបនេះ​ទៀត ទំនិញ​នឹង​ឡើងថ្លៃ​ជាមិនខាន​។ 
 
​យ៉ាងណាមិញ នៅ​ឥណ្ឌូណេស៊ី​វិញ ក៏​មិន​ខុសគ្នា​ពី​កម្ពុជា​ប៉ុន្មាន​ដែរ​។ បន្ទាប់ពី​រកឃើញ​ពីរ​ករណី​ដំបូង​នៅក្នុង​ប្រទេស ប្រជាជន​ឥណ្ឌូណេស៊ី​ជាច្រើន​បាន​សម្រុក​ទៅ​ទិញ​ឥ​វ៉ាន់​ស្ទើរតែ​អស់ពី​ផ្សារ​។ ចំណែក​តម្រូវការ​ម៉ាស់ និង​តម្លៃ​ក៏​ឡើង​ខ្ពស់​ផងដែរ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ចេញមុខ​ព្រមាន​ថា អ្នកលក់​ម៉ាស់​ដំឡើងថ្លៃ អាច​ជាប់ពន្ធនាគា​ររ​ហូត​ដល់ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូតដល់​ជាង ៣៥​ម៉ឺន​ដុល្លារ​។ 
 
​បើ​ក្រឡេកមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ មាន​បណ្តាញសារព័ត៌មាន និង​បណ្តាញ​សង្គម​ជាច្រើន បាន​ចែករំលែក​ព័ត៌មាន​ជុំវិញ​បញ្ហា​COVID-19 នេះ ហើយ​ថែមទាំង​ចែករំលែក​វិធានការ​ការពារ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​។ នេះ​គឺជា​គំរូ​ល្អ ក្នុង​ការជួយ​ទប់ស្កាត់​ការភ័យខ្លាច​របស់​ប្រជាជន​។ ដោយឡែក​សម្រាប់​បណ្តាញ​សារព័ត៌មាន និង​បណ្តាញ​សង្គម​មួយចំនួន​តូច បែប​ជា​បង្កើត​ព័ត៌មាន​មិន​ពិត​ទៅវិញ​។ បញ្ហា​នេះ វា​មិនបាន​ជួយ​សង្គម​ក៏ដូចជា​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​បែប​ជា​បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាជន​កាន់តែខ្លាំង​ឡើង​។ ដើម្បី​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច ហ៊ុន សែន បានចាត់ទុក​អ្នក​បង្ហោះ​ព័ត៌មាន​មិន​ពិត​ពី​COVID-19​ទាំងអស់ គឺជា​ភេរ​វករ ហើយ​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ 
 
​ដើម្បី​កាត់បន្ថយ​ការភ័យខ្លាច និង​បញ្ហា​ព្រួយបារម្ភ​របស់​ប្រជាជន ព័ត៌មាន​មួយចំនួន​តូច គួរតែ​ឈប់​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បែរមក​ផ្សា​ព្វ​ផ្សាយ​វិធានការ​ការពារ និង​ករណី​ព្យាបាល​ជាសះស្បើយ​វិញ​ប្រសើរ​ជាង​។ COVID-19 មិនគួរ​ឲ្យ​ខ្លាច​ដូចជា​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​COVID-19 នោះទេ ហើយ​ព័ត៌មាន​មិន​ពិត​នេះ អាច​បង្ក​ផលប៉ះពាល់​ទ្វេដង​។ 
 
​ជាការ​ពិត បន្ទាប់ពី​រកឃើញ​ករ​ណី​ទី​ពីរ​នៅក្នុង​ប្រទេស សម្តេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ​សាលារៀន​ពី​ថ្នាក់​មតេយ្យ​ដល់​ឧ​ត្ត​ម​សិក្សា​រយៈពេល បណ្តោះអាសន្ន និង​លុបចោល​សង្ក្រាន្ត​សៀមរាប ដែល​វា​ជា​វិធានការ​ទប់ស្កាត់​មួយ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​។ ជាពិសេស អាជ្ញាធរ ក៏បាន​រឹតបន្តឹង​លើ​ការត្រួតពិនិត្យ COVID-19 ជាង​មុន​ផងដែរ​។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល​កម្ពុ​ជា ក៏បាន​ចេញ​វិធានការ​ការពារ​ជា​បន្តបន្ទាប់ និង​វិធានការ​ផ្សេងៗ ក្នុងការ​ទប់ស្កាត់​ករ​ណី​ឆ្លង​ដោយ​ប្រការ​ណាមួយ​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com