អន្តរជាតិ
កូរ៉េខាងជើង បាញ់កាំជ្រួច៣គ្រាប់ទៀតនៅព្រឹកថ្ងៃទី៩ ខែមីនានេះ 09, Mar 2020 , 8:52 am
គ្រាប់រ៉ុក្កែតបាញ់ដោយយោធាកូរ៉េខាងជើងក្នុងសមយុទ្ធថ្ងៃទី២ ខែមីនា។ រូបភាព KCNA
× កូរ៉េខាងជើង នៅថ្ងៃទី៩ ខែមីនា បានបាញ់កាំជ្រួចបីគ្រាប់សំដៅសមុទ្រខាងកើត ដែលជាការបាញ់លើកទីពីរក្នុងឆ្នាំ២០២០ នេះ។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។ មិនទាន់មានការបញ្ជាក់ពីប្រភេទនៃកាំជ្រួចនេះឡើយ។
បើតាមសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង កាំជ្រួចចំនួន៣ ត្រូវបានបាញ់ឆ្លងសមុទ្រចេញពីតំបន់ Sondok ក្នុងខេត្ត South Hamgyong ។ ពេលនេះ យោធាកូរ៉េខាងត្បូង កំពុងតាមដានសកម្មភាពកូរ៉េខាងជើង ក្រែងលោមានការបាញ់បន្ថែមទៀត ក៏ដូចជាការត្រៀមខ្លួនប្រយុទ្ធផងដែរ។
នេះជាលើកទីពីរសម្រាប់ឆ្នាំ២០២០ ដែលកូរ៉េខាងជើងត្រូវបានមើលឃើញថា បានចាប់ផ្ដើមសកម្មភាពរបស់ខ្លួនឡើងវិញ។ កាលពីសប្ដាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ផ្សាយថា មេដឹកនាំកំពូល គីម ជុងអ៊ុន បានដឹកនាំការធ្វើសមយុទ្ធបាញ់កាំភ្លើងធំចម្ងាយឆ្ងាយ។
សូមបញ្ជាក់ថា Sondok ជាទីតាំងបាញ់រ៉ុក្កែតចម្រុះធុនធំរបស់កូរ៉េខាងជើង ដែលសាកល្បងនៅទីនោះជាលើកដំបូងកាលពីខែសីហា ឆ្នាំ២០១៩ ។ មកទល់ពេលនេះ កូរ៉េខាងជើង ធ្វើតេស្តអាវុធមួយនេះ៥ដងហើយ។ ការបាញ់នៅថ្ងៃទី៩ ខែមីនា អាចជាការសាកល្បងរបស់កូរ៉េខាងជើង ដើម្បីកាត់បន្ថយគម្លាតបាញ់រវាងគ្រាប់នីមួយៗ៕
Tag:
កូរ៉េខាងជើង
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com