COVID-19
អន្តរជាតិ
COVID19៖ ចិន ប្រកាស​ករណី​ឆ្លង​ថ្មី​៤៤ ដែលជា​តួលេខ​ទាប​បំផុត​ចាប់ពី​ពាក់កណ្តាល​ខែមករា​
09, Mar 2020 , 2:13 pm        
រូបភាព
ជនជាតិចិន ត្រៀមដឹកជញ្ជូនបន្លែឲ្យប្រជាពលរដ្ឋចិន, រូបភាព៖ Reuters
ជនជាតិចិន ត្រៀមដឹកជញ្ជូនបន្លែឲ្យប្រជាពលរដ្ឋចិន, រូបភាព៖ Reuters
​ចិន នា​ថ្ងៃទី​៨ ខែមីនា បាន​រកឃើញ​ករណី​ឆ្លង​COVID-19 នៅក្នុង​ស្រុក​ចុះ​ទាប​បំផុត ដែលមាន​ចំនួន​ត្រឹមតែ ៤៤​ករណី​តែប៉ុណ្ណោះ ចាប់តាំងពី​ថ្ងៃទី​២០ ខែមករា កន្លងមក​។ អត្រា​ឆ្លង​ក្នុងស្រុក​ធ្លាក់ចុះ​មែន ប៉ុន្តែ​អ្នក​ឆ្លង​មកពី​ក្រៅប្រទេស​បាន​កើន​ដល់​ចំនួន​សរុប ៦៧​ករណី​។​

 
​បន្ទាប់ពី​រកឃើញ​នៅ​ចុងឆ្នាំ​២០១៩ ចិន បាន​រកឃើញ​ករណី​ឆ្លង COVID-19 ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​។ ករណី​សរុប​ចុងក្រោយ ចិន​មាន​COVID-19 ចំនួន ៨​ម៉ឺន​ករណី​។ មួយរយៈ​ចុងក្រោយ​នេះ ទាំង​ស្ថានភាព​ឆ្លង ស្លាប់ គឺមាន​ការធ្លាក់ចុះ គួរ​ឲ្យ​កត់សម្គាល់​។ នា​ថ្ងៃទី​៨ ខែមីនា ចំនួន​ឆ្លង​នៅ​ប្រទេស​ចិន គឺមាន​តែ ៤៤​ករណី​ឆ្លង និង​ស្លាប់ ២៧​ករណី​។ ចំនួន​នេះ ត្រូវបាន​គេ​មើលឃើញថា ចុះ​ទាប​ចាប់តាំងពី​ថ្ងៃទី​២០ ខែមករា កន្លងមក​។ 
 
​យ៉ាងណាក៏ដោយ បើទោះបី​ជាមាន​ចំនួន​ច្រើន​រហូតដល់​ជាង ៨​ម៉ឺន​ករណី​ក៏ពិតមែន ប៉ុន្តែ​អ្នកជា​សះស្បើយ​នៅ​ចិន​ក៏មាន​ច្រើន​ផងដែរ​។ បើតាម​តួលេខ​អ្នកជា​សះស្បើយ BNO Tracking Coronavirus មនុស្ស​ចំនួន​ប្រមាណ ៥៨០០០​នាក់ ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។ នេះ​កើតចេញពី​វិធានការ និង​ការខិតខំ​របស់​ចិន ដើម្បី​ទប់ស្កាត់​វីរុស​ថ្មី​មួយ​នេះ​។ 
 
​ករណី​ឆ្លង​នៅក្នុង​ស្រុក​ធ្លាក់ចុះ​មែន ប៉ុន្តែ​អាជ្ញាធរ​ចិន បារម្ភ​ពី​ករណី​ឆ្លង​មក​បរទេស​ដូចជា​អ៊ីតាលី និង​អ៊ីរ៉ង់​ជាដើម​។ គិត​ត្រឹម​ថ្ងៃទី​៨ ខែមីនា​នេះ ចិន​បាន​រកឃើញ​ចំនួន​អ្នក​ឆ្លង​COVID-19 មកពី​បរទេស​ចំនួន ៦៧​ករណី ហើយ​ភាគច្រើន​នៃ​អ្នកជំងឺ គឺ​មកពី​អ៊ីតាលី និង​អ៊ីរ៉ង់​។ 
 
​មួយរយៈ​ចុងក្រោយ ករណី​ឆ្លង និង​ករណី​ស្លាប់​នៅ​ចិន​ធ្លាក់ចុះ ប៉ុន្តែ COVID-19 បន្ត​កើនឡើង​នៅក្រៅ​ប្រទេស​។ បើ​ធៀប​ក្នុង​ថ្ងៃទី​៨ ខែមីនា ចិន​មាន​ករណី​ឆ្លង ត្រឹមតែ​៤៤​ករណី ស្លាប់ ២៧​ករណី ប៉ុន្តែ​អ៊ីតាលី មាន​រហូតដល់​ទៅជិត ១៥០០​ករណី និង​ស្លាប់ ១៣៣​ករណី​ឯណោះ​។ សម្រាប់​អ៊ីរ៉ង់​វិញ ក៏​កើនឡើង​យ៉ាងគំហុក​ផងដែរ​។ ក្នុង​តួលេខ​អ្នក​ឆ្លង​ក្នុង​ថ្ងៃ​ដដែល​នេះ អ៊ីរ៉ង់​មាន​រហូតដល់​ទៅ ៧៤៣​ករណី និង​អ្នកស្លាប់ ៤៩​ករណី​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com