COVID-19
អន្តរជាតិ
COVID-19៖ ហ្វីលីពីន ប្រកាសដាក់សុខាភិបាលសាធារណៈក្នុងស្ថានភាពអាសន្ន 10, Mar 2020 , 7:39 pm
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបភាព៖ MANILA BULLETIN
× ប្រធានាធិបតីហ្វីលីពីន នាថ្ងៃទី៩ ខែមីនា បានចេញសេចក្តីប្រកាសដាក់សុខាភិបាលសារធារណៈហ្វីលីពីនស្ថិតក្នុងស្ថានភាពអាសន្ន បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញករណីឆ្លងនៅក្នុងប្រទេសជាបន្តបន្ទាប់។
ប៉ុន្មានម៉ោងក្រោយបន្ទាប់ពីក្រសួងសុខាភិបាលប្រកាសរកឃើញករណីឆ្លងនៅក្នុងស្រុក ១០ករណីចុងក្រោយ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានចុះហត្ថលេខាលើសេចក្តីប្រកាសលេខ ៩២២ ស្តីពីការប្រកាសដាក់សុខាភិបាលសាធារណៈហ្វីលីពីនស្ថិតក្នុងស្ថានភាពអាសន្ន។ សេចក្តីប្រកាសនេះ ធ្វើឡើងតាមរយៈការផ្តល់យោបល់ពីសំណាក់ក្រសួងសុខាភិបាល។
បើតាមសេចក្តីប្រកាសមួយនេះ ប្រធានាធិបតីហ្វីលីពីន បានបញ្ជាឲ្យទីភ្នាក់ងាររដ្ឋាភិបាល និងរដ្ឋាភិបាលថ្នាក់តំបន់ទាំងអស់ចូលរួមសហការ ជួយរៀបចំប្រមូលធនធានឲ្យបានគ្រប់គ្រាន់ ដើម្បីចាត់វិធានការឆ្លើយតបនឹងការគំរាមកំហែងCOVID-19។ មិនតែប៉ុណ្ណោះ ប្រជាជនហ្វីលីពីន ភ្ញៀវទេសចរ ក៏ត្រូវស្ថិតនៅក្រោមសេចក្តីប្រកាសមួយនេះដែរ។ បានសេចក្តីថា ពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តតាមអនុសាសន៍របស់ទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីទប់ស្កាត់ករណីឆ្លង COVID-19 នៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។
បន្ថែមពីលើនេះ សេចក្តីប្រកាសចេញថ្ងៃទី៩ ខែមីនានេះ ក៏បានផ្តល់អំណាចដល់រដ្ឋមន្ត្រីសុខាភិបាលលោក Francisco Duque III ក្នុងការកោះហៅកងកម្លាំងប៉ូលិសជាតិហ្វីលីពីន និងកងកម្លាំងផ្សេងទៀត ឲ្យជួយប្រយុទ្ធប្រឆាំង COVID-19 ដែរ។ សេចក្តីប្រកាសនេះ នឹងមានសុពលភាពរហូតដល់ប្រធានាធិបតីហ្វីលីពីន ឌូទើតេ ចុះហត្ថលេខានិរាករណ៍។
សូមបញ្ជាក់ថា ករណីឆ្លងនៅហ្វីលីពីន បានកើនឡើងរហូតដល់ ២០ករណីហើយ ខណៈអ្នកស្លាប់មាន ១ករណី។ ក្នុងចំណោមបណ្តាសមាជិកអាស៊ានទាំងអស់ មានតែពីរប្រទេសប៉ុណ្ណោះ ដែលមិនទាន់រកឃើញCOVID-19 ក្នុងនោះមានដូចជាឡាវ និងមីយ៉ាន់ម៉ា៕
© រក្សាសិទ្ធិដោយ thmeythmey.com