COVID-19
អន្តរជាតិ
COVID-19៖ បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ ឆ្លងជាង១០០០ករណីរៀងៗខ្លួន 10, Mar 2020 , 10:19 pm
× បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ បានរកឃើញករណីCOVID-19 ជាបន្តបន្ទាប់ដែលធ្វើឲ្យតួលេខឆ្លងរបស់ប្រទេសទាំង៣ ឡើងយ៉ាងគំហុក។ ក្នុងចំណោមប្រទេសទាំង៣នេះ បារាំងមានតួលេខCOVID-19 ច្រើនជាងគេ ពោលគឺមានចំនួនលើសពី១៤០០ករណី បន្ទាប់មកអេស្ប៉ាញមានជាង ១២០០ករណី និងអាល្លឺម៉ង់មានជាង ១២០០ករណីដូចគ្នា។
បន្ទាប់ពីអ៊ីតាលី បារាំង បានរកឃើញCOVID-19 ច្រើនជាងគេនៅទ្វីបអឺរ៉ុប។ នាថ្ងៃទី៩ ខែមីនា បារាំងបានរកឃើញ ២០៣ករណី និងស្លាប់ ១១ករណីឯណោះ។ ការណ៍នេះ បានធ្វើឲ្យបារាំងរកឃើញករណីCOVID-19 សរុបចំនួន ១៤១២ករណី។ ក្នុងចំនួនជាង១ពាន់នេះ មានអ្នកស្លាប់ ៣០ករណី និងអ្នកជាសះស្បើយ ១២ករណី។
បន្ទាប់ពីបារាំង COVID-19 នៅក្នុងប្រទេសអេស្ប៉ាញ ក៏បានកើនតួលេខយ៉ាងគំហុកផងដែរ។ បើធៀបទៅនឹងបារាំងក្នុងថ្ងៃទី៩ ខែមីនាដដែល អេស្ប៉ាញបានកើនឡើងករណីCOVID-19 យ៉ាងគំហុក និងច្រើនជាងបារាំងពីរដង។ បើតាមសារព័ត៌មាន BNO Tracking Coronavirus អេស្ប៉ាញ បានរកឃើញរហូតដល់ទៅ ៥៥៨ករណី និងស្លាប់១៣ ឯណោះ។ សរុបរួម អេស្ប៉ាញបានរកឃើញ ១២៣៥ករណី ស្លាប់ ៣១ករណី និងជាសះស្បើយ៣២ករណី។
ក្រៅពីបារាំង និងអេស្ប៉ាញ នៅអាល្លឺម៉ង់ឯណោះវិញ ក៏កំពុងកើនឡើងអ្នកឆ្លងផងដែរ។ ក្នុងថ្ងៃដដែល អាល្លឺម៉ង់ បានរកឃើញករណីCOVID-19 ថ្មីរហូតដល់ ១៨៤ករណី និងស្លាប់ ២ករណី។ ការណ៍នេះ បានធ្វើឲ្យអាល្លឺម៉ង់មានករណីCOVID-19សរុប ១២២៤ករណី ស្លាប់ ២ករណី និងជាសះស្បើយ ១៨ករណី។
មួយរយៈចុងក្រោយនេះ តំបន់អឺរ៉ុប បានរងការវាយប្រហារពីសំណាក់COVID-19 យ៉ាងខ្លាំង ជាពិសេសអ៊ីតាលី។ ដើម្បីទប់ស្កាត់ករណីឆ្លង នាយករដ្ឋមន្ត្រីអ៊ីតាលី បានរឹតត្បិតការធ្វើដំណើរនៅទូទាំងប្រទេស លុបចោលព្រឹត្តិការណ៍កីឡា និងការជួបជុំទាំងអស់នៅក្នុងប្រទេសទាំងមូល៕
Tag:
បារាំង
អាល្លឺម៉ង់
អេស្ប៉ាញ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com