COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ក្លិប Olympiakos និង Nottingham Forest ឆ្លង COVID-19 11, Mar 2020 , 10:32 am
លោក Evangelos Marinakis ម្ចាស់ក្លិប Olympiakos និង Nottingham Forest
× លោក Evangelos Marinakis ម្ចាស់ក្លិបបាល់ទាត់ Olympiakos និង Nottingham Forest ពិនិត្យរកឃើញមានឆ្លងកូរ៉ូណាវីរុស (COVID-19)។ នេះបើយោងតាមការផ្សាយរបស់ BBC។
លោក Marinakis ដែលមានវ័យ ៥២ ឆ្នាំបានធ្វើដំណើរទៅកាន់ទឹកដីអង់គ្លេសដើម្បីចូលរួមទស្សនាការប្រកួតរវាងក្រុម Nottingham Forest ទល់ Millwall នៅឯកីឡដ្ឋាន City Ground កាលពីចុងសប្តាហ៍មុន។ អ្នកជំនួញសញ្ជាតិក្រិក និងជាម្ចាស់ក្លិប Olympiakos រូបនេះ បានធ្វើតេស្តវិជ្ជមាន COVID-19 បន្ទាប់ពីចេញរោគសញ្ញាដំបូងនៅពេលលោកវិលត្រឡប់ពីអង់គ្លេសទៅនាក់ប្រទេសក្រិកវិញ។ នេះបើតាមការបញ្ជាក់របស់ក្លិប Nottingham។
ក្លិបក្នុងក្របខណ្ឌលីគដំដាប់ទី២អង់គ្លេស (Championship) មួយនេះបន្ថែមថា៖«អំឡុងពេល Marinakis ស្នាក់នៅ Nottingham គាត់មិនបានបង្ហាញរោគសញ្ញាណាមួយនៃវីរុសឆ្លងនេះទេ។ យ៉ាងណា ក្លិបកំពុងឲ្យអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងអង្គភាពគ្រប់គ្រងពាក់ព័ន្ធតាមដានករណីនេះក៏ដូចជាចាត់វិធានការត្រឹមត្រូវក្នុងការដឹងពីប្រភពចម្លង»។
លោក Marinakis ក៏បានបង្ហោះលើបណ្តាញសង្គម Instagram ផ្ទាល់របស់លោកផងដែរថាលោកមានផ្ទុក COVID-19 ប៉ុន្តែលោកមានអារម្មណ៍ និងអាការល្អធម្មតាទេ ខណៈក្រុមគ្រូពេទ្យកំពុងតាមដានជំងឺយ៉ាងយកចិត្តទុកដាក់ផងដែរ។
ស្របពេលគ្នានេះ ក្លិប Millwall ដែលបានឈ្នះ Nottingham ៣-០ នាជំនួបក្របខណ្ឌលីគទី២អង់គ្លេសនោះ បានប្រកាសដែលថាតំណាងក្លិបជាន់ខ្ពស់របស់ខ្លួនដែលបានទាក់ទងជួបជាមួយលោក Marinakis ចាប់ផ្តើមដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីគ្រួសារ និងអ្នកពាក់ព័ន្ធផ្សេងៗ។
ដោយឡែក Olympiakos ក្លិបក្នុលីគទី១ក្រិក ដែលជាកម្មសិទ្ធិរបស់លោក Marinakis ដែរនោះ នឹងបើកទ្វារកីឡដ្ឋាន Karaiskakis ស្វាគមន៍ Wolverhampton Wanderers ក្នុងការប្រកួតពានរង្វាន់ UEFA Europa League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃទី១២ មីនានេះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ច្រានចោលសំណើរ Wolves ដែលស្នើពន្យារពេលប្រកួតនេះ។
ដោយសារការរីករាលដាលកាន់តែខ្លាំងនៃជំងឺឆ្លងកូរ៉ូណាវីរុស (COVID-19) បានបង្ខំឲ្យព្រឹត្តិកាណ៍កីឡាធំៗមួយចំនួនផ្អាក និងពន្យារពេលប្រកួត។ ក្របខណ្ឌអ៊ីតាលី Serie A រហូតមកដល់ថ្ងៃនេះបានសម្រេចផ្អាកការប្រកួតទាំងស្រុង ខណៈនៅអេស្ប៉ាញត្រូវលេងដោយបិទទ្វារកីឡដ្ឋានតែម្តង។
គិតត្រឹមថ្មៃទី១១ ខែមីនានេះ ក្រិកមានតួលេខអ្នកឆ្លង COVID-19 ចំនួន៨៩ករណី ប៉ុន្តែមិនទាន់មានអ្នកស្លាប់ឡើយ៕
Tag:
COVID-19
Evangelos Marinakis
© រក្សាសិទ្ធិដោយ thmeythmey.com