COVID-19
កីឡាជាតិ
ជាតិ
អន្តរជាតិ
ប្រាក់ មុន្នីឧត្តម នឹងអវត្តមានក្នុងជំនួបស្វាយរៀង ប៉ះ Than Quang Ninh ល្ងាចនេះ 11, Mar 2020 , 2:48 pm
លោក Conor Nestor និងកីឡាករ ប្រាក់ មុន្នីឧត្តម (រូបក្នុងរង្វង់), រូបភាពពីក្លិបព្រះខ័នរាជស្វាយរៀង
× ក្រុមព្រះខ័នរាជស្វាយរៀងត្រូវតទល់ជាមួយក្រុមមកពីវៀតណាម Than Quang Ninh នាព្រឹត្តិការណ៍ AFC Cup 2020 វេលាម៉ោង៦ល្ងាចថ្ងៃទី១១ ខែមីនា នេះ នៅពហុកីឡដ្ឋានជាតិ។ កីឡាករ ប្រាក់ មុន្នីឧត្តម នឹងត្រូវអវត្តមានក្នុងជំនួបដ៏សំខាន់មួយនេះ ដោយសារបញ្ហារបួស ដែលបានប៉ះទង្គិចក្នុងជំនួបលីគកំពូលកាលពីសប្តាហ៍មុន។ តែទាំងគ្រូបង្វឹកលោក Conor Nestor និងកីឡាករ សុក សំណាង សុទ្ធតែបានអះអាងពីការត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ជំនួបមួយនេះ។
គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានបញ្ជាក់ថា កីឡាករ ប្រាក់ មុន្នីឧត្តម ត្រូវសម្រាករយៈពេល៤ថ្ងៃ ដើម្បីតាមដានស្ថានភាពរបួសក្បាល ដែលបានប៉ះទង្គិកកាលពីសប្តាហ៍មុន។ ការសម្រាកនេះ ធ្វើឲ្យ រូបគេ ត្រូវអវត្តមានក្នុងជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយក្រុមមកពីវៀតណាម Than Quang Ninh នាការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Cup 2020 ប្រចាំពូល G នៅល្ងាចនេះ។
នាសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី១០ មីនា លោក Conor Nestor បានលើកឡើងជុំវិញបញ្ហារបស់កីឡាករ ប្រាក់ មុន្នីឧត្តម ដូច្នេះថា៖«ប្រាក់ មុន្នីឧត្តម គាត់មានបញ្ហារបួស ហើយយើងបានបញ្ជូនគាត់ទៅមន្ទីរពេទ្យដើម្បីស្កេនក្បាលរបស់គាត់ ជាលទ្ធផលវេជ្ជបណ្ឌិតគាត់បានបញ្ជាក់ថា គាត់ត្រូវការសម្រាក៤ថ្ងៃ ហើយ៤ថ្ងៃក្រោយគាត់នឹងទៅពិនិត្យម្តងទៀត ដើម្បីដឹងថា តើគាត់មានបញ្ហាតែ៤ថ្ងៃនឹង ឬត្រូវសម្រាកព្យាបាលរយៈពេលវែង។ ខ្ញុំសង្ឃឹមថា ឧត្តម នឹងឆាប់ជាសះស្បើយ»។
កីឡាករ ប្រាក់ មុន្នីឧត្តម បានរងរបួសក្បាលក្នុងជំនួបលីគកំពូលសប្តាហ៍ទី៤រវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយភ្នំពេញក្រោនកាលពីថ្ងៃអាទិត្យ ទី៨ ខែមីនា នាកីឡដ្ឋាន Smart R.S.N។ ក្នុងជំនួបនោះដែរ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលដោយគ្មានការស៊ុតបញ្ចូលទីគ្នា។ លទ្ធផលនេះ ជួយឲ្យភ្នំពេញក្រោនបន្តឈរកំពូលតារាងមាន១០ពិន្ទុ ខណៈស្វាយរៀងឈរលេខ២មាន១០ពិន្ទុដូចគ្នា តែចាញ់គ្រាប់បាល់ចំណេញ។
គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងលើប្តេជ្ញាថា លោក នឹងធ្វើឲ្យជំនួបរវាងព្រះខ័នរាជស្វាយរៀងជាមួយ Than Quang Ninh ក្លាយជំនួបដ៏ជក់ចិត្តនិងទាក់ទាញបំផុតសម្រាប់ទស្សនិកជន។ អ្វីដែលកាន់តែពិសេស លោក នឹងធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលដូចនឹងអ្វីដែលពួកគេបានធ្វើក្នុងជំនួបជាមួយក្រុម Bali United ដែលពួកគេយកឈ្នះក្នុងលទ្ធផល ២-១។
ជាមួយគ្នានេះកីឡាករ សុក សំណាង បាននិយាយថា រូបគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតមួយនេះ ហើយរូបគេប្តេជ្ញាថានឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកលទ្ធផលដ៏ល្អមួយជូនក្រុម និងអ្នកគាំទ្រ។
បើមើលពីរលើកកន្លងមកក្នុងពូលនេះ ព្រះខ័នរាជស្វាយរៀងប្រកួតចាញ់ Ceres Negros ក្នុងលទ្ធផល ៤-០ តែ Than Quang Ninh បញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុមនេះ។ បន្ទាប់មកស្វាយរៀងបានយកឈ្នះ Bali United ក្នុងលទ្ធផល ២-១ តែ Than Quang Minh ចាញ់ក្នុងលទ្ធផល ៤-១។
ជាមួយគ្នានេះ ក្លិបព្រះខ័នរាជស្វាយរៀង បានស្នើឲ្យអ្នកគាំទ្រទាំងអស់ប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ជាពិសេសការបង្ការករណីឆ្លង COVID-19។ មុនពេលអ្នកទស្សនាទៅកាន់កន្លែងអង្គុយ ពួកគេនឹងត្រូវបានត្រួតពិនិត្យ ជាមួយឧបករណ៍វាស់កម្តៅ Digital No-Touch Thermometer។ ប្រសិនរកឃើញករណីសីតុណ្ហភាពខ្ពស់ ពួកគេនឹងមិនអនុញ្ញាតឲ្យចូលរួមទស្សនានៅក្នុងពហុកីឡដ្ឋានជាតិឡើយ។
ក្លិបព្រះខ័នរាជ ក៏បានណែនាំអ្នកគាំទ្រឱ្យលាងសម្អាតដៃ នៅច្រកចូលពហុកីឡដ្ឋានជាតិ រួមជាមួយនឹងការផ្តល់ម៉ាស់ដោយឥតគិតថ្លៃសម្រាប់អ្នកដែលចង់ពាក់ផងដែរ៕
Tag:
AFC Cup 2020
ប្រាក់ មុន្នីឧត្តម
Than Quang Ninh
ព្រះខ័នរាជស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com