COVID-19
អន្តរជាតិ
មន្ត្រី​អន្តោប្រវេសន៍​ថៃ​២​នាក់​នៅ​ព្រលាន​សុវណ្ណ​ភូមិ ឆ្លង COVID-19 ខណៈ​ឥណ្ឌូណេស៊ី​មាន​អ្នកស្លាប់​ដំបូង
11, Mar 2020 , 4:08 pm        
រូបភាព
ទិដ្ឋភាពនៅអាកាសយានដ្ឋាន​សុវណ្ណភូមិ កន្លងមក។ រូបថត ប៉ាន់ បូនី
ទិដ្ឋភាពនៅអាកាសយានដ្ឋាន​សុវណ្ណភូមិ កន្លងមក។ រូបថត ប៉ាន់ បូនី
នា​ថ្ងៃទី​១១ ខែមីនា ថៃ និង​វៀតណាម បន្ត​រកឃើញ​ករណី​COVID-19 ជា​បន្តបន្ទាប់ ខណៈពេល​ឥណ្ឌូណេស៊ី​រកឃើញ​ករណី​ស្លាប់​លើកដំបូង​។ បើតាម​សារព័ត៌មាន BNO Tracking Coronavirus ថៃ​បាន​រកឃើញ​ករណី​COVID-19 ថ្មី ចំនួន ៦​ករណី វៀតណាម ១​ករណី ខណៈពេល​ឥណ្ឌូណេស៊ី​រកឃើញ ១​ករណី​ស្លាប់​ជា​លើកដំបូង​។


​មួយរយៈ​ចុងក្រោយ​នេះ ថៃ​នៅតែ​បន្ត​រកឃើញ​ករណី​ឆ្លង​នៅក្នុង​ប្រ​ទស​។ នា​ថ្ងៃទី​១១ ខែមីនា ថៃ​បាន​រកឃើញ​ករណី​ឆ្លង COVID-19 ចំនួន ៦​ករណី​បន្ថែមទៀត​។ អ្នកជំងឺ​ទាំង ៦​ករណីនេះ មាន​អាយុ​ចាប់ពី​២១​ឆ្នាំ ដល់ ៤០​ឆ្នាំ​។ ក្នុងចំណោម ៦​ករណីនេះ មាន​៤​ករណី​ជា​ជនជាតិ​ថៃ (២​ករណី​ជាម​ន្ត្រី​អន្តោប្រវេសន៍​ធ្វើការ​នៅ​អាកាសយានដ្ឋាន Suvarnabhumi ពី​ជនបរទេស​) ១​ករណី​ជា​ស្ត្រី​កូរ៉េខាងត្បូង និង​១​ករណី​ទៀត គឺជា​ជនជាតិ​សិង្ហ​បុរី​។ បន្ទាប់ពី​រកឃើញ​៦​ករណីនេះ ថៃ​មាន​COVID-19 សរុប ៥៩​ករណី​។ ក្នុង​តួលេខ ៥៩​ករណីនេះ មាន​១​ករណី​ស្លាប់ និង ៣៤​ករណី​ជាសះស្បើយ​។

ក្នុង​ថ្ងៃ​ដដែល​នេះ នៅ​វៀតណាម​ឯណោះ​វិញ ក៏បាន​រកឃើញ COVID-19 ១​ករណី​ផងដែរ​។ ១​ករណីនេះ បាន​ឆ្លង ជនជាតិ​អង់គ្លេស ពីររូប ដែលមាន​ផ្ទុក COVID-19​។ ករណី​សរុប​នៅក្នុង​វៀតណាម បាន​កើន​ឡើងដល់ ៣៥​ករណី ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ១៦​ករណី​។

ខុសពី​វៀតណាម និង​ថៃ​ដែល​រកឃើញ​ករណី​ឆ្លង ឥណ្ឌូណេស៊ី បាន​រកឃើញ​អ្នកស្លាប់​ដោយសារ COVID-19 ១​ករណី​។ ករណី​ស្លាប់ នេះ​គឺជា​ស្ត្រី​បរទេស​វ័យ ៥៣​ឆ្នាំ ដែលមាន​ជំងឺ​រាំ​រ៉ៃ​ជាប់​ខ្លួន​ដូចជា​ជំងឺ​ទឹកនោមផ្អែម លើសឈាម និង​ជំងឺ​ផ្សេងៗ​ទៀត​។ តួលេខ​សរុប​COVID-19 នៅ​ឥណ្ឌូណេស៊ី មាន​ចំនួន​សរុប ២៧​ករណី ស្លាប់ ១​ករណី និង​ជាសះស្បើយ ២​ករណី​៕


Tag:
 ថៃ​
  វៀតណាម​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com