COVID-19
អន្តរជាតិ
ត្រឹមតែមួយថ្ងៃ អ៊ីតាលីរកឃើញករណីឆ្លង COVID-19 ជាង២ពាន់ និងស្លាប់ជិត២០០នាក់ 12, Mar 2020 , 9:49 am
រូបភាព៖ Reuters
× ជាប្រទេសរងគ្រោះខ្លាំងជាងគេនៅតំបន់អឺរ៉ុប ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរបង្កដោយកូរ៉ូណាវីរុស (COVID-19) អ៊ីតាលី នាថ្ងៃទី១១ ខែមីនា បានរកឃើញករណីឆ្លងជាង ២ពាន់ករណី និងអ្នកស្លាប់ជិត ២០០ករណីថែមទៀត។ នេះបើតាមតួលេខរបស់សារព័ត៌មាន BNO Tracking Coronavirus។
បើទោះបីជាមានវិធានការទប់ស្កាត់ការរីកសាយភាយនៅក្នុងប្រទេសក៏ដោយ ក៏តួលេខCOVID-19 នៅអ៊ីតាលីនៅតែបន្តកើនឡើងយ៉ាងគំហុក។ ត្រឹមតែមួយថ្ងៃទី១១ ខែមីនា អ៊ីតាលីមានករណីកូរ៉ូណាវីរុសថ្មីរហូតដល់ ២៣១៣ករណី និងស្លាប់ ១៩៦ករណីឯណោះ។ តួលេខការឆ្លងសរុបរបស់អ៊ីតាលីបានកើនរហូតដល់ ១២៤៦២ករណី។ ក្នុងចំនួនជាង ១ម៉ឺននាក់នេះ មានអ្នកស្លាប់សរុប ៨២៧ករណី និងជាសះស្បើយ ១០៤៥ករណី។
គិតត្រឹមពេលនេះ អ៊ីតាលីគឺជាប្រទេសទីពីរ បន្ទាប់ពីចិន ដែលបានរកឃើញករណី COVID-19 ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។
តាមពិតទៅ ដើម្បីទប់ស្កាត់ការរីកសាយភាយនៅក្នុងប្រទេស អ៊ីតាលីបានរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេស ការប្រកួតកីឡាទាំងអស់ត្រូវផ្អាក និងសាលារៀនក៏ត្រូវបិទផងដែរ។
យ៉ាងណាមិញ វិធានការថ្មីមិនទាន់បញ្ចេញប្រសិទ្ធភាពនៅឡើយ។ បន្ថែមពីលើនេះ ដោយសារឃើញអ៊ីតាលីរងការវាយប្រហារពីសំណាក់COVID-19 ខ្លាំងពេក ចិនបានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ និងជំងឺឆ្លង ដើម្បីជួយទប់ស្កាត់កូរ៉ូណាវីរុស៕
© រក្សាសិទ្ធិដោយ thmeythmey.com