អន្តរជាតិ
ប្រវត្តិនៃគេហទំព័រវីដេអូ «YouTube» 22, Mar 2020 , 9:39 pm
× «YouTube» គឺជាគេហទំព័រមួយដែលមានភាពល្បីល្បាញជាងគេនៅក្នុងបរិបទនៃការទស្សនា និងបង្ហោះវីដេអូទៅឲ្យអ្នកប្រើប្រាស់រាប់រយលាននាក់នៅក្នុងពិភពលោក។ ដោយក្នុងមួយខែៗ ជាង៤ពាន់លានម៉ោងនៃវីដេអូត្រូវបានចំណាយពីការទស្សនាដោយអ្នកប្រើប្រាស់នានានៅក្នុងប្រព័ន្ធអ៊ីនធឺណែត។
ចាប់តាំងពីការបង្កើតឡើងដំបូងនៅក្នុងឆ្នាំ២០០៥មក YouTube បានប្រែក្លាយខ្លួនពីកន្លែងទស្សនាវីដេអូផលិតដោយក្រុមមនុស្សសាមញ្ញធម្មតា មកជាកន្លែងទស្សនាវីដេអូដែលពោរពេញទៅដោយផលិតករអាជីព និងក្រុមហ៊ុនផ្លូវការធំៗជាច្រើន។ ក្នុងពេលជាមួយគ្នានេះ អាជីពថ្មីម្យ៉ាងក៏ត្រូវបានគេបង្កើតឡើងដោយវត្តមាននៃ YouTube ផងដែរ ដែលត្រូវបានគេហៅថា YouTuber Contents Creator ដែលជាអ្នក
ផលិតវីដេអូអូពេញម៉ោងនានានៅក្នុងប្រព័ន្ធ YouTube សម្រាប់ប្រាក់កម្រៃផ្ទាល់ពីចំនួនអ្នកទស្សនា និងអ្នកចូលជាវ (Subscribe) ។
គេហទំព័រ interestingengineering.com បានពន្យល់ថា គោលបំណងរបស់ YouTube ដំបូងត្រូវបានផ្តួចផ្តើមឡើងក្នុងការបង្កើតគេហទំព័រកណ្តាលធំមួយដែលមនុស្សទូទៅអាចបង្ហោះវីដេអូដែលខ្លួនមានទៅកាន់ប្រព័ន្ធអ៊ីនធឺណែតជាមួយនឹងការរឹតត្បិតទាប។ YouTube ត្រូវបានបង្កើតឡើងនៅក្នុងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៥ ដោយបុរសបីនាក់ ក្នុងនោះមានដូចជាលោក Chad Hurley លោក Steve Chen និងលោក Jawed Karim ដែលនាក់ទាំងបីនេះធ្លាប់ជាបុគ្គលិកនៃក្រុមហ៊ុន PayPal ។
គំនិតដំបូងត្រូវបានគេបង្កើតឡើងនៅក្នុងឆ្នាំ២០០៤ នៅពេលដែលអ្នកទាំងបីរូបបានគិតថា វាគឺជារឿងដ៏ពិបាកមួយក្នុងការតាមរកវីដេអូនានានៅក្នុងប្រព័ន្ធដ៏ធំធេងនៃអ៊ីនធឺណែត។ លោក Chad Hurley បាននិយាយថា មនុស្សគ្រប់គ្នាបានថតវីដែអូជាច្រើននៅតាមទូរសព្ទដៃ ឬកាម៉េរា តែវាមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេក្នុងការចែករំលែកទិន្នន័យវីដេអូទាំងនោះទៅកាន់ប្រព័ន្ធអ៊ីនធឺណែត។
នៅខែឧសភានៃឆ្នាំ២០០៥ វីដេអូដំបូងគេបង្អស់ដែលមានចំណងជើងថា «Me at the Zoo» ដែលមានរយៈពេល១៩វិនាទីត្រូវបានលោក Jawed Karim បង្ហោះឡើងនៅក្នុងគេហទំព័រ YouTube ។ នៅក្នុងខែកញ្ញា ឆ្នាំ២០០៥ដដែល វីដេអូលើកដំបូងគេដែលត្រូវបានគេចូលទស្សនាជាង១លានដងគឺវីដេអូរបស់ក្រុមហ៊ុនសំលៀកបំពាក់កីឡា Nike ជាមួយនឹងកីឡាករទាត់បាល់ Ronaldinho ។ នៅក្នុងខែធ្នូ ឆ្នាំដដែល ក្រុមហ៊ុន Sequoia Capital បានបោះទុក៣,៥លានដុល្លារលើ YouTube និងប្រមាណជា៨លានដុល្លារទៀតដោយ Sequoia ដដែលជាមួយនឹង Artist Capital Management នៅក្នុងឆ្នាំ២០០៦។ តើឈ្មោះ «YouTube»មានន័យដូចម្តេច?
តាមពិតទៅឈ្មោះ YouTube ពិតជាមានន័យសាមញ្ញណាស់។ ពាក្យ«You»សំដៅទៅពាក្ស«អ្នក» ចំណែកឯ«Tube»គឺជាពាក្យបច្ចេកទេសចំណាស់ម្យ៉ាងដែលសំដៅទៅលើផ្នែកខាងក្នុងនៃទូរទស្សន៍សេរីចាស់ (គូទប៉ោង) មានតួនាទីក្នុងការផលិតរូបភាពលើអេក្រង់។ នៅក្នុងខែតុលានៃឆ្នាំ២០០៦ Google បានទាញយក YouTube ក្នុងតម្លៃ១.៦៥ពាន់លានដុល្លារ និងបាននិយាយថា YouTube គឺជាជំហានបន្ទាប់ក្នុងការផ្លាស់ប្តូរកាវិវត្តន៍នៃអ៊ីនធើណែត។ ក្នុងពេលនោះ YouTube មានបុគ្គលិកធ្វើការប្រមាណជា៦៥នាក់ប៉ុណ្ណោះ។
© រក្សាសិទ្ធិដោយ thmeythmey.com