COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ Man Utd និង Man City រួមគ្នាផ្គត់ផ្គង់ស្បៀងក្នុងក្រុង Manchester 23, Mar 2020 , 11:29 am
× Manchester United និង Manchester City បានរួមកម្លាំងគ្នាបរិច្ចាគថវិកាចំនួន ១០០,០០០ ផោន (១១៧០០០ ដុល្លារអាមេរិក) ដើម្បីផ្គត់ផ្គង់ស្បៀងអាហារក្នុងតំបន់មួយចំនួនក្នុងក្រុង Manchester ដែលរងផលប៉ះពាល់ដោយជំងឺរលាកសួតធ្ងន់ធ្ងរ COVID-19។
ការបរិច្ចាគរបស់ក្រុមទាំពីរនេះ គឺដើម្បីគាំទ្រដល់មជ្ឈមណ្ឌលអាហារចំនួន ១៩ កន្លែងរបស់អង្គការ Trussell Trust នៅក្នុងតំបន់ Greater Manchester។ Man Utd និង Man City ធ្វើបែបនេះក៏ដើម្បីព្យាយាមកាត់បន្ថយបន្ទុកលើបុគ្គលិក និងអ្នកគាំទ្ររបស់ពួកគេដែលរស់នៅក្នុងក្រុង Manchester អំឡុងពេលមានវិបត្តិ ដោយសារមេរោគឆ្លងដ៏កាចសាហាវនេះ។
ដោយសារការរីករាលដាលនៃជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី លីគកីឡាបាល់ទាត់នៅអង់គ្លេសគ្រប់កម្រិតបានសម្រេចផ្អាកការប្រកួតរហូតដល់ថ្ងៃទី៣០ ខែមេសា ខណៈការជួយជុំផ្សេងៗនៅទីសាធារណនៅចក្រភពអង់គ្លេសក៏ត្រូវបានហាមឃាត់ផងដែរ។ ស្របពេលការភ័យខ្លាចនេះ និងការរាតត្បាតកាន់តែកើនឡើង ទីតាំងផ្សារទំនើប និងកន្លែងទិញអីវ៉ាន់ របស់របរហូបចុកជាច្រើនក៏ឃើញថាបានបិទទ្វារដែរ។
«យើងមានមោទកភាពចំពោះតួនាទីក្នុងការសម្រួលដល់អ្នកគាំទ្ររបស់យើង តាមរយៈការបង្កើតធនាគារស្បៀងអាហារក្នុងស្រុក COVID-19 ផ្ទុះឡើងខ្លាំង និងមានអ្នកឆ្លងច្រើនផងនោះ។ យើងរីករាយដែលបានចូលរួមជាមួយអ្នកគាំទ្ររបស់យើងនៅពេលពួកគេស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺននៃគ្រោះដ៏ធំនេះ»។ នេះជាសំណេរក្នុងសេចក្តីប្រកាសរួមគ្នារបស់ក្លិបទាំងពីរ។
សម្រាប់ក្រុមបិសាចក្រហម កាលពីសប្តាហ៍មុនពួកគេបានចេញមុខធានាថានឹងបើកប្រាក់ខែឲ្យបុគ្គលិករបស់ខ្លួនចំនួនជាង៣០០០នាក់ បើទោះគ្មានការប្រកួតសម្រាប់ជំនួនដែលនៅសេះសល់រដូវកាលនេះ ដោយសារតែ COVID-19 អុកឡុកកាន់តែខ្លាំង។
គិតត្រឹមថ្ងៃទី២៣ ខែមីនានេះ នៅចក្រភពអង់គ្លេសមានអ្នកស្លាប់ដោយសារ COVID-19 ដល់ទៅចំនួន ២៨១នាក់ ឆ្លង៥៦៨៣ករណី និងសះស្បើយចំនួន ១៣១នាក់។ ដោយឡែកបើគិតក្នុងចំណោមអ្នកឆ្លងនៅជុំវិញពិភពលោកវិញបានកើនដល់ ៣៣៨៧២៤នាក់ ករណីស្លាប់មាន ១៤៦៨៦នាក់ និងសះស្បើយ ៩៨៨២៦នាក់៕
Tag:
COVID-19
Manchester United
Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com