COVID-19
អន្តរជាតិ
អធិការបតីអាល្លឺម៉ង់ មឺហ្គែល ត្រូវដាក់នៅដោយឡែក ក្រោយជួបគ្រូពេទ្យមាន COVID-19 23, Mar 2020 , 1:14 pm
× អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល នៅថ្ងៃទី២២ ខែមីនា ត្រូវបានដាក់នៅដោយឡែកបន្ទាប់ពីអ្នកស្រីបានជួបជាមួយគ្រូពេទ្យម្នាក់ដែលត្រូវបានរកឃើញថា មានផ្ទុកជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) ។ មុនដាក់នៅដោយឡែក អ្នកស្រី មឺហ្គែល ក៏ប្រកាសរឹតបន្តឹងវិធានការក្នុងស្រុកដោយហាមការជួបជុំចាប់ពីពីរនាក់ឡើងទៅតែម្ដង ខណៈអាជីវកម្មមិនចាំបាច់ជាច្រើន ក៏ត្រូវបញ្ជាឲ្យបិទជាបណ្ដោះអាសន្នផងដែរ។
«អ្នកស្រីអធិការបតី សម្រេចចិត្តដាក់ខ្លួនក្រោមវិធានចត្តាឡីស័កភា្លមៗនៅផ្ទះអ្នកស្រី។ អ្នកស្រី នឹងទទួលការធ្វើតេស្តទៀងទាត់នៅថ្ងៃខាងមុខ ហើយបន្តបំពេញតួនាទីពីផ្ទះអ្នកស្រី។» អ្នកនាំពាក្យអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល បញ្ជាក់បែបនេះនៅថ្ងៃទី២២ ខែមីនា។
អ្នកស្រី មឺហ្គែល ជាប់សង្ស័យឆ្លង COVID-19 បន្ទាប់ពីគ្រូពេទ្យម្នាក់ដែលចាក់ថ្នាំវ៉ាក់សាំងលើអ្នកស្រី មានលទ្ធផលវិជ្ជមាន COVID-19 ។ បើតាមលោក Steffen Seibert ដែលជាអ្នកនាំពាក្យ លទ្ធផលអ្នកស្រី មឺហ្គែល អាចឆ្លងវីរុសនេះឬយ៉ាងណានោះ ត្រូវរង់ចាំប៉ុន្មានថ្ងៃទៀតទើបដឹង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ក្នុងសន្និសីទសារព័ត៌មានប្រកាសពីវិធានការទប់ស្កាត់ COVID-19 នៅថ្ងៃទី២២ ខែមីនា អ្នកស្រីមិនបានបង្ហាញរោគសញ្ញាអ្វីឡើយ។
ដ្បិតមានវ័យចំណាស់បន្តិចមែន អ្នកស្រី មឺហ្គែល ដែលដឹកនាំអាល្លឺម៉ង់១៥ឆ្នាំមកនេះ មានសុខភាពល្អរឹងមាំ ទោះជាឆ្នាំមុនអ្នកស្រីមានបញ្ហាញ័រដៃក្ដី។ ក្នុងករណី អ្នកស្រី មឺហ្គែល មិនអាចធ្វើការបាន អធិការបតីរង Olaf Scholz ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នឹងដឹកនាំអាល្លឺម៉ង់ជំនួស។
មុនឃុំខ្លួនឯង អធិការបតីអាល្លឺម៉ង់រូបនេះ បានដាក់ចេញវិធានការតឹងរ៉ឹងជាងមុនលើការជួបជុំចាប់ពីពីរនាក់ឡើងទៅ ដោយបានពិភាក្សាជាមួយរដ្ឋាភិបាលតំបន់ទាំងអស់នៃរដ្ឋសហព័ន្ធទាំង១៦។ សាលារៀនទាំងអស់ ត្រូវបានបិទ ជាមួយនឹងហាងមិនចាំបាច់ ខណៈកន្លែងម៉ាស្សា និងកាត់សក់ ក៏ត្រូវបានបិទដំណើរការដែរ ប៉ុន្តែភោជនីយដ្ឋានដែលមានសេវាកម្មដឹកជញ្ជូន អាចបន្តរកស៊ីបាន។
តួលេខដែលផ្សាយដោយវិទ្យាស្ថាន Robert Koch ដែលជាស្ថាប័នគ្រប់គ្រងជំងឺឆ្លងអាល្លឺម៉ង់ ករណីឆ្លងនៅប្រទេសអឺរ៉ុបមួយនេះមានប្រមាណ១៨០០០នាក់ ប៉ុន្តែមានអ្នកស្លាប់៥៥នាក់។ បើប្រៀបធៀបនឹងប្រទេសមួយចំនួនដូចជាអ៊ីតាលី បារាំង និងអេស្ប៉ាញជាដើម អាល្លឺម៉ង់ហាក់ធូរស្រាលជាងបន្តិច៕
Tag:
អាល្លឺម៉ង់
COVID-19
អែនជែឡា មឺហ្គែល
© រក្សាសិទ្ធិដោយ thmeythmey.com