COVID-19
អន្តរជាតិ
ថៃរកឃើញករណីឆ្លងថ្មី១២២ទៀត, ករណីសរុបឡើងដល់៧២១ 23, Mar 2020 , 2:59 pm
រូបភាព៖ Reuters
× ថៃ នាថ្ងៃទី២៣ ខែមីនា បានរកឃើញអ្នកផ្ទុកជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ចំនួន ១២២ករណីបន្ថែមទៀត។ បើធៀបទៅនឹងថ្ងៃម្សិលមិញ តួលេខបានថមថយបន្តិច ដែលមានចំនួនរហូតទៅដល់ ១៨៨នាក់ឯណោះ ខណៈពេលរដ្ឋាភិបាលបានចាត់វិធានការរឹតបន្តឹងថែមទៀត ដើម្បីទប់ស្កាត់COVID-19។
បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល ថៃបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ១២២ករណីបន្ថែមទៀត។ ក្នុងចំណោម ១២២ករណីនេះ មាន២០ករណីទាក់ទងនឹងករណីចាស់ៗ ១០ករណីឆ្លងមកពីបរទេស និង ៩២ករណីទៀត កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ តួលេខCOVID-19 សរុបនៅថៃ បានកើនដល់ ៧២១ករណី អ្នកស្លាប់ ១ករណី និងអ្នកជាសះស្បើយ ៥២ករណី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
តាមរយៈចំណាត់ការរដ្ឋាភិបាលថៃ ដែលកំពុងតែមានអនុវត្តនៅក្នុងពេលនេះ ផ្សារទំនើប កន្លែងកម្សាន្ត ភោជនីយដ្ឋាន និងកន្លែងជួបជុំមួយចំនួន ត្រូវផ្អាកបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ករណីឆ្លង និងបង្ការការរីកសាយភាយCOVID-19 នៅក្នុងប្រទេស។ បទបញ្ជារបស់រដ្ឋាភិបាល ដែលបានចូលជាធរមាននាថ្ងៃទី២២ ខែមីនានេះ នឹងអស់សុពលភាពនៅថ្ងៃទី១២ ខែមីនា ខាងមុខ។
បន្ថែមពីលើនេះ បទបញ្ជាមួយនេះ គឺមានភ្ជាប់ជាមួយការពិន័យ។ បានសេចក្តីថា ប្រសិនបើបុគ្គលណាហ៊ានបំពានបទបញ្ជាមួយនេះ នឹងត្រូវជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់រហូតដល់ប្រមាណ ៣ពាន់ដុល្លារ។
សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២៣ ខែមីនា ក្នុងចំណោមបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ ថៃគឺឈរនៅលំដាប់ទី២ បន្ទាប់ពីម៉ាឡេស៊ី ដែលមានករណី COVID-19 ច្រើនជាងគេបំផុត ខណៈពេលឡាវ និងមីយ៉ាន់ម៉ា នៅតែមិនទាន់មានរបាយការណ៍ស្តីពីCOVID-19 នៅក្នុងប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com