COVID-19
អន្តរជាតិ
COVID-19៖ គណៈកម្មាធិការសភាហ្វីលីពីន អនុម័តច្បាប់ផ្តល់អំណាចបន្ថែមឲ្យលោក ឌូទើតេ 23, Mar 2020 , 9:59 pm
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ CNN Philippines
× គណៈកម្មធិការនៃសភាតំណាងរាស្ត្រហ្វីលីពីន នាថ្ងៃទី២៣ ខែមីនា បានអនុម័តសំណើច្បាប់មួយ ដែលផ្តល់អំណាចដល់ប្រធានាធិបតីហ្វីលីពីនបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅក្នុងប្រទេស។
តាមរយៈកិច្ចប្រជុំពិសេសមួយ ក្នុងអំឡុងពេលរីកសាយភាយនៃ COVID-19 នៅក្នុងប្រទេស គណៈកម្មាធិការតំណាងរាស្ត្រហ្វីលីពីន បានអនុម័តសំណើច្បាប់លេខ ៦៦១៦ ដែលអាចផ្តល់សិទ្ធិអំណាចឲ្យប្រធានាធិបតីហ្វីលីពីនបន្ថែមទៀត ក្នុងការប្រកាសអាសន្នថ្នាក់ជាតិ ជុំវិញករណីផ្ទុះកូរ៉ូណាវីរុស នៅក្នុងប្រទេស។
បើទោះបីជាមានការយល់ព្រមពីគណៈកម្មការតំណាងរាស្ត្រក៏ពិតមែន ប៉ុន្តែសំណើច្បាប់មួយនេះ នឹងយកទៅពិភាក្សានៅក្នុង កិច្ចប្រជុំសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាបន្តទៀត។ ទាល់តែសភាទាំងពីរនេះអនុម័តយល់ព្រម ទើបប្រធានាធិបតីហ្វីលីពីន មានសិទ្ធិអំណាចចាត់ចែងកិច្ចការផ្សេងៗជុំវិញ COVID-19 នេះ។ យ៉ាងណាក៏ដោយ ការផ្តល់អំណាចបន្ថែមនេះ គឺមានរយៈពេលកំណត់។ ពេលនេះ សំណើច្បាប់ត្រូវបានគេយកទៅពិភាក្សានៅក្នុងសភាតំណាងរាស្ត្រ។
សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២៣ ខែមីនា ហ្វីលីពីនមានករណីCOVID-19 សរុប ៣៩៦ករណី អ្នកស្លាប់ ៣៣ករណី និងអ្នកជាសះស្បើយ ១៥ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com