COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ កាណាដាមិនបញ្ជូនអត្តពលិកទៅចូលរួមឡើយ បើជប៉ុនបន្តធ្វើអូឡាំពិក 23, Mar 2020 , 5:18 pm
× គណៈកម្មាធិការអូឡាំពិក (COC) និងប៉ារ៉ាឡាំពិក (CPC) របស់កាណាដា នៅថ្ងៃទី ២២ ខែមីនាប្រកាសថា ក្រុមអត្តពលិករបស់កាណាដានឹងមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវក្តៅក្រុងតូក្យូឆ្នាំ ២០២០ ឡើយ ព្រោះបារម្ភពីការរាតត្បាតនៃជំងឺឆ្លង COVID-19។
ដោយមានក្តីបារម្ភខ្លាំងអំពីជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី ការប្រឆាំងនឹងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ដែលគ្រោងធ្វើឡើងនៅខែកក្កដាខាងមុខ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលពីរថ្ងៃមកនេះ។ អ្នកពាក់ព័ន្ធធំៗមួយចំនួនដូចជាស្ថាប័នគ្រប់គ្រងកីឡាជាតិរបស់អាមេរិក និងអត្តពលកម្មចក្រភពអង់គ្លេស រួមជាមួយកាណាដា និងគណៈកម្មាធិការជាតិអូឡាំពិកជាច្រើនទៀតបានអំពាវនាវឲ្យមានការពន្យារពេលប្រកួត។
«COC និង CPC អំពាវនាវជាបន្ទាន់ដល់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) និងអង្គការសុខភាពពិភពលោក (WHO) ឲ្យពន្យារពេលព្រឹត្តិការណ៍កីឡានេះរយៈពេលមួយឆ្នាំ ហើយយើងនឹងផ្តល់ការគាំទ្រពេញទំហឹងដល់ពួកគេក្នុងការជួយសម្រួលរាល់ភាពលំបាកក្នុងការផ្អាកនេះ»។ COC និង CPC និយាយដូច្នេះក្នុងសេចក្តីថ្លែងការណ៍មួយដោយបន្ថែមទៀតថា COC ទទួលស្គាល់ពីភាពស្មុគស្មាញជាច្រើនជុំវិញការពន្យាពេល ប៉ុន្តែគ្មានអ្វីសំខាន់ជាងសុខភាព និងសុវត្ថិភាពរបស់អត្តពលិក និងអ្នកចូលរួមដទៃទៀតនោះទេ។
ការព្រួយបារម្ភរបស់ភាគីកាណាដា កើតឡើងក្រោយប្រទេសនេះមានអ្នកស្លាប់ដោយសារ COVID-19 ចំនួន២០នាក់ហើយ គិតត្រឹមថ្ងៃទី២៣ ខែមីនានេះ ហើយអ្នកឆ្លងបានកើនដល់១៤៧០ករណី។ ដោយឡែកបើគិតទាំងជុំវិញពិភពលោកវិញ ជំងឺឆ្លងដ៏កាចសាហាវនេះ បានរាលដាលលើមនុស្សចំនួន៣៤១៥២៤នាក់ ស្លាប់ ១៤៧៤៧នាក់ និងសះស្បើយ ៩៩០៤០នាក់។
ស្របពេលគ្នានេះដែរ IOC ក៏បានអះអាងថាស្ថាប័នខ្លួននឹងបើកកិច្ចពិភាក្សាមួយដើម្បីសម្រេចថាតើត្រូវបន្តការប្រកួតតាមការគ្រោងទុក ឬពន្យារពេលរយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ។ យ៉ាងណា IOC លើកហេតុផលមួយថា ការលុបចោលព្រឹត្តិការណ៍នេះ ក៏មិនអាចដោះស្រាយបញ្ហា និងជួយនរណាម្នាក់បាននោះឡើយ៕
Tag:
COVID-19
អូឡាំពិក
COC
© រក្សាសិទ្ធិដោយ thmeythmey.com